កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីស្ត្រីតម្បាញ និងដៃគូអនុវត្តកម្មវិធីមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីផ្លាស់ប្តូរចំណេះដឹង និងជំនាញអំពីការជ្រលក់ល័ក្តធម្មជាតិ ព្រមទាំងជំរុញផលិតកម្មវាយនភណ្ឌប្រកបដោយចីរភាព។ សិក្ខាសាលា និងពិធីសម្ពោធនេះ ជាផ្នែកមួយនៃការអបអរសាទរខួប១០ឆ្នាំនៃកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរយៈពេលមួយទសវត្សរ៍ក្នុងការពង្រឹងសមត្ថភាពស្ត្រី អភិរក្សបេតិកភណ្ឌវាយនភណ្ឌ និងលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ាន។
ពិធីបិទសិក្ខាសាលា និងសម្ពោធសាលពិព័រណ៍ល័ក្តធម្មជាតិ មានអ្នកចូលរួមចំនួន៨០រូប រួមមាន លោកជំទាវ ស្រី ស៊ីយុត ទីប្រឹក្សាទេសាភិបាលធនាគារជាតិនៃកម្ពុជា; លោកជំទាវ សូវុទ្ឍ សុបញ្ញារ័ត្ន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី; ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប; លោក ម៉េ សំបូ អនុប្រធាននាយកដ្ឋានវប្បធម៌ និងសិល្បៈប្រចាំខេត្តសៀមរាប; លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង; លោកស្រី ហ្គារីន ចាន់ នាយិកាគ្រប់គ្រងប្រតិបត្តិនៃធនាគារ មេយប៊ែង; លោកស្រី ណរ ហ្វាសលីន ប្រធានផ្នែកលើកកម្ពស់សហគមន៍នៃមូលនិធិធនាគារ មេយប៊ែង; អ្នកស្រី ង៉ន់ វណ្ណថា ស្ថាបនិកខល័រសៀល និងតំណាងធនាគារ មេយប៊ែង មូលនិធិធនាគារ មេយប៊ែង ដៃគូអនុវត្តកម្មវិធីថ្នាក់តំបន់ និងស្ត្រីតម្បាញមកពីប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ផងដែរ។ កម្មវិធីរួមមានការប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ការចែករំលែកបទពិសោធន៍ពីស្ត្រីតម្បាញកម្ពុជាចំនួន៣រូប និងការជួបជុំតំណាងស្ត្រីអ្នកតម្បាញទាំង១០ជំនាន់ ដែលបានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង នៅកម្ពុជា។
មួយទសវត្សរ៍នៃការលើកកម្ពស់ជីវភាពស្ត្រី និងការថែរក្សាប្រពៃណីតម្បាញរបស់កម្ពុជា
ចាប់តាំងពីកម្មវិធីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ប្រទេសកម្ពុជាបានក្លាយជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង តាមរយៈភាពជាដៃគូយូរអង្វែងជាមួយខល័រសៀល។ កម្មវិធីនេះបានរួមចំណែកអភិរក្សប្រពៃណីតម្បាញសូត្រខ្មែរ ព្រមទាំងបង្កើតឱកាសសេដ្ឋកិច្ច និងជីវភាពប្រកបដោយចីរភាពសម្រាប់ស្ត្រី និងសហគមន៍។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្មវិធីនេះនៅកម្ពុជា បានផ្តល់ការបណ្តុះបណ្តាលដល់ស្ត្រីអ្នកតម្បាញចំនួន៨៥២នាក់ គាំទ្រកសិករចំនួន១,៥៨៤នាក់ និងគាំទ្រការដាំដើមមនជាង២២០,៧០០ដើម ហើយក៏បានរួមចំណែកជួយបង្កើនប្រាក់ចំណូលប្រចាំខែរបស់អ្នកចូលរួមរហូតដល់ ៣៥០ដុល្លារអាមេរិក។
លោកស្រី អ៊ីសលីន រាមលី នាយកប្រតិបត្តិនៃមូលនិធិធនាគារ មេយប៊ែង និងជានាយកផ្នែកកិច្ចការសាធារណៈនៃសម្ព័ន្ធធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក កម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង បានបង្ហាញថា ការអភិរក្សបេតិកភណ្ឌវប្បធម៌អាចដើរទន្ទឹមគ្នានឹងការពង្រឹងសមត្ថភាពស្ត្រី និងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព។ បច្ចុប្បន្ន កម្មវិធីនេះបានផ្សាភ្ជាប់ស្ត្រី កសិករ និងសហគមន៍នៅក្នុងប្រទេសអាស៊ានចំនួនប្រាំ តាមរយៈការចែករំលែកចំណេះដឹង ជំនាញ និងឱកាសផ្សេងៗ។
«សិក្ខាសាលាថ្នាក់តំបន់លើកទី៣ និងការសម្ពោធសាលពិព័រណ៍ល័ក្តធម្មជាតិនៅកម្ពុជា ជាជំហានបន្តដ៏សំខាន់ក្នុងការជំរុញបេសកកម្មនេះ។ តាមរយៈកម្មវិធីពង្រឹងសមត្ថភាពយុវជនទូទាំងអាស៊ាន eMpowering Youths Across ASEAN (eYAA) និងខល័រសៀល សាលពិព័រណ៍នេះជួយពង្រឹងភាពធន់របស់សហគមន៍ និងអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ានសម្រាប់មនុស្សជំនាន់ក្រោយ»។
ការជំរុញកិច្ចសហការក្នុងតំបន់ តាមរយៈការជ្រលក់ល័ក្តធម្មជាតិ
សិក្ខាសាលាថ្នាក់តំបន់លើកទី៣នេះ បន្តអភិវឌ្ឍមូលដ្ឋាននៃចែករំលែកចំណេះដឹងក្នុងតំបន់ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងជំនាញជ្រលក់ល័ក្តធម្មជាតិ និងលើកកម្ពស់ផលិតកម្មវាយនភណ្ឌប្រកបដោយចីរភាពនៅទូទាំងអាស៊ាន។ ចាប់តាំងពីការចាប់ផ្តើម គំនិតផ្តួចផ្តើមនេះបានប្រមូលផ្តុំស្ត្រីតម្បាញ និងដៃគូអនុវត្តកម្មវិធីមកពីទូទាំងតំបន់ ដោយរួមគ្នាបង្កើតកម្រិតពណ៌ធម្មជាតិជាង២២៧ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តបច្ចេកទេសបែបប្រពៃណី។
រៀបចំដោយខល័រសៀល សិក្ខាសាលាឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន៥០នាក់ មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន ដើម្បីផ្លាស់ប្តូរចំណេះដឹង និងជំនាញអំពីការជ្រលក់ល័ក្តធម្មជាតិ។ សិក្ខាសាលានេះបានរួមចំណែកបង្កើតកម្រិតពណ៌ធម្មជាតិជាង១៨ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធនៅទូទាំងខ្សែសង្វាក់នៃការជ្រលក់ល័ក្តធម្មជាតិ។
ពីគំនិតផ្តួចផ្តើមរបស់យុវជនអាស៊ាន ក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់សហគមន៍កម្ពុជា
សាលពិព័រណ៍ល័ក្តធម្មជាតិនេះ ត្រូវបានអភិវឌ្ឍបន្តពីគម្រោងស្រាវជ្រាវ និងដាំរុក្ខជាតិសម្រាប់ជ្រលក់ពណ៌ធម្មជាតិ ដែលបានចាប់ផ្តើមក្នុងឆ្នាំ២០២៤ ក្រោមកម្មវិធីពង្រឹងសមត្ថភាពយុវជនទូទាំងអាស៊ាន eMpowering Youths Across ASEAN (eYAA) ជំនាន់ទី៤ ដែលបានរៀបចំរួមគ្នាដោយមូលនិធិធនាគារ មេយប៊ែង និងមូលនិធិអាស៊ាន។ គំនិតផ្តួចផ្តើមនេះបានប្រមូលផ្តុំយុវជនស្ម័គ្រចិត្តអាស៊ានចំនួន១០រូប និងសមាជិកសហគមន៍មូលដ្ឋាន ដោយបានផ្តល់ប្រយោជន៍ដល់សមាជិកសហគមន៍ចំនួន២១៥នាក់ គាំទ្រការដាំរុក្ខជាតិជាវត្ថុធាតុសំខាន់ក្នុងការផលិតពណ៌ចំនួន និងចែកជូនរុក្ខជាតិប្រភេទនេះដល់៤០គ្រួសារ និងបានរួមចំណែកដល់ការបង្កើតសាលពិព័រណ៍ល័ក្តធម្មជាតិផងដែរ។
បន្ទាប់ពីការសម្ពោធជាផ្លូវការក្នុងឆ្នាំ២០២៦ សាលពិព័រណ៍នេះនឹងបន្តដើរតួនាទីជាមជ្ឈមណ្ឌលសម្រាប់ការរៀនសូត្រ ការពិសោធន៍ និងចែករំលែកចំណេះដឹងអំពីការជ្រលក់ពណ៌ធម្មជាតិ។ សាលពិព័រណ៍នេះក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ និងអភិរក្សសិល្បៈតម្បាញនៅកម្ពុជា។
អ្នកស្រី ង៉ន់ វណ្ណថា ស្ថាបនិកខល័រសៀល បានមានប្រសាសន៍ថា៖ «សម្រាប់ស្ត្រីតម្បាញរបស់យើង ការតម្បាញសូត្របែបប្រពៃណីមានតម្លៃលើសពីការប្រកបមុខរបរ។ វាគឺជាប្រភពចំណូល អត្តសញ្ញាណវប្បធម៌ និងចំណេះដឹងដែលបានផ្សាភ្ជាប់សហគមន៍ពីមួយជំនាន់ទៅមួយជំនាន់។ តាមរយៈសាលពិព័រណ៍ល័ក្តធម្មជាតិ យើងមានទីកន្លែងមួយសម្រាប់ពង្រឹងជំនាញទាំងនេះ និងផ្ទេរចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយ។ សាលពិព័រណ៍នេះក៏ជាសក្ខីភាពនៃសមិទ្ធផលដែលអាចកើតឡើងតាមរយៈកិច្ចសហការ។ ការរួមចំណែករបស់យុវជនស្ម័គ្រចិត្តអាស៊ាន និងសហគមន៍មូលដ្ឋាន បានជួយបង្កើតធនធានដ៏មានតម្លៃមួយសម្រាប់គាំទ្រស្ត្រីតម្បាញ និងកសិករ ព្រមទាំងអភិរក្សបេតិកភណ្ឌវាយនភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា»។
លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសនៃធនាគារ មេយប៊ែង បានមានប្រសាសន៍ថា៖ «ប្រពៃណីតម្បាញសូត្ររបស់កម្ពុជា គឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណវប្បធម៌របស់យើង។ ការអភិរក្សនេះទាមទារឱ្យមានការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសមត្ថភាពស្ត្រី និងសហគមន៍។ តាមរយៈកិច្ចសហការជាមួយមូលនិធិធនាគារ មេយប៊ែង និងខល័រសៀល យើងបានឃើញថា ជំនាញតម្បាញបែបប្រពៃណីអាចបង្កើតមុខរបរប្រកបដោយចីរភាព ទន្ទឹមនឹងការអភិរក្សបេតិកភណ្ឌដ៏មានតម្លៃនេះ។ សាលពិព័រណ៍ល័ក្តធម្មជាតិ ជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលផ្តល់ទីកន្លែងសម្រាប់ការសិក្សា នវានុវត្តន៍ និងការចែករំលែកចំណេះដឹង ដើម្បីពង្រឹងសហគមន៍តម្បាញរបស់កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ»។
ការអបអរសាទរខួបមួយទសវត្សរ៍នៃការរីកចម្រើនរួមគ្នានៅទូទាំងអាស៊ាន
ចាប់តាំងពីការដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៦ មក កម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង បានរីកចម្រើនទៅជាប្រព័ន្ធ
អេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី និងហ្វីលីពីន។ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្មវិធីនេះនៅទូទាំងតំបន់បានបណ្តុះបណ្តាលស្ត្រីអ្នកតម្បាញចំនួន២.៦១៧នាក់ និងគាំទ្រកសិករចំនួន៣.០២៤នាក់ ដោយមានទុនវិនិយោគចំនួន៥,៦លានដុល្លារអាមេរិក។ ការវិនិយោគនេះគាំទ្រដល់ការតម្បាញបែបប្រពៃណី ការផលិតសរសៃសូត្រធម្មជាតិ ការជ្រលក់ល័ក្តធម្មជាតិ ការអភិវឌ្ឍជំនាញ ផលិតកម្មប្រកបដោយចីរភាព និងការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារ។
បន្ទាប់ពីការអបអរសាទរខួប១០ឆ្នាំរបស់កម្មវិធីនៅកោះបាលីក្នុងខែសីហា ឆ្នាំ២០២៦ សិក្ខាសាលាថ្នាក់តំបន់លើកទី៣នេះ បានបន្តការអបអរសាទរនៅកម្ពុជា ដោយនាំយកចំណេះដឹង និងកិច្ចសហការក្នុងតំបន់មកកាន់សហគមន៍តម្បាញដោយផ្ទាល់។កម្មវិធីស្ត្រី និងតម្បាញរបស់ធនាគារ មេយប៊ែង បន្តរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ ROAR30 របស់ធនាគារ មេយប៊ែង តាមរយៈការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាព និងការពង្រឹងភាពធន់របស់សហគមន៍ ព្រមទាំងការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ាន។