វិស័យ SME

អ្នកជំនាញរំពឹងអង្គភាពសម្របសម្រួលសហគ្រាស SME ជួយលុបបំបាត់ភាពស្មុគស្មាញ និងការចំណាយក្រៅផ្លូវការ


នៅទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដែលជាច្រកចេញចូលតែមួយក្នុងការផ្តល់សេវាសម្របសម្រួលគ្រប់ជ្រុងជ្រោយចាប់តាំងពីការស្នើសុំចុះបញ្ជី ការផ្តល់ ឬការបន្តអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ ដោយដើរតួជាតំណាងសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធតាំងពីដើមរហូតដល់ចប់។
វិស័យ SME
ដោយ

ក្រុមអ្នកជំនាញ និងវិស័យឯកជនបានចាត់ទុកការបង្កើតអង្គភាពនេះថា ជាយន្តការវះកាត់ដ៏សំខាន់ក្នុងការលុបបំបាត់រាល់ឧបសគ្គស្មុគស្មាញ និងកាត់បន្ថយការចំណាយក្រៅផ្លូវការនានា ដែលធ្លាប់តែជារបាំងរាំងស្ទះដល់ការរីកលូតលាស់របស់ SME ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនាពេលកន្លងមក។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយបានចាត់ទុកថាជាអង្គភាពពិសេសក្នុងការវះកាត់នូវរាល់បញ្ហាស្មុគស្មាញ ដែលរាំងស្ទះ និងបង្កការរំខានដល់ដំណើរការអាជីវកម្មសហគ្រាសធុនតូច និងមធ្យមនាពេលកន្លងមក ពិសេសបញ្ហាការិយាធិបតយ្យតែម្តង។ បើតាមអ្នកជំនាញរូបនេះ ដោយសារ SME មានវត្តមាននៅស្ទើរគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ច ដូច្នេះតាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅក្នុងការកែលម្អវិស័យ SME វាប្រៀបបាននឹងការកែលម្អវិស័យសេដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែរីកចម្រើន និងលើកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញការទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។

ជាមួយគ្នានេះឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសរំលេចថា អង្គភាពសម្របសម្រួលនេះនឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុកតាមរយៈការកាត់បន្ថយពេលវេលា រៀបចំនីតិវិធីឱ្យមានលក្ខណៈសាមញ្ញ និងលុបបំបាត់ការចំណាយមិនចាំបាច់ ឬការចំណាយក្រៅផ្លូវការ។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ភាពជោគជ័យជាក់ស្តែងនៃយន្តការនេះ គឺអាស្រ័យលើអំណាចនៃការសម្របសម្រួល កិច្ចសហការអន្តរក្រសួង ការអនុវត្តប្រព័ន្ធឌីជីថល និងលទ្ធផលជាក់ស្តែងដែលសហគ្រិនទទួលបាន ពោលគឺកាលណាការផ្តល់សេវាកម្មមានភាពឆាប់រហ័ស តម្លាភាព និងមានតម្លៃដើមទាប នោះសហគ្រិននឹងអាចយកពេលវេលា និងធនធានដែលសន្សំបានទៅពង្រីកខ្សែច្រវាក់ផលិតកម្ម និងវាយលុកទីផ្សារបានកាន់តែមានប្រសិទ្ធភាព។

គួរជម្រាបថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យមដែលស្ថិតក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ នឹងត្រូវដើរតួជាច្រកចេញចូលតែមួយក្នុងការផ្ដល់សេវាសម្របសម្រួលដល់ការស្នើចុះបញ្ជី ការផ្ដល់ ឬការបន្តអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗរបស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងតាមដានការអនុវត្តការលើកទឹកចិត្តដែលឆ្លងកាត់តាមអង្គភាពសម្របសម្រួលនេះ។ អង្គភាពនេះ ក៏នឹងដើរតួជាអ្នកសម្របសម្រួលជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់តាំងពីដើមដល់ចប់ ដែលវិធានការនេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ការបង្កើតអង្គភាពនេះ គឺជាវិធានការជាក់លាក់ថ្មីមួយក្នុងចំណោមវិធានការ និងការលើកទឹកចិត្តថ្មីៗមួយចំនួនដែលរាជរដ្ឋាភិបាលបាន និងកំពុងរៀបចំ ហើយត្រូវដាក់ចេញក្នុងពេលឆាប់ៗខាងមុខក្នុងគោលបំណងជំរុញបន្ថែមនូវការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕




អត្ថបទបន្ទាប់


មេធំកំពូលក្រុមហ៊ុនប្រេងពិភពលោក Saudi Aramco ព្រមានថា ស្តុកប្រេងពិភពលោកកំពុងធ្លាក់ចុះ​ដល់កម្រិត «គួរឱ្យព្រួយបារម្ភ»

លោក Amin Nasser អគ្គនាយកក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Aramco បានព្រមានថា ស្តុកប្រេងនៅទូទាំង​ពិភពលោក​បច្ចុប្បន្នបានធ្លាក់ចុះដល់កម្រិ…

ហេតុអ្វីបណ្ដាក្រុមហ៊ុនជប៉ុន សម្រុកដកខ្លួនចេញពីប្រទេសចិន ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន?

បណ្ដាក្រុមហ៊ុនជប៉ុន កំពុងសម្រុកចាកចេញពីប្រទេសចិនក្នុងល្បឿនលឿនបំផុតមិនធ្លាប់មាន ដោយទិន្នន័យ​បានបង្ហាញ​ថា ចំនួនក្រុមហ៊ុនជប៉ុន ដែលកំពុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ