ក្រុមអ្នកជំនាញមើលឃើញថា យុទ្ធសាស្ត្រការទូតពហុភាគីរបស់កម្ពុជា នាពេលនេះ គឺផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែវាជាវិធីសាស្ត្រដ៏ចាំបាច់មួយក្នុងការដាក់សម្ពាធផ្នែកច្បាប់ និងនយោបាយទៅលើភាគីថៃ។ តើការបន្តបកអាក្រាតការរំលោភបំពានរបស់ថៃ នៅឆាកអន្តរជាតិ ពីសំណាក់ប្រមុខការទូតកម្ពុជា ទាំងដែលមានការព្រមានពីថៃ វាផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណាដែរ?
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ គាំទ្រចំពោះការបន្តលាតត្រដាងពីទង្វើរំលោភបំពានរបស់យោធាថៃ មកលើកម្ពុជា នៅលើឆាកអន្តរជាតិ ពីសំណាក់ប្រមុខការទូតកម្ពុជា កាលពីពេលថ្មីៗនេះទាំងដែលមានការព្រមានពីភាគីថៃ។ សម្រាប់អ្នកជំនាញរូបនេះ ប្រសិនបើថៃ មិនចង់ឱ្យកម្ពុជា លើកយកបញ្ហាព្រំដែនទៅបង្ហាញនៅលើឆាកអន្តរជាតិ យោធាថៃ ត្រូវតែដកកងទ័ព និងប្រគល់តំបន់ដែលខ្លួនបានចូលកាន់កាប់ដោយខុសច្បាប់ត្រឡប់មកឱ្យកម្ពុជាវិញជាដាច់ខាត។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ស្របពេលដែលភាគីថៃ តែងតែអនុវត្តគោលនយោបាយ«បាតដៃខ្នងដៃ» និងបំពានលើសន្ធិសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ជាហូរហែ កម្ពុជា គ្មានជម្រើសអ្វីក្រៅពីបន្តបកអាក្រាតទង្វើទាំងនេះលើឆាកអន្តរជាតិ នោះទេ។
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការបន្តបកអាក្រាតពីសកម្មភាពរំលោភបំពានរបស់ថៃ នៅលើកឆាកអន្តរជាតិ ពីសំណាក់ប្រមុខការទូតកម្ពុជា គឺជាសកម្មភាពមួយបើកបង្ហាញពីទង្វើឈ្លានពានរបស់ថៃ ដែលព្យាយាមបិទបាំងមិនចង់ឱ្យសហគមន៍អន្តរជាតិ បានដឹងពីទង្វើទុច្ចរិតរបស់ខ្លួន។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ផលវិជ្ជមាននៃការលើកយកបញ្ហាជម្លោះព្រំដែនមកជជែកវែកញែកនៅលើឆាកអន្តរជាតិនេះ គឺកម្ពុជា អាចប្រើប្រាស់យន្តការការទូតពហុភាគី ដើម្បីដាក់សម្ពាធ និងបង្ខំឱ្យថៃ ងាកមកអង្គុយតុចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ផ្ទុយទៅវិញ ផលអវិជ្ជមាន គឺភាគីថៃ អាចនឹងបន្តធ្វើទុក្ខបុកម្នេញនៅតាមខ្សែបន្ទាត់ព្រំដែន តាមរយៈការចល័តទ័ព បង្កើនការធ្វើសមយុទ្ធយោធា និងការបង្កើតកំហឹងជាតិនិយមរបស់ប្រជាជនថៃ មកលើកម្ពុជា ជាដើម។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា កម្ពុជា ចាំបាច់ត្រូវតែបកអាក្រាតទង្វើឈ្លានពានរបស់ថៃ មកលើកម្ពុជា ដោយមិនរារែក ដើម្បីបង្ហាញឱ្យពិភពលោកឃើញកាន់តែច្បាស់ និងដាក់សម្ពោធឱ្យថៃប្រគល់ទឹកដីឱ្យកម្ពុជាវិញ ជាពិសេសត្រូវសងសំណងរាល់ការខូតខាតទាំងឡាយ ដែលថៃបានបំផ្លាញក្នុងសង្គ្រាមឈ្លានពានកាលពីកន្លងទៅ។ យ៉ាងណាមិញ អ្នកជំនាញរូបនេះជឿជាក់ថា ទោះបីការបន្តបកអាក្រាតថៃ នៅលើឆាកអន្តរជាតិ អាចធ្វើឱ្យថៃ ខឹងសម្បារ និងអាចបង្កហេតុកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែនក៏ដោយ តែវានឹងផ្តល់ផលវិជ្ជមានផ្នែកយុត្តិធម៌អន្តរជាតិ ដល់កម្ពុជា។
សូមជម្រាបថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលបើកចំហកម្រិតខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កម្ពុជា មិនទទួលការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយសារការប្រើប្រាស់កងកម្លាំងជាដាច់ខាត។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញក្តីបារម្ភថា ទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃ ត្រូវបានបន្តរក្សាក៏ដោយ តែកម្ពុជា នៅតែមានការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ ដែលកំពុងរងការរំលោភបំពានពីសំណាក់យោធាថៃ នៅក្នុងទឹកដីកម្ពុជា។ ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងការសន្ទនា ដោយភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកនៅតែជាកត្តាចាំបាច់ ដើម្បីស្តារទំនុកចិត្តឡើងវិញ ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលភៀសខ្លួនអាចត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងប្រកបដោយសេចក្ដីថ្លៃថ្នូរ។ ឯកឧត្តម បានបន្តថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។
ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងថា ថៃ មិនដែលមានបំណងឈ្លានពានទឹកដីរបស់ប្រទេសណាមួយឡើយ និងបានអំពាវនាវឱ្យភាគីទាំងពីរកម្ពុជា-ថៃ បន្តឆ្ពោះទៅរកសន្តិភាពយូរអង្វែងលើសពីកិច្ចខិតខំប្រឹងប្រែងអនុវត្តចំពោះបទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation៕
អត្ថបទ ៖ ជា ម៉ារ៉ា