លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានលើកឡើងថា ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃ មក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជួយសម្រួលបន្ទុកដល់អ្នកផលិតក្នុងស្រុក តាមរយៈការដាក់ចេញយុទ្ធសាស្ត្រគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងវិធានការលើកទឹកចិត្តផ្សេងៗ ដើម្បីជំរុញការផលិត និងការផ្គត់ផ្គង់ក្នុងស្រុក។ ទោះជាយ៉ាងណាលោកជំទាវសង្កេតឃើញថា ការនាំចូលទំនិញគេចពន្ធពីក្រៅប្រទេសនៅតែជាបញ្ហាប្រឈមសម្រាប់អ្នកផលិតក្នុងស្រុក ដោយធ្វើឱ្យពួកគេពិបាកប្រកួតប្រជែងក្នុងទីផ្សារ។ ក្នុងន័យនេះ លោកជំទាវ បានស្នើឱ្យមន្ត្រីគយតាមច្រកព្រំដែនបង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងការបង្ក្រាបការនាំចូលទំនិញគេចពន្ធ ដើម្បីការពារផលិតកម្មក្នុងស្រុក និងទប់ស្កាត់ការប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្ម។
ជាមួយគ្នានេះ លោកឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រី អ៊ីឆេ ង៉ូវហេង កំពត បានគូសបញ្ជាក់ថា ការរៀបចំផែនការរបស់រាជរដ្ឋាភិបាល គឺជាទិសដៅដ៏ត្រឹមត្រូវក្នុងការជួយសហគ្រាសក្នុងស្រុក ឱ្យមានលទ្ធភាពប្រកួតប្រជែង។ តែយ៉ាងណាអ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ការខ្វះតម្លាភាពក្នុងការប្រកួតប្រជែងនៅតែជាបញ្ហាប្រឈមសម្រាប់សហគ្រាសផលិតក្នុងស្រុក។ លោកឧកញ៉ា បានបន្ថែមថា ដោយសារថៃធ្លាប់ជាប្រភពផ្គត់ផ្គង់ទំនិញដ៏ធំមួយ ដូច្នេះការបញ្ចេញសក្ដានុពល និងពង្រឹងសមត្ថភាពផលិតផលខ្មែរ គឺជាកត្តាចាំបាច់បំផុត ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើត «កោសិកាធន់» សម្រាប់សេដ្ឋកិច្ចជាតិ ក្នុងការទប់ទល់នឹងសម្ពាធពីខាងក្រៅ។
ដោយឡែកលោកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានលើកឡើងដែរថា យុទ្ធសាស្ត្រជាតិ SME ឆ្នាំ២០២៦-២០៣០ គឺជាស្ពានចងភ្ជាប់រវាងការសម្រួលនីតិវិធីរដ្ឋបាល និងការបើកផ្លូវឱ្យសហគ្រាសទទួលបានទុនវិនិយោគ ការកាត់បន្ថយអត្រាការប្រាក់ឥណទាន ព្រមទាំងការផ្ទេរបច្ចេកវិទ្យាទំនើប។ អ្នកជំនាញរូបនេះជឿជាក់ថា ការជំរុញការធ្វើទំនើបកម្មតាមប្រព័ន្ធឌីជីថលនឹងជួយកាត់បន្ថយថ្លៃដើម និងបើកទ្វារទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលខ្មែរ។
ជុំវិញបញ្ហានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដោយចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម MSMEs គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។
យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិ ស្ថិតិ នៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជា MSMEs សរុបចំនួន៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ៣លាននាក់ក្នុងនោះស្រ្តីមានប្រមាណ១,៨លាននាក់។ លទ្ធផលជំរឿននេះបានបង្ហាញដែរថា MSMEs បានរួមចំណែកប្រមាណ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម៕
អត្ថបទ៖ ជា ម៉ារ៉ា