ការរំពឹងទុកនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍យក្ស IndiGo របស់ប្រទេសឥណ្ឌា បានប្រកាសជាផ្លូវការអំពីការបើកជើងហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ដោយប្រើប្រាស់យន្តហោះទំនើបប្រភេទ Airbus A320neo។
លោក ខេលី ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត បានឱ្យដឹងថា នៅក្នុងរយៈពេលចុងក្រោយនេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរផ្ទៃក្នុងច្រើនជាងភ្ញៀវបរទេស ខណៈការមកលេងកម្សាន្តភាគច្រើនស្ថិតក្នុងថ្ងៃចុងសប្ដាហ៍ និងឱកាសនៃព្រឹត្តិការណ៍នានា។ ជាមួយគ្នានេះ លោករំពឹងថា ការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា មកកាន់ខេត្តសៀមរាបឡើងវិញ នឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញអ្នកទេសចរ និងវិនិយោគិនឥណ្ឌា ឱ្យមកលេងកម្សាន្ត និងសិក្សាឱកាសវិនិយោគនៅក្នុងខេត្ត ដែលសម្បូរដោយវប្បធម៌មួយនេះកាន់តែច្រើន។ បើតាមលោក ខេលី ច័ន្ទតារា ប្រតិបត្តិករទេសចរនៅក្នុងខេត្តសៀមរាប បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលអ្នកទេសចរឥណ្ឌា ខណៈការរៀបចំម្ហូបអាហារ ក៏មិនមានអ្វីខ្វះខាតគួរឱ្យកត់សម្គាល់នោះដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo មានតួនាទីសំខាន់ក្នុងការជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះលើកឡើងថា នៅក្នុងស្ថានភាពនេះ អ្នកពាក់ព័ទ្ធទាំងអស់ត្រូវចូលរួមឱ្យបានខ្លាំងតាមរយៈការកៀរគរក្រុមហ៊ុននានាពីឥណ្ឌាឱ្យបានច្រើននោះទើបអាចធ្វើឱ្យសកម្មភាពហោះហើរបានយូរអង្វែង។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចាត់ទុកការតភ្ជាប់ជើងហោះហើរឡើងវិញរវាងទីក្រុង កុលកាតា ប្រទេសឥណ្ឌា មកខេត្តសៀមរាប គឺជាសញ្ញាវិជ្ជមានសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសបានបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ដែលចូលចិត្តទស្សនាក្នុងតំបន់អង្គរ ដែលមានវប្បធម៌សម្បូរបែប។ បន្ថែមពីនេះការតភ្ជាប់ជើងហោះនេះ ក៏នឹងក្លាយជាការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្មផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញជាមួយកម្ពុជា ដើម្បីជំរុញទេសចរណ៍ បេតិកភណ្ឌ និងរឹតចំណងមិត្តភាពទ្វេភាគី បន្ទាប់ពីក្រុមហ៊ុននេះបានផ្អាកសកម្មភាពហោះហើរក្នុងរដូវកាលបៃតងនាពេលកន្លងមក។ ការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដោយមានកាលវិភាគហោះហើររវាងទីក្រុង កុលកាតា មកខេត្តសៀមរាប ចំនួន៣ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320neo៕
អត្ថបទ៖ បូ ដូឡា