យោងតាមទីភ្នាក់ងារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា នាយកដ្ឋានឧតុនិយមថៃបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែតុលា ដោយតំបន់ភាគខាងជើង និងភាគឦសាន នឹងទទួលរងរបាយទឹកភ្លៀងខ្ពស់ជាងគេ។ ដោយឡែកទីក្រុងបាងកក នឹងក្លាយជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ បន្ទាប់ពីលិចលង់ដោយសារជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីសប្តាហ៍មុន។ នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងបាងកក តំបន់ប្រជុំជនជុំវិញ និងតំបន់ភាគកណ្តាលនៅតែស្ថិតក្នុងស្ថានភាពប្រកាសអាសន្នខ្ពស់ពីគ្រោះទឹកជំនន់ ដែលហូរធ្លាក់មកពីភាគខាងជើង។ លោកបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើតទីបញ្ជាការពិសេសមួយភ្លាមៗ ដើម្បីតាមដាន និងគ្រប់គ្រងស្ថានការណ៍អាសន្ននេះ។
ទន្ទឹមនឹងនេះ អភិបាលរងធនាគារកណ្តាលថៃបានគូសបញ្ជាក់ថា ទឹកជំនន់នេះបានវាយប្រហារយ៉ាងខ្លាំងលើវិស័យសេវាកម្ម ពាណិជ្ជកម្មលក់រាយ-លក់ដុំ និងវិស័យសំណង់ ប៉ុន្តែមិនទាន់រង្គោះរង្គើធ្ងន់ធ្ងរដល់វិស័យផលិតកម្មនៅឡើយទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Toyota បានបង្ខំចិត្តផ្អាកដំណើរការរោងចក្រ៤កន្លែងជាបណ្តោះអាសន្ន ដោយសារទឹកជំនន់កាត់ផ្តាច់ និងរំខានដល់ខ្សែច្រវាក់ដឹកជញ្ជូនគ្រឿងបន្លាស់។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ថៃ Thai Airways ក៏បានផ្អាកប្រតិបត្តិការដឹកជញ្ជូនទំនិញចេញ-ចូលចាប់ពីថ្ងៃទី៣០រហូតដល់ថ្ងៃទី៦ ខែតុលា ដោយសារបុគ្គលិកភាគច្រើនមិនអាចធ្វើដំណើរមកធ្វើការបាន។ លោក ឆៃ អៀមស៊ិរិ (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានឱ្យដឹងថា បុគ្គលិកប្រមាណ៨០ទៅ៩០% បានជម្នះការលំបាកត្រឡប់មកបំពេញការងារវិញ ហើយក្រុមហ៊ុនកំពុងប្រឹងប្រែង ដើម្បីស្តារប្រតិបត្តិការហោះហើរឱ្យវិលត្រឡប់មកប្រក្រតីភាពវិញឱ្យបានលឿនបំផុត។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលថៃដោយផ្អែកលើទិន្នន័យពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នេះបានកើនឡើងដល់៤០នាក់ហើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស