វិស័យ​សេដ្ឋកិច្ច

សេដ្ឋកិច្ចកម្ពុជា ​​សម្រេចបានកំណើន៣,៥% នៅឆមាសទី១​ ខណៈបញ្ហាសង្គ្រាម និងជម្លោះព្រំដែននៅតែជាឧបសគ្គសម្រាប់សេដ្ឋកិច្ចកម្ពុជា


សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការអូសបន្លាយនៃបញ្ហាព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកំពុងក្លាយជារនាំងបន្ថយល្បឿនកំណើនក្នុងវិស័យសំខាន់​ៗមួយចំនួន ជាពិសេស វិស័យទេសចរណ៍ ប្រាក់បង្វែរពីពលករនៅក្រៅប្រទេស ព្រមទាំងវិស័យ​សំណង់ និងអចលនទ្រព្យ។ ធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា​ បានថមថយល្បឿនមកត្រឹមប្រមាណ៣,៥% នៅឆមាសទី១ និងបានសង្កត់ធ្ងន់ថា នៅឆមាសទី២ អាចនឹងបន្តជួបប្រទះឧបសគ្គមួយចំនួនបន្ថែមទៀត។
វិស័យ​សេដ្ឋកិច្ច
ដោយ

ទោះជាយ៉ាងណាសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានភាពធន់ដោយសារមានការគាំទ្រពីកំណើននៃការនាំចេញ លំហូរទិនវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើង នៃផលិតកម្មក្នុងស្រុក។ ធនាគារជាតិ បានព្យាករថា នៅពេញមួយឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៣,៩% និង៥% នៅឆ្នាំ២០២៧។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការអូសបន្លាយនៃជម្លោះព្រំដែន និងឥទ្ធិពលនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញនឹងបន្តក្លាយជាឧបសគ្គនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា នៅឆមាសទី២ឆ្នាំនេះ។ ទោះជាយ៉ាងណាកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាបានភាពធន់របស់ខ្លួន ដែលគាំទ្រដោយការធ្វើពិពិធកម្មការនាំចេញ កំណើនផលិតកម្មក្នុងស្រុក ការអនុវត្ត ការកែទម្រង់ស៊ីជម្រៅ និងការដាក់ចេញនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ស្ថិរភាពអត្រាប្តូរប្រាក់ និងពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដើម្បីរក្សាការរួមចំណែកជួយគាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ភាពប្រែប្រួលនៃកត្តាខាងក្រៅពិតជាបានបង្កផលប៉ះពាល់ដល់ចលនាសេដ្ឋកិច្ចកម្ពុជាមែន ប៉ុន្តែសេដ្ឋកិច្ចក្នុងឆមាសទី១ នៅតែបង្ហាញពីភាពរឹងមាំ ដោយទំហំពាណិជ្ជកម្មសរុបសម្រេចបានជាង៣៦,៨ពាន់លានដុល្លារកើនឡើងប្រមាណជិត២១% និងអាចទាក់ទាញគម្រោងវិនិយោគសរុបបានរហូតដល់២៧៦គម្រោងជាមួយទុនវិនិយោគ៤,៧ពាន់លានដុល្លារ។ លោកបណ្ឌិត បានវាយតម្លៃថា តួលេខទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ និងទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។ ទោះជាយ៉ាងណា លោកយល់ថា ដើម្បីរក្សាភាពធន់នេះឱ្យបានយូរអង្វែង កម្ពុជា ត្រូវបន្តពង្រឹងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំរុញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ បង្កើនផលិតភាពការងារ និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាដើម។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៣,៥% នៅឆាមាសទី១ ខណៈបញ្ហាខាងក្រៅ និងខាងក្នុងនឹងបន្តក្លាយជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆមាសទី២ នៅឆ្នាំនេះ។ យ៉ាងណាមិញនៅពេញមួយឆ្នាំ២០២៦ ធនាគារជាតិព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,៩% និងបន្តកើនឡើងដល់៥% នៅឆ្នាំ២០២៧ ដែលគាំទ្រជាចម្បងដោយសារការកើនឡើងនៃការនាំចេញ ជាពិសេសផលិតផលមិនមែនកាត់ដេរ និងកំណើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេស៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើកម្ពុជា គួរត្រៀមខ្លួនបែបណា ដើម្បីរក្សាភាពប្រកួតប្រជែងក្រោយចាកចេញពីប្រទេសមានការអភិវឌ្ឍន៍តិចតួច?

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ទោះបីជាការទទួលបានអត្រាពន្ធ១០% ពីអាម៉េរិក គឺ…

កង្កែបក្នុងស្រុកធ្លាក់ថ្លៃកសិករដាក់បន្ទុកលើការនាំចូល តែក្រសួងដាក់បន្ទុកលើផ្គត់ផ្គង់លើសតម្រូវការ

តម្លៃកង្កែបក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយកសិករនៅខេត្តព្រៃវែង និងខេត្តសៀមរាបបានអះអាងថា ការប្រកួតប្រជែងជាមួយកង្កែបនាំចូល និងការធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ