បញ្ហានេះបានបង្កើតជាសំណួរថា តើល្មមដល់ពេលហើយឬនៅ ដែលអ្នកមានធនធាន និងវិនិយោគិនខ្មែរត្រូវរួមគ្នាបង្វែរទុនមកវិនិយោគលើការចិញ្ចឹមសត្វ និងកែច្នៃចំណីអាហារក្នុងស្រុក ដើម្បីវាយបំបែកការពឹងផ្អែកលើថៃ?
អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ានឹងមិននាំចូលជង្គង់មាន់ ឬសាច់បង្កកខូចគុណភាពដែលជាកាកសំណល់បោះចោលពីបរទេសចូលមកជាន់ឈ្លីសុខភាពពលរដ្ឋខ្មែរជាដាច់ខាត។ ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុក អ្នកឧកញ៉ា ក៏បានពញ្ញាក់ស្មារតីដល់អ្នកមានធនធាននៅក្នុងស្រុកទាំងអស់ គួរតែមានមនសិការជាតិ ងាកមកបោះទុនបង្កើតរោងចក្រកែច្នៃចំណីអាហារដោយខ្លួនឯង ព្រោះការបង្កើតខ្សែច្រវាក់ផលិតកម្មក្នុងស្រុកមិនត្រឹមតែជួយបិទច្រកទំនិញបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាខ្នងបង្អែកដ៏រឹងមាំក្នុងការបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ជាតិផងដែរ។
ដោយឡែក លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមអ្នកសត្វកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចុប្បន្នការកែច្នៃសាច់សត្វ និងចំណីអាហារនៅកម្ពុជា នៅមានកម្រិត និងចន្លោះប្រហោងនៅឡើយ ដែលនេះជាឱកាសមាសសម្រាប់អ្នកមានធនធានក្នុងស្រុក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងកាលៈទេសៈដែលជាតិ រងការប្រមាថ វិនិយោគិនខ្មែរត្រូវតែបង្កើនការផលិត និងកែច្នៃផលិតផលសម្រេចដោយខ្លួនឯង ដើម្បីវាយលុក និងដណ្តើមយកទីផ្សារក្នុងស្រុកមកគ្រប់គ្រងវិញ ដែលកត្តានេះនឹងជួយបង្កើតតម្លៃបន្ថែមដល់កសិផលខ្មែរ និងធានាបាននូវសន្តិសុខស្បៀងយ៉ាងរឹងមាំ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានសម្ដែងការព្រួយបារម្ភចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចពីការហូរចូលសាច់បង្កកនិងទំនិញពីប្រទេសថៃ ខណៈកម្ពុជា កំពុងរងការប្រមាថយ៉ាងធ្ងន់ធ្ងរពីប្រទេសជិតខាងមួយនេះ។ អ្នកជំនាញរូបនេះចាត់ទុកការនាំចូលទំនិញពីថៃ មកកម្ពុជា គឺជាការបំផ្លាញជាតិសាសន៍ខ្លួនឯង។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងស្ថានភាពនេះ ក្រុមឈ្មួញដែលនាំទំនិញថៃ ចូលមកកម្ពុជា គួរតែបញ្ឈប់ការនាំចូល ហើយងាកមកវិនិយោគផលិត កែច្នៃក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទីផ្សារ និងពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យដល់ឬសគល់ចំពោះករណីនាំចូលសាច់បង្កកពីប្រទេសថៃ។ សម្រាប់សម្តេចតេជោ ការចាត់វិធានការលើករណីនាំចូលសាច់បង្កកពីថៃ មិនត្រឹមតែចាត់វិធានការតែលើឈ្មួញនាំចូលនោះទេ គឺត្រូវចាត់វិធានការចំពោះមន្ត្រី ដែលគប់គិតជាមួយឈ្មួញនាំចូលបន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា