លោក រី វិទ្ធី ប្រធានក្រុមអ្នកចិញ្ចឹមកង្កែបនៅខេត្តព្រៃវែង បានលើកឡើងថា បច្ចុប្បន្នការប្រមូលផលកង្កែបរបស់លោក និងកសិករឯទៀតមិនសូវមានទីផ្សារល្អនោះទេ ដោយសារតែមានការប្រកួតប្រជែងពីកង្កែបនាំចូលពីប្រទេសវៀតណាម ដែលធ្វើឱ្យតម្លៃកង្កែបធ្លាក់ចុះមកនៅត្រឹមចន្លោះពី៤,៨០០ ទៅ៥,០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈកាលពីប៉ុន្មានខែមុនអាចលក់បានក្នុងតម្លៃចន្លោះពី ៦,០០០ទៅ៧,០០០រៀល។ បើតាមកសិកររូបនេះ តម្លៃបច្ចុប្បន្នមិនទាន់អាចផ្តល់ប្រាក់ចំណេញដល់អ្នកចិញ្ចឹមនោះទេ លុះត្រាតែលក់បានក្នុងតម្លៃយ៉ាងតិច៦,៥០០រៀលក្នុងមួយគីឡូក្រាម។ ទន្ទឹមនឹងនេះ លោក ក៏បានសំណូមពរដល់មន្ត្រីនៅតាមច្រកព្រំដែនឱ្យជួយរឹតបន្តឹងការនាំចូល ដែលអាចមានភាពមិនប្រក្រតី ឬការគេចពន្ធជាដើម។
មិនខុសគ្នានោះទេ លោក ទេស ចិន្ដា ប្រធានក្រុមអ្នកចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាប បានលើកឡើងថា បច្ចុប្បន្នតម្លៃកង្កែបនៅតំបន់របស់លោកបានធ្លាក់ចុះយ៉ាងកំហុគមកនៅត្រឹមរង្វង់៥,០០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីខែមុនអាចលក់បានក្នុងរង្វង់៧,០០០រៀលក្នុងមួយគីឡូក្រាមឯណោះ។ លោកបានបន្តថា ក្រោយពីមានគោលនយោបាយលើកទឹកចិត្ត និងជំរុញការបង្កើនទិន្នផលកង្កែបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួនកសិករចិញ្ចឹមកង្កែបនៅតំបន់របស់លោកបានកើនឡើងយ៉ាងច្រើន ប៉ុន្តែនៅពេលប្រមូលផលតែងតែជួបប្រទះបញ្ហាទីផ្សារធ្លាក់ចុះជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ គឺធ្លាក់ចុះខ្លាំងជាងគេ។
ជាមួយគ្នានេះ លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នការប្រមូលផលត្រីមិនទាន់មានច្រើននៅឡើយទេ ខណៈការប្រមូលផលកង្កែបវិញបានជួបប្រទះការធ្លាក់ថ្លៃក្រោមដើមទុនផលិត។ បើតាមប្រធានសមាគមរូបនេះ តម្រូវការទីផ្សារផ្គត់ផ្គង់កង្កែបក្នុងស្រុកមានប្រមាណ២០តោនក្នុងមួយថ្ងៃ ប៉ុន្តែកសិករអាចផលិតបានត្រឹមតែ១០តោនប៉ុណ្ណោះ ដែលជាហេតុជំរុញឱ្យឈ្មួញត្រូវនាំចូលពីក្រៅស្រុកបន្ថែម។ ទោះជាយ៉ាងណា លោក បានសំណូមពរដល់ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ចឱ្យជួយដាក់ចេញផែនការផលិតបន្ថែម ព្រមទាំងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែនជួយត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកទឹកចិត្តដល់កសិករបន្តការផលិត។
ជុំវិញបញ្ហាកង្កែបធ្លាក់ថ្លៃនេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មតែងតែគាំទ្រចំពោះការផលិតក្នុងស្រុក រួមទាំងការចិញ្ចឹមកង្កែបផងដែរ ខណៈបច្ចុប្បន្នមុខរបរនេះកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារអាចទទួលបានផលបានក្នុងរយៈពេលខ្លី។ ឯកឧត្តម បានបន្ថែមថា កត្តានៃការកើនឡើងនូវអ្នកចិញ្ចឹមនេះបានធ្វើឱ្យទិន្នផលកង្កែបលើសតម្រូវការទីផ្សារជាហេតុធ្វើឱ្យតម្លៃកង្កែបធ្លាក់ចុះ ដែលករណីនេះមិនមែនបណ្តាលមកពីការនាំចូលកង្កែបពីប្រទេសជិតខាងដូចជាវៀតណាម នោះឡើយ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តដល់ប្រជាកសិករនៅតាមជនបទឱ្យខិតខំអភិវឌ្ឍវិស័យវារីវប្បកម្មតាមរយៈការចិញ្ចឹមត្រី បង្កង ក្តាម កង្កែប និងសត្វទឹកសាបផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកឱ្យបានកាន់តែច្រើនក្នុងកំឡុងពេលដែលមានការផ្អាក ឬកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕
អត្ថបទ៖ ជា ម៉ារ៉ា