ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈកម្មការវិនិច្ឆ័យ បេក្ខជន និងភ្ញៀវកិត្តិយសទាំងអស់ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគ្រិនខ្មែរ ក្នុងការបង្កើតវេទិកាដ៏មានថាមវន្តមួយ ដើម្បីឲ្យសហគ្រិនកម្ពុជាអាចបង្ហាញទេពកោសល្យ និងលើកកម្ពស់ម៉ាកយីហោម៉ូតក្នុងស្រុក។
“សហគ្រិនខ្មែរបាននិងកំពុងពង្រឹងប្រព័ន្ធអេកូឡូស៊ីផ្នែកច្នៃម៉ូដដោយផ្សារភ្ជាប់អ្នកច្នៃម៉ូដជំនាន់ថ្មី ជាមួយ នឹងចំណេះជំនាញ ភាពជាដៃគូជាមួយឧស្សាហកម្ម និងការចូលទៅកាន់ទីផ្សារ។ តាមរយៈការនាំយក វត្ថុធាតុដើមក្នុងស្រុក អត្តសញ្ញាណវប្បធម៌ និងបច្ចេកទេសផលិតកម្មទំនើប យើងមានគោលបំណង ផ្លាស់ប្តូរពីទេពកោសល្យច្នៃប្រឌិត ទៅជាតម្លៃពាណិជ្ជកម្ម ពង្រឹងវិស័យកាត់ដេរ និងវាយនភ័ណ្ឌ និងបង្កើត ម៉ាកយីហោជាតិ”- ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងនាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ។
សូមចូលរួមអបអរសាទរដល់ម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ៖
វិស័យកាត់ដេរ ផលិតផលវាយនភណ្ឌ (GFT) នៅតែជាសសរទ្រទ្រង់សេដ្ឋកិច្ចជាតិដ៏សំខាន់របស់កម្ពុជា ដោយរួមចំណែកប្រមាណ៥២% នៃទំហំនាំចេញសរុប និងបង្កើតចំណូលប្រចាំឆ្នាំជាង ១៣ពាន់លាន ដុល្លារ តាមរយៈរោងចក្រផលិតកម្មជាង ១,៦០០កន្លែង ដែលផ្តល់ការងារដល់កម្មករនិយោជិតជាង ៩០០,០០០នាក់។[1] ស្របតាមអាទិភាពសេដ្ឋកិច្ចជាតិ សហគ្រិនខ្មែរបានដឹកនាំរៀបចំកម្មវិធី ប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ ចំនួន៤រដូវកាល ក្រោមប្រធានបទ "សម្លៀកបំពាក់ការិយាល័យ ច្នៃពីក្រណាត់ខ្មែរ" ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់ លើកកម្ពស់សិប្បកម្ម និងបង្កើនភាពប្រកួតប្រជែង នៃម៉ាកយីហោក្នុងស្រុកឱ្យកាន់តែច្រើន។
សហគ្រិនខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូយុទ្ធសាស្ត្រ សមាជិកគណៈកម្មការវិនិច្ឆ័យ និងបេក្ខជនដែលមានទេពកោសល្យ សម្រាប់ការគាំទ្រយ៉ាងសកម្មក្នុង ការជ្រោមជ្រែងសហគ្រិនភាព និងការច្នៃប្រឌិត ដើម្បីលើកកម្ពស់សមត្ថភាពឧស្សាហកម្ម និងគំនិត ច្នៃប្រឌិតរបស់កម្ពុជា។
ពិធីប្រគល់ពានរង្វាន់កាត់ដេរ និងវាយនភណ្ឌនេះ គឺជាផ្នែកមួយនៃ «យុទ្ធនាការប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាព ឆ្នាំ២០២៦» ដែលជាស៊េរីនៃគំនិតផ្តួចផ្តើមជួរមុខដឹកនាំដោយសហគ្រិនខ្មែរ។ យុទ្ធនាការនេះបានប្រមូលផ្តុំកម្មវិធីជាច្រើនដែលប្រព្រឹត្តទៅទន្ទឹមគ្នា ចាប់ពីការប្រកួតប្រជែងគំនិត អាជីវកម្មថ្នាក់ជាតិនៅតាមសាកលវិទ្យាល័យ រហូតដល់ការប្រកួតប្រជែងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងវេទិកាសិក្ខាសាលា និងពិធីប្រគល់ពានរង្វាន់ ដែលសហគ្រិនអាចទទួលបាន ចំណេះដឹង បណ្តាញទំនាក់ទំនង និងឱកាសក្នុងការគាំទ្រដល់ការរីកចម្រើន និងចីរភាពរបស់ពួកគេ។
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Manulife ដែលបានចូលរួមជាអ្នកឧបត្ថម្ភ និងគាំទ្រដល់ «យុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៦» របស់សហគ្រិនខ្មែរ។