ទំហំដ៏មហាសាលនេះ គឺស្មើនឹងជាង៨៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាឡេស៊ីទាំងមូល។
លោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៦ ទំហំបំណុលគ្រួសារសរុបរបស់ពលរដ្ឋម៉ាឡេស៊ីបានកើនឡើងដល់ប្រមាណ៤២២ពាន់លានដុល្លារ។ ទោះជាយ៉ាងណា លោក បានបន្ថែមថា តួលេខដ៏ខ្ពស់នេះ ក៏មានសញ្ញាណវិជ្ជមានបន្តិចបន្តួចផងដែរ ដោយវាបានថយចុះប្រមាណ០,៣% បើធៀបទៅនឹងចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីរូបនេះបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលដោយមានកិច្ចសហការ និងការគាំទ្រពីធនាគារកណ្តាល កំពុងតាមដានយ៉ាងម៉ឺងម៉ាត់បំផុតលើស្ថានភាពបំណុលគ្រួសារ ក៏ដូចជាសមត្ថភាពសងត្រឡប់មករបស់ពលរដ្ឋ ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់នឹងហានិភ័យសេដ្ឋកិច្ចជាយថាហេតុ។
0ទោះបីជាអត្រាបំណុលធៀបនឹង GDP មានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ក៏ដោយ ប៉ុន្តែលោក អានវ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា សូចនាករ នៃសមត្ថភាពដោះស្រាយបំណុលរបស់ពលរដ្ឋម៉ាឡេស៊ីនៅតែស្ថិតក្នុងស្ថានភាពរឹងមាំ និងអាចគ្រប់គ្រងបាននៅឡើយ។ ជាក់ស្តែងសមាមាត្រសេវាបំណុលជាមធ្យមបង្ហាញថា ពលរដ្ឋដែលជាប់បំណុលបានប្រើប្រាស់កញ្ចប់ថវិកាប្រមាណ៣៣%ប៉ុណ្ណោះ នៃប្រាក់ចំណូលសរុបរបស់ពួកគេយកទៅបង់សងបំណុលប្រចាំខែ។
រដ្ឋាភិបាលម៉ាឡេស៊ីបានវាយតម្លៃថា កំណើនបំណុលនាពេលបច្ចុប្បន្ន គឺដើរស្របគ្នាជាមួយនឹងកំណើនប្រាក់ចំណូលរបស់ប្រជាជន ដែលការណ៍នេះឆ្លុះបញ្ចាំងថា សមាមាត្ររវាងបំណុល និងប្រាក់ចំណូលគឺមានស្ថិរភាព។ ប្រជាពលរដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា កំណើនបំណុលគ្រួសារនាពេលអនាគត ត្រូវតែស្ថិតក្រោមការត្រួតពិនិត្យ និងស្របទៅតាមសមត្ថភាពសេដ្ឋកិច្ចជាក់ស្តែងរបស់ពលរដ្ឋ ដើម្បីជៀសវាងការបង្កជាវិបត្តិហិរញ្ញវត្ថុផ្ទុះឡើងនៅក្នុងសង្គម៕
ដោយៈ សរ សុជាតិ