វិស័យទេសចរណ៍

ជប៉ុន ដាក់​គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៦០លាននាក់ បើទោះបីរងសម្ពាធពីចិន


ប្រទេសជប៉ុន កំពុងដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបាន៦០លាននាក់ក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែផែនការនេះកំពុងជួបឧបសគ្គធំ ខណៈចំនួនភ្ញៀវទេសចរចិន ធ្លាក់​ចុះរហូតដល់ទៅជាង ៦០% ដោយសារភាពតានតឹងផ្នែកនយោបាយរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី១២ ខែកក្កដា។
វិស័យទេសចរណ៍
ដោយ

រដ្ឋាភិបាលជប៉ុន បានកំណត់វិស័យទេសចរណ៍ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មី ខណៈឧស្សាហកម្មជាប្រពៃណីដូចជារថយន្ត អេឡិចត្រូនិក និងផលិតកម្មកំពុងប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីប្រទេសចិន។ កាលពីអំឡុងឆ្នាំ២០២៥ ជប៉ុនទទួលបានភ្ញៀវទេសចរបរទេសជិត៤៣ លាននាក់ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដោយរកចំណូលបានជាង៦០ពាន់លានដុល្លារអាម៉េរិក។ ដើម្បីសម្រេចគោលដៅថ្មីនេះ រដ្ឋាភិបាលជប៉ុន កំពុងវិនិយោគយ៉ាងច្រើនលើការពង្រីកអាកាសយានដ្ឋាន ធ្វើផ្លូវដែកថ្មី និងសាងសង់សណ្ឋាគារបន្ថែម ដើម្បីទទួលភ្ញៀវឱ្យបាន៦០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០។ ទោះជាយ៉ាងណា បញ្ហាធំបំផុតមួយកំពុងកើតឡើងក្លាយជាឧបសគ្គរាំងស្ទះ នោះគឺការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរមកពីប្រទេសចិន។
តាមទិន្នន័យខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា ចំនួនភ្ញៀវទេសចរចិន ដែលទៅលេងប្រទេសជប៉ុន បានធ្លាក់ចុះរហូតដល់ទៅ៦០% មកនៅត្រឹមប្រមាណ៣១០,០០០នាក់ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះ
៦ខែជាប់ៗគ្នា។
អ្នកជំនាញសេដ្ឋកិច្ចលោក ម៉ាទីន ស្កាល់ (Martin Schulz) មកពីស្ថាប័នស្រាវជ្រាវទីផ្សារសកល Fujitsu Global Market Intelligence Unit បានលើកឡើងថា ចិនកំពុងប្រើវិស័យទេសចរណ៍ជាឧបករណ៍ដាក់សម្ពាធនយោបាយលើប្រទេសជប៉ុន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង ជាពិសេសក្រោយការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី សាណអិ តាកាអ៊ិឈិ (Sanae Takaichi) ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥។
ទោះជាយ៉ាងណាប្រទេសជប៉ុន នៅតែទទួលបានកំណើនភ្ញៀវពីប្រទេសផ្សេងៗ ដោយភ្ញៀវមកពីកូរ៉េខាងត្បូង កើនឡើងជាង១៤% និងភ្ញៀវមកពីកោះតៃវ៉ាន់ កើនឡើងជាង១៤%។ រដ្ឋាភិបាលជប៉ុន អះអាងថា ទោះបីជាបាត់បង់ភ្ញៀវពីប្រទេសចិន ក៏ដោយ ក៏ខ្លួននៅតែមានទំនុកចិត្តថា អាចសម្រេចគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៦០លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣០៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​សម្ព័ន្ធក្រុមហ៊ុនមហាសេដ្ឋីថៃ ស្នើសុំលុបកិច្ចសន្យាសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះទាំង៣

គម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់អាកាសយានដ្ឋានទាំងបីនៅក្នុងប្រទេសថៃ ត្រូវបានក្រុមហ៊ុនវិនិយោគទុនស្នើសុំលុបចោលកិច្ចសន្យា ដោយសារតែហេតុផលសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ