យោងតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន CNBC លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អ្នកយកព័ត៌មានអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលជាជម្លោះដ៏សាហាវបំផុតនៅអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទី២ថា គិតថា សង្គ្រាមនៅអ៊ុយក្រែនជិតឈានដល់ទីបញ្ចប់ហើយ។ ជាមួយគ្នានេះបុរសខ្លាំងរបស់រុស្ស៊ីរូបនេះ ក៏បានបង្ហាញពីឆន្ទៈក្នុងការចរចា ដើម្បីរៀបចំរចនាសម្ព័ន្ធសន្តិសុខថ្មីសម្រាប់ទ្វីបអឺរ៉ុប ប៉ុន្តែលោកបានដាក់លក្ខខណ្ឌលើតួអង្គចរចា។
បុគ្គលដែលលោក ពូទីន ចង់ពិភាក្សាជាមួយបំផុត គឺលោក ជឺហាត ស្រូឌឺ (Gerhard Schröder) អតីតអធិការបតីអាល្លឺម៉ង់ ដែល លោក ចាត់ទុកជាបុគ្គលដែលស័ក្តិសមបំផុតសម្រាប់ការងារនេះ។ ការលើកឡើងនេះ កើតឡើងស្របពេលដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក អានតូនីញ៉ូ ខូស្តា (António Costa) ក៏បានបង្ហាញពីលទ្ធភាពដែលសហភាពអឺរ៉ុបអាចនឹងបើកការពិភាក្សាជាមួយរុស្ស៊ីអំពីអនាគតសន្តិសុខក្នុងតំបន់ផងដែរ។
គួររំលឹកថា កងទ័ពរុស្ស៊ីបានបើកការវាយលុកទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេលជាង៤ឆ្នាំមកហើយ ដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ភាគីទាំងសងខាងទាំងផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ សង្គ្រាមដ៏អូសបន្លាយនេះមានរយៈពេលយូរជាងការប្រយុទ្ធរបស់កងទ័ពសូវៀតក្នុងសម័យសង្គ្រាមលោកលើកទី២ចន្លោះឆ្នាំ១៩៤១-១៩៤៥ ទៅទៀត ដែលនេះជាសម្ពាធដ៏ធំមួយបង្ខំឱ្យមានការស្វែងរកច្រកចេញតាមផ្លូវការទូត។ ទោះជាយ៉ាងណា អ្នកវិភាគអន្តរជាតិនៅតែមានមន្ទិលសង្ស័យថា តើការថ្លែងរបស់លោក ពូទីន ជាការចង់បញ្ចប់សង្គ្រាមដោយសន្តិវិធីពិតប្រាកដ ឬគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ ដើម្បីបំបែកបំបាក់សាមគ្គីភាពរបស់អឺរ៉ុប៕
អត្ថបទៈ សួន ឡង់ទី