បន្ទាប់ពីភាពតានតឹងនៅឈូងសមុទ្រពែក្សកើនឡើងកម្ដៅ ប្រទេសក្នុងតំបន់អាស៊ាន ដូចជាហ្វីលីពីនជាដើម បានបង្ហាញការព្រួយបារម្ភអំពីកង្វះប្រេងឥន្ធនៈ និងការឡើងថ្លៃថាមពល។ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) ថែមទាំងបានប្រកាសអាសន្នថាមពលទូទាំងប្រទេស និងបានដាក់ចេញវិធានការ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈបន្ថែម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Foreign Policy កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។
ក្រុមអ្នកជំនាញបានលើកឡើងថា ការព្រួយបារម្ភធំបំផុតមិនត្រឹមតែតម្លៃប្រេងប៉ុណ្ណោះទេ ប៉ុន្តែថា តើបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អាចរក្សាឯករាជ្យភាពបានដែរឬទេ ខណៈដែលកំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងរបស់ខ្លួនរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិន។ ប្រទេសជាច្រើននៅក្នុងតំបន់ពឹងផ្អែកលើសហរដ្ឋអាម៉េរិក សម្រាប់សន្តិសុខ ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ ដោយសារតែបញ្ហានេះ សង្គ្រាមអ៊ីរ៉ង់ កំពុងជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានាចៀសវាងការពឹងផ្អែកច្រើនពេកលើភាគីណាមួយ។
ច្រកសមុទ្រ Hormuz ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះប្រមាណ២០% នៃប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ។ ការរាំងស្ទះណាមួយនៅទីនោះអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ី យ៉ាងធ្ងន់ធ្ងរ។ ប្រទេសនានា ក៏មានការព្រួយបារម្ភផងដែរថា ផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់អាស៊ីដូចជាច្រកសមុទ្រម៉ាឡាកាជាដើមអាចប្រឈមមុខនឹងហានិភ័យស្រដៀងគ្នានាពេលអនាគត។
ប្រទេសហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ីសុទ្ធតែមានប្រតិកម្មខុសៗគ្នា។ ជាក់ស្ដែងហ្វីលីពីននៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិកផ្នែកយោធា ប៉ុន្តែប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរពីថ្លៃប្រេងឥន្ធនៈខ្ពស់ ខណៈដែលប្រទេសវៀតណាមកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចមួយចំនួនជាមួយប្រទេសចិន ខណៈដែលនៅតែព្យាយាមជៀសវាងការពឹងផ្អែកលើទីក្រុងប៉េកាំង ឬទីក្រុងវ៉ាស៊ីនតោនច្រើនពេក។ ចំណែកឯប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំរបស់អាស៊ានកំពុងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាម៉េរិក ប៉ុន្តែក៏រក្សាគោលនយោបាយការបរទេសដែលមានតុល្យភាពជាមួយចិនផងដែរ។
ក្រុមអ្នកវិភាគបានវាយតម្លៃថា សង្គ្រាមអ៊ីរ៉ង់ទំនងជាមិនរុញច្រានអាស៊ានឱ្យងាកទៅស្អិតល្មួតជាមួយប្រទេសចិនទាំងស្រុងនោះទេ។ ទោះជាយ៉ាងណា វាកំពុងលើកទឹកចិត្តប្រទេសនានាក្នុងតំបន់ឱ្យមានការប្រុងប្រយ័ត្នជាងមុន ងាកមកធ្វើពិពិធកម្មភាពជាដៃគូ និងកាត់បន្ថយការប្រឈមមុខនឹងជម្លោះសកល ដែលបង្កឡើងដោយបណ្ដាប្រទេសមហាអំណាច។ សរុបមក អាស៊ានកំពុងព្យាយាមការពារសេដ្ឋកិច្ចរបស់ខ្លួន និងរក្សាភាពបត់បែនជំនួសឱ្យការជ្រើសរើសនៅខាងភាគីណាមួយនៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំងក្លារវាងអាម៉េរិក និងចិន៕
ដោយ: តែម សុខុម