ទិន្នន័យបង្ហាញថា សេដ្ឋកិច្ចថៃ សម្រេចបានកំណើនត្រឹមតែ១,៩% ប៉ុណ្ណោះ នៅត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹង២,៨% នៅត្រីមាសទី១ ដែលបានបង្កការព្រួយបារម្ភកាន់តែខ្លាំងថា សេដ្ឋកិច្ចថៃ អាចនឹងបន្តដាំក្បាលចុះ។ លោក សានទីតាន សាធិរ៉ាថៃ (Santitarn Sathirathai) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា ពេលនេះប្រទេសថៃ កំពុងជួបព្យុះសេដ្ឋកិច្ចធំៗ៣ រួមមានព្យុះសេដ្ឋកិច្ចទី១ គឺតម្លៃថាមពលខ្ពស់ ដែលកំពុងរុញថ្លៃដឹកជញ្ជូន ការផលិត និងការចំណាយរបស់គ្រួសារពលរដ្ឋថៃ ឱ្យកើនឡើងកាន់តែខ្ពស់។ ការនាំចូលកើនឡើងក៏បានរួមចំណែកធ្វើឱ្យប្រទេសថៃ មានឱនភាពគណនីចរន្តជាង១៧ពាន់លានដុល្លារផងដែរ នៅត្រីមាសទី២។
ព្យុះសេដ្ឋកិច្ចទី២ គឺថ្លៃដើមផលិតកម្មកើនឡើង ដែលបានជំរុញអតិផរណាអ្នកប្រើប្រាស់ឡើងដល់ ២,៧% ខណៈតម្លៃផលិតកម្មហក់ឡើងដល់៨,៣% ហើយ SMEs កំពុងរងសម្ពាធខ្លាំង ព្រោះមានសាច់ប្រាក់ និងអំណាចចរចាតិចជាងក្រុមហ៊ុនធំៗ។ ប្រសិនបើស្ថានការណ៍កាន់តែធ្ងន់ធ្ងរ អាជីវកម្មមួយចំនួនអាចត្រូវបង្ខំចិត្តកាត់បន្ថយបុគ្គលិក កាត់បន្ថយការវិនិយោគ ឬឈានដល់ការបិទទ្វារក្ស័យធនតែម្ដង។
ព្យុះសេដ្ឋកិច្ចទី៣ គឺការចំណាយរបស់ប្រជាជនចុះខ្សោយ ដោយកំណើនការប្រើប្រាស់ក្នុងវិស័យឯកជនបានថយពីជាង៣% មកនៅត្រឹមជិត២% ខណៈសន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់មកនៅត្រឹម៥០% ដែលបានបង្ហាញថា ប្រជាជនថៃ ពេលនេះ កាន់តែប្រុងប្រយ័ត្ន និងក្បិតក្បៀតការចាយវាយ។
ដើម្បីទប់ទល់នឹងវិបត្តិទាំងនេះ រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល កំពុងផ្តោតលើយុទ្ធសាស្ត្រ៣ គឺជួយគ្រួសារពលរដ្ឋ និង SMEs ជាបន្ទាន់ កាត់បន្ថយការពឹងផ្អែកលើថាមពល និងទាក់ទាញការវិនិយោគសម្រាប់ឧស្សាហកម្មនាពេលអនាគត៕
ដោយ: តែម សុខុម