វិស័យកសិកម្ម

ក្រុមអ្នកជំនាញជំរុញឱ្យរដ្ឋបង្កើនសមត្ថភាពផលិតជីកសិកម្មក្នុងស្រុក ដើម្បីទប់ទល់នឹងការហក់ឡើងខ្ពស់ នៃតម្លៃជីនៅលើទីផ្សារសកល


វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានបន្តអូសបន្លាយពេលប្រមាណ៣ខែកន្លងមកនេះ មិនត្រឹមតែជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យតម្លៃជីកសិកម្មនៅលើទីផ្សារពិភពលោកស្ទុះឡើងយ៉ាងគំហុកផងដែរ។ សម្រាប់កម្ពុជា ដែលជាប្រទេសផលិតកម្មកសិកម្មដ៏មានសក្តានុពលមួយ និងពឹងផ្អែកខ្លាំងលើការនាំចូលជីពីបរទេស កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនេះដែរ។
វិស័យកសិកម្ម
ដោយ

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម និងសេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាល ពន្លឿនការបង្កើនផលិតភាពផលិតជីកសិកម្មក្នុងស្រុកឱ្យបានទាន់ពេលវេលា ដើម្បីធានាស្ថិរភាព នៃខ្សែច្រវាក់ផលិតកម្ម និងការពារផលប្រយោជន៍របស់កសិករ។

លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់វិបត្តិជីកសិកម្ម ដែលកំពុងកើនឡើងតម្លៃខ្ពស់នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលគួរលើកទឹកចិត្តឱ្យមានការផលិតជីធម្មជាតិ និងជីកំប៉ុសនៅក្នុងប្រទេសឱ្យបានច្រើនថែមទៀត ដោយមិនយកថ្លៃបន្ថែមលើការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ជាមួយនឹងថាមពលអគ្គិសនីពីបណ្តាញជាតិ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល គួរពិនិត្យលទ្ធភាពក្នុងការសម្របសម្រួលឱ្យមានការនាំចូលជីគីមីក្នុងបរិមាណច្រើនរួមគ្នាជាជាងការនាំចូលក្នុងបរិមាណតិចតែច្រើនលើក ដែលនាំឱ្យអស់ថ្លៃដើមខ្ពស់។

ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិតកសិកម្មបានវាយតម្លៃថា បញ្ហាវិបតិ្តជីកសិកម្មនេះនឹងបន្តអូសបន្លាយពេលយូរថែមទៀត ប្រសិនបើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា មិនអាចរកច្រកចេញបាន ដែលបញ្ហានេះកំពុងគំរាមកំហែងដល់តម្លៃ និងការផ្គត់ផ្គង់ជីនាំចូលមកកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទោះបីជាបច្ចុប្បន្នកម្ពុជា មានលទ្ធភាពផលិតជីក្នុងស្រុកបានខ្លះក៏ដោយ ប៉ុន្តែស្ថិតក្នុងកម្រិតទាបនៅឡើយ ដែលទាមទារឱ្យមានការពង្រីកសមត្ថភាពផលិតបន្ថែម ដើម្បីកាត់បន្ថយការនាំចូល និងធានានិរន្តភាព នៃសន្តិសុខស្បៀង។

ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាតម្លៃជីកសិកម្មហក់ឡើងថ្លៃខ្ពស់នាពេលនេះបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ការធ្វើកសិកម្មនៅកម្ពុជា។ តួយ៉ាង តម្លៃជីគីមី ដែលប្រើប្រាស់លើដំណាំស្វាយចន្ទី ដែលធ្លាប់មានតម្លៃត្រឹមតែ៤៩០ដុល្លារក្នុង១តោនកាលពីឆ្នាំមុនបានហក់ឡើងដល់៧៤៥ដុល្លារក្នុង១តោន ដែលជំរុញឱ្យកសិករត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ជីគីមីមួយចំនួនជំនួសដោយជីសរីរាង្គធម្មជាតិក្នុងស្រុកវិញ។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ដើម្បីឱ្យដំណាំទទួលបានផលល្អ កសិករមិនអាចកាត់ផ្តាច់ការប្រើប្រាស់ជីគីមីទាំងស្រុងបានឡើយ ទោះមានតម្លៃថ្លៃក៏ដោយ ខណៈជីដែលផលិតក្នុងស្រុកភាគច្រើនជាជីសរីរាង្គប៉ុណ្ណោះ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយល់ឃើញថា ដើម្បីធានាថា កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្កត់ផ្គង់ជីកសិកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក រាជរដ្ឋាភិបាល ត្រូវជំរុញការទាក់ទាញការវិនិយោគលើរោងចក្រផលិតជីក្នុងស្រុកបន្ថែមទៀតឱ្យបានឆាប់បំផុត តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា។ ទន្ទឹមនេះ ការដាក់ចេញគោលនយោបាយចិញ្ចឹមសត្វក្នុងស្រុកបន្ថែម ក៏ជាកត្តាសំខាន់ដែរ ដើម្បីអាចទាញប្រយោជន៍ពីលាមកសត្វទាំងនោះយកទៅបង្កើតជាជីសម្រាប់ទ្រទ្រង់ការធ្វើកសិកម្មក្នុងស្រុក។

ឆ្លើយតបនឹងក្តីកង្វល់ទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ក្នុងការជំរុញឱ្យមានការបង្កើតរោងចក្រ និងការផលិតជីកសិកម្មក្នុងស្រុកឱ្យបានក្នុងកម្រិតមួយដែលអាចធានាភាពជាម្ចាស់ការខ្ពស់។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីខាងក្រៅ និងធានារក្សាស្ថិរភាពខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងស្រុកប្រកបដោយចីរភាព ទោះបីជាត្រូវប្រឈមមុខនឹងសម្ពាធវិបត្តិសកលណាមួយក៏ដោយ៕




អត្ថបទបន្ទាប់


កម្ពុជា នៅតែបន្តបកអាក្រាតពីសកម្មភាពរំលោភបំពានរបស់ថៃ នៅលើឆាកអន្តរជាតិ ទោះមានការគំរាមពីថៃ

​ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដេញដោលបើកចំហកម្រិតខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រមុខការទូតកម្ពុជា នៅតែបន្តលាតត្រដាងពីសកម្មភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ