វិស័យសេដ្ឋកិច្ច

​តើអ្វីជាឧបសគ្គធំៗសម្រាប់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០?


ស្របពេលកម្ពុជា ត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួច (LDC) និងឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ អ្នកតាមដានការអភិវឌ្ឍសង្គមបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសម្ពាធសេដ្ឋកិច្ចគ្រួសារ ដែលកំពុងក្លាយជារបាំងរាំងស្ទះគោលដៅដ៏ធំមួយនេះ។
វិស័យសេដ្ឋកិច្ច
ដោយ

វិបត្តិបំណុលផ្ទាល់ខ្លួនកើនឡើង កម្រិតឥណទានមិនដំណើរការហក់ឡើងខ្ពស់ និងការប្រឈមមុខនឹងការបាត់បង់ការងារក្នុងវិស័យគន្លឹះកំពុងបង្កើតជាបន្ទុកយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាអ្នកស្រាវជ្រាវសេដ្ឋកិច្ចជឿជាក់ថា ដំណើរចាកចេញរបស់កម្ពុជានឹងនៅតែប្រព្រឹត្តទៅតាមផែនការ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនការវះកាត់កំណែទម្រង់ស៊ីជម្រៅលើរដ្ឋបាលសាធារណៈ លុបបំបាត់អំពើពុករលួយ និងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីធានាថា ការផ្លាស់ប្តូរឋានៈសេដ្ឋកិច្ចនេះមានភាពធន់។

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ដំណើរការចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានឹងមិនត្រូវបានរាំងស្ទះឡើយ ព្រោះវាជាការវាយតម្លៃរួមដោយអង្គការសហប្រជាជាតិ ហើយតាមការកំណត់កម្ពុជានឹងចាកចេញជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែរៀបចំខ្លួនប្រកបដោយបុរេកម្ម និងប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា កម្ពុជា ចាកចេញដោយមានភាពធន់ មិនមែនចាកចេញទាំងលិចលង់ក្នុងបំណុល។

អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលត្រូវតែហ៊ានវះកាត់ កំណែទម្រង់រដ្ឋបាលសាធារណៈ ដោយកាត់បន្ថយក្រសួងស្ថាប័ន ដែលបំពេញភារកិច្ចជាន់គ្នា បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងទប់ស្កាត់អំពើពុករលួយឱ្យប្រកបដោយផ្លែផ្កា។ វិធានការទាំងនេះនឹងជួយសន្សំថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីយកទៅវិនិយោគលើវិស័យអាទិភាព ពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ធ្វើពិពិធកម្មពាណិជ្ជកម្ម និងទាក់ទាញលំហូរវិនិយោគទុនបរទេសបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមបានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដោយចង្អុលបង្ហាញថា ស្របពេលដែលកម្ពុជានៅសល់ពេលត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះក្នុងការឈានទៅសម្រេចមហិច្ឆតាឆ្នាំ២០៣០ សញ្ញាមិនប្រក្រតីជាច្រើនបានស្តែងឡើងយ៉ាងច្បាស់។ ក្នុងនោះ បំណុលផ្ទាល់ខ្លួនរបស់ពលរដ្ឋបានកើនឡើងជាមធ្យមដល់ជាង៧០០ដុល្លារ ខណៈដែលអត្រាកម្ចីមិនដំណើរការដុលបានហក់ឡើងដល់៩%។

បន្ថែមលើនេះចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហាក់កំពុងធ្លាក់ចុះ ដោយសាររលកនៃវិបត្តិកាត់បន្ថយបុគ្គលិក និងការបាត់បង់ការងារក្នុងវិស័យចន្ទល់ធំៗដូចជាសំណង់ អចលនទ្រព្យ ទេសចរណ៍ និងរលករង្គោះរង្គើលើវិស័យសហគ្រាសធុនតូច និងមធ្យម (SME)។ ដោយឡែក វិស័យកសិកម្មនៅតែស្ថិតក្នុងភាពទ្រឹង ដោយសារតែវិបត្តិទីផ្សារ និងបន្ទុកបំណុលគ្រួសារកសិករ។ ស្ថានភាពនេះបានចោទជាសញ្ញាសួរថា តើកម្ពុជាអាចសម្រេចមហិច្ឆតាឆ្នាំ២០៣០ ដោយរបៀបណា?

គួរបញ្ជាក់ថា យោងតាមសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៦ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗនៅកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងដល់៣,០២០ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៦ បើធៀបនឹង២,៨៥៨ ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចប្រកបដោយសក្តានុពលនេះ នឹងត្រូវបន្តគាំទ្រដោយវិស័យចន្ទល់សំខាន់ៗរួមមានឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ដោយមានអនុវិស័យនេសាទ និងការចិញ្ចឹមសត្វជាជើងទម្រ ខណៈដែលអត្រាអតិផរណាប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់២,៨%៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការហក់ឡើងចំនួនភ្ញៀវទេសចរផ្ទៃក្នុងកំពុងជួយទប់លំនឹងវិស័យទេសចរណ៍ដែលរង្គោះរង្គើដោយសារធ្លាក់ចុះចំនួនភ្ញៀវទេសចរបរទេស

វិស័យទេសចរណ៍កម្ពុជា កំពុងរងការបោកបក់ពីបញ្ហាជាច្រើន ដោយចំនួនភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តនៅកម្ពុជា បានស្រុតចុះយ៉ាងខ្លាំង។ ជាក់ស្តែងនៅក្ន…

ហេតុអ្វី IMF ព្រមានថា ការកើនឡើងប្រាក់ចំណេញពីបណ្ណបំណុល គំរាមកំហែងដល់ការគ្រប់គ្រងបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍?

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការកើនឡើងអត្រាចំណេញពីបណ្ណបំណុលក្នុងប្រទេស​មាន​សេដ្ឋកិច្ចធំៗអាចបំផ្លាញវឌ្ឍនភាព ដែលបណ្ដាប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ