សារព័ត៌មាន Business Times បានរាយការណ៍ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល កំពុងពិចារណាដាក់ចេញពន្ធចាកចេញពីប្រទេស ប្រមាណ៣០ដុល្លារអាម៉េរិក លើអ្នកធ្វើដំណើរទាំងជនជាតិថៃ និងជនបរទេស ដែលចាកចេញតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏កំពុងរៀបចំផែនការប្រមូលកម្រៃសេវាប្រមាណ ជាង១៣ដុល្លារពីភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរចូលមកប្រទេសថៃ ផងដែរ។ វិធានការនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការសម្រេចចិត្តដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលថៃ ក្នុងបរិបទដែលសេដ្ឋកិច្ចជាតិ កំពុងរងគំនាបដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចដើរក្នុងល្បឿនយឺត។
ប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពចាំបាច់ ត្រូវតែប្រមូលចំណូលបន្ថែមចូលថវិកាជាតិ បន្ទាប់ពីប្រឈមមុខនឹងឱនភាពថវិកាប្រមាណពី៣%ទៅ៤% នៃផលិតផលក្នុងស្រុកសរុបអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលបានធ្វើឱ្យគ្រឹះហិរញ្ញវត្ថុរបស់រដ្ឋចុះខ្សោយយ៉ាងខ្លាំង ខណៈដែលវិស័យទេសចរណ៍នៅតែជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងការបង្កើតការងារ និងទាក់ទាញរូបិយប័ណ្ណបរទេស។
ទោះជាយ៉ាងណា សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានចេញមុខព្រមានថា ការទារពន្ធលើការចាកចេញនេះអាចក្លាយជាអាវុធមុខពីរ ដោយសារវានឹងធ្វើឱ្យថ្លៃដើម នៃការធ្វើដំណើរហក់ឡើង ដែលអាចបណ្តាលឱ្យចំនួនអ្នកធ្វើដំណើរធ្លាក់ចុះភ្លាមៗ។ កត្តានេះអាចបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយជើងហោះហើរ ហើយចុងក្រោយវានឹងជះឥទ្ធិពលអវិជ្ជមានត្រឡប់មកវិញដល់ការហូរចូល នៃភ្ញៀវទេសចរបរទេស។
ផ្អែកតាមទិន្នន័យផ្លូវការ គិតត្រឹមដើមខែតុលា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណ២៤លាននាក់ ដែលចំនួននេះបានថយចុះប្រមាណ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនៅតែមានគម្លាតឆ្ងាយពីកម្រិតជិត៤០លាននាក់ ដែលថៃធ្លាប់ទទួលបានក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩៕
អត្ថបទៈ សួន ឡង់ទី