លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នាពេលកន្លងមក សមាគមស្វាយចន្ទីកម្ពុជា ទទួលបានការស្នើសុំជួយអន្តរាគមន៍ពីក្រុមហ៊ុនវិនិយោគក្នុងវិស័យកសិកម្មលើដំណាំស្វាយចន្ទីនៅក្នុងខេត្តក្រចេះ ដែលរងផលប៉ះពាល់ដោយសារសកម្មភាពចោរកម្មលួចទិន្នផលនៅក្នុងចម្ការ។ បើតាមអ្នកជំនាញរូបនេះ ករណីចោរកម្មលួចទិន្នផលកសិកម្មនេះ ក៏កើតមាននៅតំបន់មួយចំនួនតាមបណ្ដាខេត្តផ្សេងទៀតផងដែរ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យអាជ្ញាធរគួរមានចំណាត់ការឱ្យបានតឹងរ៉ឹង ដើម្បីការពារផលប្រយោជន៍របស់ម្ចាស់ចម្ការ និងក្រុមហ៊ុនវិនិយោគ បើពុំដូច្នោះទេ វានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគក្នុងការបោះទុនវិនិយោគក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យកសិកម្មផ្ទាល់ ក៏បានកត់សម្គាល់ឃើញនូវនិន្នាការដ៏គួរឱ្យបារម្ភនេះដែរ។ អ្នកជំនាញរូបនេះបានអះអាងថា កសិករ និងម្ចាស់ចម្ការមួយចំនួនកំពុងរងគ្រោះដោយសារចោរកម្មជាប្រចាំ ហើយអ្វីដែលគួរឱ្យបារម្ភជាងនេះ គឺសកម្មភាពលួចបានវិវត្តទៅជាការគំរាមកំហែងដល់សុវត្ថិភាពម្ចាស់ចម្ការ នៅពេលពួកគេព្យាយាមការពារទ្រព្យសម្បត្តិខ្លួនឯង។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រសិនបើសន្តិសុខមូលដ្ឋានមិនត្រូវបានពង្រឹងទេ វានឹងក្លាយជាថ្នាំពុលបំផ្លាញបរិយាកាសវិនិយោគក្នុងវិស័យកសិកម្មទាំងមូលរបស់កម្ពុជា។
ដើម្បីដោះស្រាយបញ្ហានេះឱ្យដល់ឫសគល់លោក អួន ស៊ីឡុត បានផ្តល់ជាយោបល់ថា អាជ្ញាធរមិនត្រូវបង្ក្រាបតែអ្នកលួចនោះទេ ប៉ុន្តែត្រូវតាមដានដល់ខ្សែច្រវាក់អ្នកទទួលផលចោរកម្ម ឬម៉ូយទិញទំនិញ ដែលគ្មានប្រភពច្បាស់លាស់។ ជាមួយគ្នានេះ លោក ក៏បានលើកសរសើរដល់ចំណាត់ការរបស់អាជ្ញាធរខេត្តកំពង់ធំ ដែលថ្មីៗនេះបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងរហូតកាត់បន្ថយបទល្មើសចោរកម្មក្នុងចម្ការបានមួយកម្រិតធំ ដែលនេះ គឺជាគំរូដែលបណ្ដាខេត្តផ្សេងទៀតគួរយកគំរូតាម។ សរុបមកការដោះស្រាយបញ្ហាចោរកម្មក្នុងចម្ការមិនមែនត្រឹមតែជាការការពារទិន្នផលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការការពារមុខមាត់សេដ្ឋកិច្ចជាតិ និងការរក្សាស្ថិរភាពសង្គម ក្នុងសហគមន៍កសិកម្មទាំងមូលផងដែរ៕
អត្ថបទ៖ បូ ដូឡា