ស្ថានមីក្រូហិរញ្ញវត្ថុ

តើកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិតជាធ្វើឱ្យពលរដ្ឋផុងខ្លួនជាមួយបំណុលឬយ៉ាងណា?


អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា សមាគម និងគ្រឹះស្ថានជាសមាជិកតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់អ្នកខ្ចីប្រាក់ បញ្ហាប្រឈមនៃបំណុល និងបើកចំហរទទួលយកកិច្ចសន្ទនាប្រកបដោយការស្ថាបនា។ ការចេញមកបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតក្តៅគគុកមួយដោយលើកឡើងថា មានពលរដ្ឋកម្ពុជាជិត១៧ម៉ឺនគ្រួសារបានបង្ខំចិត្តលក់ដីធ្លី ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ ហើយថែមទាំងមានករណីកូនបំណុលមួយចំនួនឈានដល់ការបញ្ចប់ជីវិតខ្លួនឯងដោយសារវិបត្តិបំណុលវ័ណ្ឌកទៀតផង។
ស្ថានមីក្រូហិរញ្ញវត្ថុ
ដោយ

តើភាគីពាក់ព័ន្ធមានចំណាត់ការ និងទស្សនទានយ៉ាងណាជុំវិញវិបត្តិនេះ?
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានអះអាងថា សមាគមបានទស្សនា និងវាយតម្លៃរួចហើយអំពីការផ្សព្វផ្សាយវីដេអូឯកសារក្រោមចំណងជើងថាសាជីវកម្មបំណុល៖ ការវិនិយោគអន្តរជាតិនៅក្នុងវិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា សមាគម និងគ្រឹះស្ថានជាសមាជិកតែងតែតម្កល់សុខុមាលភាពរបស់អតិថិជន និងការផ្តល់កម្ចីប្រកបដោយក្រមសីលធម៌ជាអាទិភាព។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាវិស័យមីក្រូហិរញ្ញវត្ថុនៅតែជាចលករគន្លឹះក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិយ៉ាងណាក្តី ប៉ុន្តែការរីកចម្រើនយ៉ាងឆាប់រហ័ស នៃវិស័យនេះតែងតែអមមកជាមួយនូវបញ្ហាប្រឈមដ៏ស្មុគស្មាញមួយចំនួនជៀសមិនរួច។
តែទោះជាយ៉ាងណាក៏ដោយ សមាគមប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចការពារអតិថិជន ការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នវាយតម្លៃផលវិជ្ជមានសង្គមកម្រិតសកល។ ជាមួយគ្នានេះសមាគមនៅតែបន្តបើកចំហរទទួលយកកិច្ចសន្ទនាស្ថាបនាជាមួយអង្គការសង្គមស៊ីវិល ដើម្បីធានាថា កម្ចីនៅកម្ពុជាប្រតិបត្តិការប្រកបដោយតម្លាភាព និងតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ដោយឡែកដោយឡែកលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានកត់សម្គាល់ថា បន្ទុកបំណុលរបស់ប្រជាពលរដ្ឋកំពុងបង្កជាផលប៉ះពាល់ជាខ្សែច្រវាក់យ៉ាងធ្ងន់ធ្ងរដល់សង្គម។ អ្នកជំនាញរូបនេះយល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវតែប្រញាប់ប្រញាល់ចុះសិក្សាទិន្នន័យជាក់ស្តែងអំពីស្ថានភាពជំពាក់បំណុល និងសមត្ថភាពសងត្រលប់របស់ពលរដ្ឋ ដើម្បីស្វែងរកច្រកចេញឱ្យចំគោលដៅ។ ទន្ទឹមគ្នានេះ ត្រូវរឹតបន្តឹងយន្តការពិនិត្យលទ្ធភាពសងត្រលប់ឡើងវិញ មុននឹងបញ្ចេញកម្ចី ដើម្បីធានាថា ប្រាក់កម្ចីនោះត្រូវបានយកទៅបង្កើតប្រភពចំណូលពិតប្រាកដ និងមានសមត្ថភាពសងវិញដោយសុវត្ថិភាព។
គួររំលឹកថា អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងក្នុងរបាយការណ៍ស៊ើបអង្កេតនាពេលថ្មីៗនេះថា មានពលរដ្ឋកម្ពុជាជិត១៧ម៉ឺនគ្រួសារបានបង្ខំចិត្តលក់ដីធ្លី ដើម្បីដោះបំណុល ខណៈកូនបំណុលជាច្រើនត្រូវកាត់បន្ថយរបបអាហារប្រចាំថ្ងៃ ហើយកុមារខ្លះត្រូវបោះបង់ការសិក្សា ដើម្បីធ្វើការរកលុយជួយដោះស្រាយបំណុលគ្រួសារ ថែមទាំងមានករណីកូនបំណុលខ្លះឈានដល់ការធ្វើអត្តឃាតទៀតផង។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជាប្រមាណ៥លាននាក់កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២ពាន់លានដុល្លារអាម៉េរិក ខណៈរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺជាតំបន់ដែលប្រើប្រាស់ឥណទានខ្ពស់ជាងគេ ខណៈខេត្តមណ្ឌលគិរី ប៉ៃលិន និងខេត្តកែបមានបរិមាណទាបជាងគេ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC)៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើកម្ពុជា និងវៀតណាមត្រូវពង្រឹងអ្វីបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារឱ្យបានកាន់តែឆាប់?

តបតាមការអញ្ជើញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំ…

IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងរងសម្ពាធជុំទិសក្នុងពេលតែមួយ និងជំរុញឱ្យមេដឹកនាំពិភពលោកដោះស្រាយបញ្ហាធំៗចំនួន៦

នៅមុនជំនួបកំពូល នៃមេដឹកនាំសេដ្ឋកិច្ច និងហិរញ្ញវត្ថុមកពីជាង១៩០ប្រទេសនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី១២-១៨ ខែតុលា លោកស្រី គ្រីស្តាលីណា ចចជីវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ