វិស័យកសិកម្ម

អ្នកប្រើប្រាស់កម្ចីកសិកម្មត្អូញត្អែរពិបាកទទួលបានឥណទាន​ដោយសារនីតិវិធីស្មុគស្មាញ


ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានអះអាងថា កសិករមួយចំនួនដែលកំពុងស្ថិតក្នុងបណ្តុំផលិតកម្មកំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការទទួលបានប្រាក់កម្ចី ឬឥណទានកសិកម្មពីគ្រឹះស្ថានធនាគារ ដោយសារមានលក្ខខណ្ឌ និងនីតិវិធីស្មុគស្មាញខ្លាំងពេក។ បញ្ហានេះកំពុងធ្វើឱ្យការបង្កើនផលិតភាព និងការអភិវឌ្ឍអាជីវកម្មកសិកម្មមានភាពយឺតយ៉ាវ​។
វិស័យកសិកម្ម
ដោយ

ទោះជាយ៉ាងណា អ្នកជំនាញផ្នែកកសិកម្ម និងធនាគារ បានលើកឡើងថា ការរឹតបន្តឹង និងភាពស្មុគស្មាញក្នុងការផ្តល់កម្ចីនេះ អាចបណ្តាលមកពីមានកសិករ និងអតិថិជនមួយចំនួនមានកម្រិតបំណុលច្រើន និងមានការសងត្រឡប់យឺតយ៉ាវ ដែលបង្ខំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។

លោក ជូ មករា ប្រធានសហភាពសហគមន៍កសិកម្មដំណាំកម្ពុជា បានអះអាងថា មកទល់ពេលនេះកសិករជាសមាជិករបស់សហភាពសហគមន៍នៅតែជួបប្រទះភាពស្មុគស្មាញក្នុងការស្នើសុំប្រាក់កម្ចីពីធនាគារ ដើម្បីយកមកប្រើប្រាស់ជាដើមទុនបង្វិលក្នុងវិស័យកសិកម្ម។ បើតាមអ្នកជំនាញរូបនេះ កសិករដែលមានប្រវត្តិជំពាក់បំណុល ឬខូចបញ្ជី CBC បានក្លាយជាឧបសគ្គចម្បង ដែលមិនអាចទទួលបានកម្ចីថ្មីបានឡើយ។

ជាមួយគ្នានេះសូម្បីតែកសិករដែលបានចងក្រងជាក្រុមផលិតស្ថិតក្រោមសហភាពសហគមន៍កសិកម្ម និងមានកិច្ចសន្យាទិញ-លក់ ព្រមទាំងទីផ្សារច្បាស់លាស់ហើយក្តី ក៏នៅតែពិបាកទទួលបានប្រាក់កម្ចីដូចគ្នាដែរ ដោយសារធនាគារតម្រូវឱ្យមានអចលនទ្រព្យ ឬប្លង់ដីតម្កល់ និងមានលក្ខខណ្ឌស្មុគស្មាញជាច្រើនទៀត ដែលកសិករមិនអាចបំពេញបាន។ ហេតុនេះ លោកស្នើដល់ធនាគាររដ្ឋ និងឯកជនគួរកាត់បន្ថយលក្ខខណ្ឌស្មុគស្មាញទាំងនោះ ជាពិសេសត្រូវអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមលើកកម្ពស់វិស័យកសិកម្មកម្ពុជា។

ជុំវិញបញ្ហានេះ លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយយល់ឃើញថា ភាពស្មុគស្មាញ និងការរឹតបន្តឹងក្នុងការទទួលបានកម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចបណ្តាលមកពីពកសិករ និងអតិថិជនទូទៅមានកម្រិតបំណុលច្រើន ព្រមទាំងមានការសងត្រឡប់យឺតយ៉ាវ។ កត្តានេះបានបង្ខំឱ្យគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបង្កើនការប្រុងប្រយ័ត្ន និងប្រកាន់យកជំហរហ្មត់ចត់បំផុតក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជន។

ឆ្លើយតបនឹងបញ្ហានេះ លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា គ្រឹះស្ថានធនាគារនានាតែងធ្វើការសិក្សាវាយតម្លៃពីស្ថានភាពហិរញ្ញវត្ថុដោយផ្អែកលើប្រវត្តិរូប ការពិនិត្យលើរបាយការណ៍ CBC និងចំណូលចំណាយ ព្រមទាំងទ្រព្យធានា និងលក្ខខណ្ឌនានាជាមុនសិន ទើបសម្រេចថា នឹងត្រូវផ្ដល់ឥណទាន ឬមិនផ្ដល់ដល់កសិករក្នុងវិស័កសិកម្ម។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើអតិថិជនអាចបំពេញបានតាមលក្ខខណ្ឌរបស់គ្រឹះស្ថានធនាគារនោះពួកគេនឹងមានលទ្ធភាពខ្ពស់ក្នុងការទទួលបានឥណទានសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ទោះជាយ៉ាងណាក៏ដោយ លោក ច័ន្ទ សុផល បានផ្តល់អនុសាសន៍បន្ថែមថា ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនេះបាន លុះត្រាតែកសិករអាចបង្កើនប្រាក់ចំណូលបានច្រើនដើម្បីមានលទ្ធភាពសងត្រឡប់ គួបផ្សំនឹងការបន្ធូរបន្ថយ ឬយោគយល់ពីសំណាក់ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងត្រូវការការចូលរួមពីមន្ត្រី ឬយន្តការអន្តរាគមន៍ពីរដ្ឋក្នុងការជួយសម្រុះសម្រួល និងជម្រះបញ្ជីបំណុលក្នុងកម្រិតណាមួយផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


ក្រសួងអប់រំ កំពុងពិចារណាប្រើវិធានការចាប់បង្ខំឱ្យសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ តែអ្នកជំនាញហាក់ជំទាស់

ក្រុមអ្នកជំនាញផ្នែកអប់រំ និងសង្គម បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ផ្ដោតលើការកែលម្អគុណភាព នៃការបង្រៀន និងបង្កើតយុទ្ធសាស្ត្រលើកទឹកចិត្ត…

អគ្គលេខាធិការអាស៊ាន ជំរុញឱ្យកម្ពុជា និងថៃ បង្កើនការចរចាផ្លូវការទូត ដើម្បីឆ្ពោះទៅរកសន្តិភាព

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា កម្ពុជា និងថៃ គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតលើផ្លូវការទូត ដើម្បីដោះស្រាយជម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ