យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English ថៃ កំពុងរៀបចំផែនការសាងសង់លេណដ្ឋាន និងជម្រកការពារខ្លួនរហូតដល់ទៅ១,៦៦៩កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា ក្រោមលេសការពារសន្តិសុខ។ តើក្បួនយុទ្ធសាស្ត្របង្កើតតំបន់យោធារបស់ក្រុងបាងកកនេះ កំពុងលាក់បាំងមហិច្ឆតានយោបាយអ្វីខ្លះ? តើកម្ពុជា គួរមានយន្តការអ្វីបន្ថែម ដើម្បីទប់ស្កាត់ថៃ កុំឱ្យធ្វើសកម្មភាពបន្តទៀត?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ផែនការសាងសង់លេណដ្ឋានរហូតដល់១,៦៦៩កន្លែង គឺជាចេតនាយ៉ាងច្បាស់ក្រឡែតរបស់ថៃ ក្នុងការដុតកម្ដៅនៅតាមព្រំដែន និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងទ្វេភាគី ដែលមានស្រាប់។ អ្នកជំនាញរូបនេះបានចាត់ទុកយុទ្ធសាស្ត្រនេះ គឺជាការប៉ុនប៉ងប្រែក្លាយខ្សែបន្ទាត់ព្រំដែនស៊ីវិលឱ្យក្លាយទៅជាតំបន់សឹកយោធា ហើយសកម្មភាពបំពានដដែលៗនេះ គឺជាការស្ទង់ជម្រៅចិត្ត ដើម្បីសាកល្បងភាពអត់ធ្មត់របស់កម្ពុជា ស្របពេលរដ្ឋាភិបាលថៃកំពុងប្រឈមមុខនឹងសម្ពាធនយោបាយផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្រោយសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា ប្រទេសថៃនៅតែបន្តប្រកាន់យកនយោបាយឈ្លានពានយ៉ាងគឃ្លើនមកលើអធិបតេយ្យភាពកម្ពុជារាប់ចាប់ពីការកាន់កាប់ទឹកដីខុសច្បាប់រហូតដល់ការធ្វើសមយុទ្ធយោធាគំរាមកំហែងនៅជិតព្រំដែន ប៉ុន្តែថៃបែរជាជំទាស់យ៉ាងដាច់អហង្ការរាល់ពេលកម្ពុជាធ្វើសកម្មភាពអភិវឌ្ឍន៍នៅលើទឹកដីខ្លួនឯង។
អ្នកជំនាញរូបនេះបានរំលឹកថា សូម្បីតែអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក ថម អេនឌ្រូ ក៏បានគូសបញ្ជាក់ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កដោយយោធាថៃផងដែរ។ ជាការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ ថៃកំពុងប្រើល្បិចទាញអារម្មណ៍មហាជនចេញពីវិបត្តិសេដ្ឋកិច្ចដ៏ដុនដាបក្នុងស្រុកមកផ្តោតលើរឿងព្រំដែន ដូច្នេះកម្ពុជាត្រូវតែបន្តតវ៉ាតាមផ្លូវការទូតយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្កើតភស្តុតាងច្បាប់ និងបង្ហាញជំហរដាច់ខាតថា កម្ពុជាមិនទទួលស្គាល់ការកែប្រែព្រំដែនតាមរយៈកម្លាំងយោធានោះឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាកត់សម្គាល់ឃើញថា ថៃ កំពុងប្រើយុទ្ធសាស្ត្រលេបទឹកដីកម្ពុជាបន្តិចម្តងៗគ្រប់រូបភាព បើទោះបីជាប្រវត្តិសាស្ត្រធ្លាប់បង្ហាញច្បាស់ថា ប្រាសាទបុរាណខ្មែរដែលថៃធ្លាប់ឈ្លានពានកាន់កាប់ត្រូវតែប្រគល់ជូនកម្ពុជាវិញតាមអំណាចសាលដីកាតុលាការអន្តរជាតិក្តី។ លោកមើលឃើញថា ថៃនឹងមិនងាយដកទ័ពចេញពីទឹកដីខ្មែរដោយងាយៗនោះទេ ដូច្នេះដំណោះស្រាយគន្លឹះ គឺកម្ពុជាត្រូវតែធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិរៀបចំសំណុំរឿងភស្តុតាងឱ្យបានរឹងមាំ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងពង្រឹងសម្ព័ន្ធមិត្តអន្តរជាតិ។
បើតាមការវាយតម្លៃរបស់អ្នកជំនាញ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កំពុងឈានចូលដល់ចំណុចក្ដៅ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។ ក្រុមអ្នកវិភាគ បានព្រមានថា ការសាងសង់លេណដ្ឋានយោធាយ៉ាងសន្ធឹកសន្ធាប់របស់ថៃ គឺជាសញ្ញាអាសន្នបំផ្លាញសន្តិភាព និងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិ ដែលតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាត្រូវបង្កើនល្បឿនការទូត ច្បាប់ និងកសាងការគាំទ្រពីសហគមន៍អន្តរជាតិជាបន្ទាន់ ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យបានគង់វង្ស៕
អត្ថបទ៖ ជា ម៉ារ៉ា