យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA លោក បឺណាត អាណូតប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមេសា ថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏គ្រោះថ្នាក់បំផុត។ កំពូលមហាសេដ្ឋីក្នុងវិស័យម៉ូដរូបនេះបានលើកឡើងថា ការងើបឡើងវិញ នៃតម្រូវការទំនិញ និងសេវាកម្មប្រណីតៗ ចាប់ពីសម្លៀកបំពាក់ កាបូប គ្រឿងអលង្ការ រហូតដល់សណ្ឋាគារលំដាប់ខ្ពស់ គឺពឹងផ្អែកទាំងស្រុងលើសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា។
លោក អាណូត បានបញ្ជាក់ថា ពិភពលោកឥឡូវនេះ កំពុងស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ប៉ុន្តែបញ្ហានេះមិនមែនជារឿងតំបន់ទៀតទេ វាគឺជាវិបត្តិសកល។លោកបន្ថែមថា សម្ទុះនៃការរីកចម្រើនរបស់ LVMH ក៏ដូចជាក្រុមហ៊ុនដទៃទៀត នឹងត្រូវគាំងដំណើរ ប្រសិនបើជម្លោះដ៏ក្ដៅគគុកដែលពាក់ព័ន្ធនឹងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ មិនមានដំណោះស្រាយទាន់ពេលវេលា ។
អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺមហាសេដ្ឋីបារាំងរូបនេះបានព្រមានពីសេណារីយ៉ូអាក្រក់បំផុត ដោយលោកយល់ថា ប្រសិនបើសង្គ្រាមរីករាលដាលកាន់តែខ្លាំងវានឹងប្រែក្លាយទៅជាគ្រោះមហន្តរាយសេដ្ឋកិច្ចសកល ដែលនឹងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ធ្លាក់ចុះដល់ចំណុចសូន្យ។ ការណ៍នេះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដែលមិនធ្លាប់មាន ហើយវានឹងក្លាយជាមេរៀនដ៏ជូរចត់ ប្រសិនបើសង្គ្រាមមិនត្រូវបានបញ្ឈប់តាមរយៈផ្លូវកាទូតនោះទេ៕
ដោយៈ សរ សុជាតិ