ទីក្រុងហុងកុង និងសិង្ហបុរីកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់ ដើម្បីទាក់ទាញអាជីវកម្មថ្មីៗ និងទាញយកផលប្រយោជន៍ពីតម្រូវការមាសសកល ដែលកំពុងស្ទុះឡើងយ៉ាងខ្លាំង។ មជ្ឈមណ្ឌលហិរញ្ញវត្ថុយក្សទាំងពីរនេះមានគោលដៅពង្រីកឥទ្ធិពលក្នុងទីផ្សារលោហៈធាតុមានតម្លៃ ដោយផ្តល់ជូននូវកិច្ចសន្យា និងសេវាកម្មហិរញ្ញវត្ថុថ្មីៗ រួមទាំងការទទួលរក្សាទុកទុនបម្រុងមាសរបស់ធនាគារកណ្តាល។ បច្ចុប្បន្នគម្រោង ដែលកំពុងប្រកួតប្រជែងនេះទទួលបានការចូលរួមយ៉ាងសកម្មពីធនាគារពាណិជ្ជក្នុងស្រុក និងអន្តរជាតិជាច្រើន។
គួរបញ្ជាក់ថា ទីក្រុងហុងកុង បានចាប់ផ្តើមដំណើរការសាកល្បងប្រព័ន្ធទូទាត់ និងសម្របសម្រួលការជួញដូរមាសតាំងពីខែកក្កដា មកម្ល៉េះ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់នូវស្តង់ដាកំណត់តម្លៃថ្មីមួយទៀតផង។ លោក គ្រីស្តូហ្វ័រ ហួយ (Christopher Hui) រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុ និងរតនាគារកោះហុងកុងបានគូសបញ្ជាក់ថា ហុងកុងកំពុងពង្រឹងជំហរធ្វើជាស្ពានចម្លង និងជាអ្នកបង្កើតតម្លៃបន្ថែមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មមាសសកល។ លោកបានបន្ថែមថា នៅចុងឆ្នាំនេះ ហុងកុងនឹងទម្លាយព័ត៌មានលម្អិតអំពីការជួញដូរមាសអនាគត ដោយប្រើប្រាស់រូបិយប័ណ្ណយន់ក្រៅប្រទេស ព្រមទាំងអនុញ្ញាតឱ្យធនាគារនានាទូទាត់ការជួញដូរមាសជាក់ស្តែងជាច្រើនរូបិយប័ណ្ណក្នុងពេលភ្លាមៗ។
ដោយឡែកលោក លីម ចេងខៃ (Lim Cheng Khai) នាយកប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុ នៃអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានអះអាងថា សិង្ហបុរីកំពុងដើរតួដ៏សំខាន់ក្នុងការតភ្ជាប់ប្រភពសាច់ប្រាក់ងាយស្រួលពីគ្រប់ទិសទីចូលទៅក្នុងប្រព័ន្ធទូទាត់ពាណិជ្ជកម្មមាសរបស់ខ្លួន។ លោក បានសង្កត់ធ្ងន់លើការភ្ជាប់ទំនាក់ទំនងរវាងការជួញដូរក្រៅផ្សារហ៊ុននៅទីក្រុងឡុងដ៍ ទីផ្សារជួញដូរមាសអនាគតនៅទីក្រុងញូវយ៉ក និងបណ្តាញអ្នកផលិតមាសនៅក្នុងតំបន់អាស៊ី។
គួរបញ្ជាក់ថា ទាំងហុងកុង និងសិង្ហបុរីសុទ្ធតែកំពុងជំរុញយុទ្ធសាស្ត្រទាក់ទាញធនាគារកណ្តាលរបស់ប្រទេសនានាឱ្យយកមាសមកផ្ញើ និងចូលរួមក្នុងគម្រោងរបស់ពួកគេរៀងៗខ្លួន ដើម្បីធានាថា តាមរយៈការផ្តល់ប្រាក់កម្ចីដល់ស្ថាប័នហិរញ្ញវត្ថុពាណិជ្ជកម្មដែលមានតម្រូវការ មាសជាទុនបម្រុងទាំងនោះនឹងបង្វិលទៅជាសាច់ប្រាក់ងាយស្រួលដ៏សំខាន់សម្រាប់ទីផ្សារ៕
ដោយៈ សរ សុជាតិ