មជ្ឈមណ្ឌលទិន្នន័យ

ហេតុអ្វីហុងកុង ចាញ់​ប្រៀបសិង្ហបុរី និងម៉ាឡេស៊ី ក្នុងការប្រជែងក្លាយជាមជ្ឈមណ្ឌលទិន្នន័យ AI?


ហុងកុង ធ្លាប់ត្រូវបានចាត់ទុកជាទីតាំងដ៏សំខាន់មួយរបស់ពិភពលោកសម្រាប់ការវិនិយោគលើមជ្ឈមណ្ឌលរក្សាទុកទិន្នន័យ។ ប៉ុន្តែពេលនេះ ហុងកុង កំពុងចាញ់​ប្រៀបគូប្រជែងក្នុងតំបន់ដូចជា សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។ ខណៈតម្រូវការថាមពល Cloud Computing សម្រាប់ AI កើនឡើងយ៉ាងឆាប់រហ័ស ហុងកុង កំពុងប្រឈមឧបសគ្គជាច្រើនដូចជា កង្វះដីធ្លី ថ្លៃអគ្គិសនីខ្ពស់ និងការរឹតបន្តឹងរបស់អាម៉េរិក លើការនាំចូលបន្ទះឈីប AI ទំនើបៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ​។
ហុងកុងកំពុងចាញ់ប្រៀបក្នុងការប្រណាំងប្រជែងជាមជ្ឈមណ្ឌលទិន្នន័យ_AI
ដោយ

ឧស្សាហកម្មមជ្ឈមណ្ឌលទិន្នន័យនៅហុងកុង កំពុងជួបការលំបាកក្នុងការពង្រីកសមត្ថភាពរបស់ខ្លួន ដោយបច្ចុប្បន្នទីក្រុងនេះ មានមជ្ឈមណ្ឌលទិន្នន័យចំនួន៦១ ដែលស្ទើរតែមិនមានការកើនឡើងទាល់តែសោះចាប់តាំងពីឆ្នាំ២០២២ មក។ ទិន្នន័យរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានបង្ហាញថា ហុងកុង មានតំបន់ Cloud Computing ពាណិជ្ជកម្មចំនួន៩ ប៉ុន្តែមានតែ៤៤% ប៉ុណ្ណោះ ដែលមានសមត្ថភាពគាំទ្រការងារ AI កម្រិតខ្ពស់។

ផ្ទុយទៅវិញ សិង្ហបុរី មានរហូតដល់១៩តំបន់ ហើយក្នុងនោះ៧៤% មានសមត្ថភាព AI កម្រិតខ្ពស់។ មិនតែប៉ុណ្ណោះ សិង្ហបុរីមានសមត្ថភាពមជ្ឈមណ្ឌលរក្សាទុកទិន្នន័យដល់ទៅប្រមាណ១,៤ជីហ្គាវ៉ាត់ ដែលស្ទើរតែទ្វេដង បើធៀបទៅនឹងហុងកុង ដែលមានត្រឹមប្រមាណ៧៥០មេហ្គាវ៉ាត់ប៉ុណ្ណោះ។

អ្នកជំនាញបានលើកឡើងថា ការរឹតបន្តឹងរបស់អាម៉េរិកលើបន្ទះឈីប AI ទំនើបៗរួមជាមួយតម្លៃដីធ្លី និងអគ្គិសនីខ្ពស់ ព្រមទាំងភាពមិនច្បាស់លាស់ នៃបទប្បញ្ញត្តិបានធ្វើឱ្យហុងកុងបាត់បង់សមត្ថភាពប្រកួតប្រជែង។ អ្នកជំនាញណែនាំថា ហុងកុងគួរពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយចិនដីគោក និងផ្តោតលើការយក AI មកប្រើប្រាស់ជាក់ស្តែងក្នុងវិស័យហិរញ្ញវត្ថុ សុខាភិបាល ពាណិជ្ជកម្ម និងភ័ស្តុភារកម្មជាជាងប្រកួតប្រជែងក្នុងការបណ្តុះបណ្តាលគំរូ ឬម៉ូឌែល AI ខ្នាតធំដែលត្រូវការថាមពល និងការវិនិយោគយ៉ាងសម្បើម។

ទោះបីជាប្រឈមឧបសគ្គទាំងនេះក្ដី ក៏ក្រុមហ៊ុនមួយចំនួននៅតែមានគម្រោងបង្កើតមជ្ឈមណ្ឌលរក្សាទុកទិន្នន័យថ្មីៗនៅហុងកុង ដោយគ្រោងប្រើប្រាស់បន្ទះឈីបដែលផលិតនៅប្រទេសចិន។ ចំណែកឯរដ្ឋាភិបាលហុងកុង ក៏កំពុងសិក្សារកវិធីបង្កើនសមត្ថភាព Cloud Computing និងធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើងផងដែរ៕




អត្ថបទបន្ទាប់


តើប្រព័ន្ធស្វ័យប្រវត្តិកម្ម និង AI កំពុងធ្វើឱ្យទីផ្សារការងារនៅអឺរ៉ុប រង្គោះរង្គើកម្រិតណា?

រលកថ្មីនៃការកាត់បន្ថយបុគ្គលិកកំពុងវាយប្រហារទីផ្សារការងារនៅទ្វីបអឺរ៉ុបយ៉ាងដំណំ ខណៈដែលសម្ពាធពាណិជ្ជកម្ម និងការជ្រៀតចូល នៃប្រព័ន្ធស្វ័យប្រវត្ត…

ម៉ាឡេស៊ី ចេញមុខបដិសេធការជាប់ពាក់ព័ន្ធនឹងសំណុំរឿងរត់ពន្ធបន្ទះឈីប Nvidia ទៅចិន

អាជ្ញាធរម៉ាឡេស៊ី បានចេញមុខបដិសេធជុំវិញការផ្សារភ្ជាប់ខ្លួនទៅនឹងក្រុមហ៊ុន Megaspeed ដែលកំពុងរងការសង្ស័យថា បានលួចជួញដូរបន្ទះឈីបរបស់ក្រុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ