ទង្វើនេះ ត្រូវបានមហាជនមើលឃើញថា ជាការប៉ុនប៉ងលួចបន្លំប្រវត្តិសាស្ត្រ និងបំពានច្បាប់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយក្នុងស្រុក។
តាមប្រភពព័ត៌មានដដែលបានទម្លាយឱ្យដឹងពីល្បិចកលនៃការរៀបចំនេះថា ក្រុមអ្នកទេសចរទាំងនោះ ត្រូវបានណែនាំឱ្យទៅចុះឈ្មោះនៅប៉ុស្តិ៍សន្តិសុខមួយកន្លែងក្នុងខេត្តសុរិន្ទ ប្រទេសថៃ មុននឹងត្រូវដឹកជញ្ជូនតាមរថយន្តបន្តទៅកាន់ទីតាំងប្រាសាទ ក្រោមការសហការរវាងអាជ្ញាធរខេត្តសុរិន្ទ កងទ័ពភូមិភាគ២ របស់ថៃ និងរដ្ឋបាលមូលដ្ឋាន។ សកម្មភាពឆាកល្ខោនលើទឹកដីអ្នកដទៃនេះ ត្រូវបានរៀបចំឡើងក្រោមប្រព័ន្ធចាត់តាំងត្រឹមត្រូវ។
ឆ្លើយតបនឹងការបំពានដ៏ក្រអឺតក្រទមនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា បានចេញមុខតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត និងប្រកាសបដិសេធទាំងស្រុងចំពោះរាល់ព្រឹត្តិការណ៍សាធារណៈនានា ដែលភាគីថៃ បានរៀបចំឡើង មិនថា ជាពិធីសាសនា សកម្មភាពទេសចរណ៍ ការបើកទ្វារប្រាសាទតាក្របី ឱ្យចូលទស្សនា ឬសូម្បីតែការលក់សំបុត្រប្រមូលលុយចូលហោប៉ៅនោះឡើយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានគូសបញ្ជាក់ និងដាស់តឿនស្មារតីភាគីថៃ ជាថ្មីម្តងទៀតថា ប្រាសាទតាក្របី និងប្រាសាទខ្នារ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា ដូចមានចែងយ៉ាងច្បាស់ក្រឡែត នៅក្នុងសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងមានលិខិតូបករណ៍ច្បាប់អន្តរជាតិ ទទួលស្គាល់ជាសកល។
កម្ពុជា បានចាត់ទុកការរៀបចំសកម្មភាព និងការប្រមូលលុយពីភ្ញៀវទេសចររបស់អាជ្ញាធរថៃ នៅលើប្រាសាទបុរាណទាំងនេះថា ជាការអនុវត្តអំណាចខុសច្បាប់ទាំងបំពានលើទឹកដីកម្ពុជា និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតមិនអាចអត់ឱនឱ្យបានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ វាគឺជាចេតនាដ៏ទុច្ចរិត ក្នុងការប៉ុនប៉ងបង្កើតការយល់ច្រឡំដល់ភ្នែកអន្តរជាតិថា ថៃ មានអំណាចគ្រប់គ្រងរដ្ឋបាលលើទីតាំងបេតិកភណ្ឌរបស់កម្ពុជា។
ទោះជាយ៉ាងណា ក្រសួងវប្បធម៌កម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីជាថៃ ខំប្រឹងរៀបចំល្បិចកលទេសចរណ៍ វប្បធម៌ ឬសាសនា ដើម្បីធ្វើសមាហរណកម្មយកទឹកដីកម្ពុជា ធ្វើជាជង្រុកលុយរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សកម្មភាពទាំងអស់នោះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែការពិត នៃអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា បានឡើយ ពោលគឺរបស់កម្ពុជា នៅតែជារបស់កម្ពុជា ដដែល។
ទន្ទឹមនឹងនេះ កម្ពុជា បានអំពាវនាវ និងព្រមានទៅកាន់ភាគីថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបំពានទាំងអស់ខាងលើ រាប់ទាំងប្រតិបត្តិការទេសចរណ៍ និងការលក់សំបុត្រ និងសកម្មភាពទាំងឡាយណាដែលបង្កការខូចខាត ឬផ្លាស់ប្តូរទម្រង់ដើមនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានដាស់តឿនឱ្យថៃ ត្រូវចេះគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ក្នុងនាមជាប្រទេសជិតខាង និងត្រូវចៀសវាងរាល់ទង្វើណា ដែលបង្កាត់ភ្លើងជម្លោះ ឬបង្កើនភាពតានតឹង ដែលអាចប៉ះពាល់ដល់ការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕
ដោយៈ សរ សុជាតិ