ប្រឈមមុខនឹងគ្រោះធម្មជាតិនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មបានអំពាវនាវ និងស្នើឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រអន្តរាគមន៍កែប្រែស្ថានការណ៍បន្ទាន់ ដើម្បីស្រោចស្រង់ និងស្តារជីវភាពកសិករឡើងវិញភ្លាមៗនៅពេលទឹកស្រក។ តើរដ្ឋ និងភាគីពាក់ព័ន្ធគួររៀបចំផែនការបែបណា ដើម្បីសម្រាលបន្ទុក និងស្រោចស្រង់ជីវភាពប្រជាកសិករឱ្យទាន់ពេលវេលា?
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណាំស្រូវ ដែលបានរងការខូចខាតរាប់សិបម៉ឺនហិកតាដោយសារគ្រោះទឹកជំនន់។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្រិតនៃគ្រោះទឹកជំនន់នាពេលនេះ គឺជាបញ្ហាដ៏ធំមួយដែលរាជរដ្ឋាភិបាលត្រូវបង្កើតយន្តការរំដោះទឹកឱ្យបានឆាប់រហ័ស បើទោះបីជាការដោះស្រាយបញ្ហានេះហាក់មានភាពស្មុគស្មាញក៏ដោយ ដើម្បីជួយស្រោចស្រង់ផលប៉ះពាល់របស់ប្រជាកសិករ ជាពិសេសតាមរយៈការបញ្ចៀសទឹកជំនន់ និងត្រៀមប្រមូលទឹកស្តុកទុកប្រើប្រាស់នៅពេលជួបគ្រោះរាំងស្ងួត។
ជាមួយគ្នានេះលោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្មបានគូសបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកការខូចខាត និងស្តារជីវភាពប្រជាកសិករឡើងវិញ ក្រោយទឹកជំនន់ រដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរដាក់ចេញវិធានការមួយចំនួន តាមរយៈការផ្តល់គ្រាប់ពូជ ឬជាធាតុចូលដល់កសិករក្នុងការចាប់ផ្ដើមធ្វើកសិកម្មឡើងវិញ បន្ទាប់ពីទឹកស្រកចុះ។
បើតាមអ្នកជំនាញរូបនេះ ក្នុងបរិបទដែលការប្រែប្រួលអាកាសធាតុកាន់តែមានភាពធ្ងន់ធ្ងរ ភាគីពាក់ព័ន្ធគួរបង្កើនការយកចិត្តទុកដាក់ និងជំរុញការវិនិយោគលើប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកឱ្យបានកាន់តែប្រសើរ ដើម្បីឱ្យប្រជាកសិករអាចត្រៀមខ្លួនបត់បែនបានទាន់ពេលវេលា ដើម្បីកាត់បន្ថយហានិភ័យ។
យ៉ាងណាមិញលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា នៅចំពោះមុខបញ្ហាប្រឈមនៃគ្រោះមហន្តរាយធម្មជាតិដ៏ខ្លាំងក្លានេះ ជាពិសេសគ្រោះទឹកជំនន់ដែលកំពុងវាយប្រហារស្រែចម្ការរបស់កសិករ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការបង្ការ អន្តរាគមន៍ និងស្តារជីវភាពកសិករឡើងវិញ។ សម្រាប់អ្នកជំនាញរូបនេះ តាមរយៈផលប៉ះពាល់នៃទឹកជំនន់ដែលកំពុងបំផ្លិចបំផ្លាញផលដំណាំរបស់ប្រជាកសិករនេះ ភាគីពាក់ព័ន្ធត្រូវតែប្រមូលនូវទិន្នន័យនៃការខូចខាតឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារការដាំដុះឡើងវិញក្រោយពេលទឹកស្រក ឱ្យបានចំគោលដៅ និងទាន់ពេលវេលា។
ឆ្លើយតបនឹងស្ថានភាពអាសន្ននៃគ្រោះទឹកជំនន់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំនាពេលថ្មីៗនេះដែរថា ដោយសារជំនន់ទឹកភ្លៀងបានធ្វើឱ្យអាងស្តុកទឹកជាច្រើនពេញហៀរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតែដកស្រង់បទពិសោធន៍ពីគ្រោះធម្មជាតិនេះ ដើម្បីពង្រឹងសមត្ថភាពទប់ទល់នាពេលអនាគត។ ក្នុងនោះរួមមានការសិក្សាបង្កើតទីទួលសុវត្ថិភាពបន្ថែម និងការរៀបចំបច្ចេកទេសទាញយកទឹកដែលកំពុងជន់លិចនេះ ស្តុកទុកសម្រាប់ប្រើប្រាស់បម្រើឱ្យការដាំដុះ នៅពេលជួបវិបត្តិរាំងស្ងួតនៅរដូវប្រាំងខាងមុខ៕