តើវិស័យ SME របស់កម្ពុជា ពិតជាប្រឈមនឹងការដួលរលំដូចការព្រួយបារម្ភមែនឬយ៉ាងណា?
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា ប្រសិនបើមានការគប់គិតគ្នារវាងមន្ត្រី និងឈ្មួញជាប្រព័ន្ធលើវិស័យផ្សេងៗ នោះនឹងបង្កផលប៉ះពាល់ដល់ម្ចាស់សហគ្រាសដែលមិនមានខ្សែបណ្ដាញ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងមិនស្មើភាពគ្នា ឬអាចធ្វើឱ្យវិស័យ SME ដួលរលំ។ សម្រាប់អ្នកជំនួញរូបនេះ នៅក្នុងបរិបទនេះអ្នកពាក់ព័ន្ធទាំងអស់គួរចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចស្អាតស្អំ ដើម្បីទាក់ទាញអ្នកវិនិយោគ ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ដើម្បីបង្កភាពងាយស្រួល និងការពារដល់វិនិយោគិន។ បើតាមអ្នកឧកញ៉ា លឹម ហេង ការចុះ MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីជួយដល់វិស័យឯកជនដែលជួបបញ្ហានាពេលថ្មីៗនេះ កំពុងមានប្រសិទ្ធភាពជាបណ្ដើរៗហើយ។
ដោយឡែក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានអះអាងថា សហគ្រាសធុនតូច និងមធ្យមមួយចំនួនពិតជាជួបបញ្ហាប្រឈមខ្លះមែន ដូចជាការបំពេញនីតិវិធី និងការប្រកួតប្រជែងក្នុងទីផ្សារជាដើម។ ទោះជាបែបនេះក្ដី អ្នកជំនាញរូបនេះ ជឿជាក់ថា វិស័យ SME មិនងាយដួលរលំនោះទេ ដោយសារមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា តែងលូកដៃជួយដោះស្រាយបញ្ហាប្រឈម ខណៈបញ្ហាដែលកើតមាននាពេលកន្លងមកត្រូវបានដោះស្រាយបានជាបន្តបន្ទាប់។
គួររំលឹកថា កាលពីពេលថ្មីៗនេះ សភាពាណិជ្ជកម្មកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ដៃគ្នាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់តម្លាភាព ភាពស្អាតស្អំ និងបរិយាកាសធុរកិច្ចល្អប្រសើរ។ កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងការពារក្រុមហ៊ុនឯកជនស្អាតស្អំ, លុបបំបាត់ការប្រកួតប្រជែងមិនស្មើភាព, បង្កើនទំនុកចិត្តជូនវិនិយោគិនជាតិ-អន្តរជាតិ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍ក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោក៕
អត្ថបទ៖ បូ ដូឡា