វិស័យកសិកម្ម

តើអ្វីខ្លះជាឱកាស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិផលខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម និងប្រែក្លាយពីអ្នកលក់វត្ថុធាតុដើមទៅជាអ្នកកែច្នៃ?


វិស័យកសិកម្មត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ច និងជាឆ្អឹងខ្នងយ៉ាងរឹងមាំរបស់កម្ពុជា ដែលកំពុងស្ថិតក្នុងរបត់ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ពីកសិកម្មបែបប្រពៃណីទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ ដើម្បីជំរុញឱ្យវិស័យនេះដើរទៅមុខបានប្រកបដោយចីរភាព និងរំដោះខ្លួនចេញពីការលក់ត្រឹមវត្ថុធាតុដើម ការដោះស្រាយបញ្ហាថ្លៃដើម និងការបង្កើតខ្សែច្រវាក់តម្លៃបន្ថែម គឺជាបេសកកម្មស្នូលដ៏ចាំបាច់បំផុត។
វិស័យកសិកម្ម
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ស្វាយចន្ទីកម្ពុជា ត្រូវបានប្រសិទ្ធនាមថា ជាពេជ្រមិនទាន់ច្នៃ ព្រោះកម្ពុជា ជាប្រទេសអ្នកផលិតគ្រាប់ស្វាយចន្ទីធំជាងគេទី២ នៅលើពិភពលោកជាមួយនឹងគុណភាពល្អ ប៉ុន្តែខ្សែច្រវាក់កែច្នៃក្នុងស្រុកហាក់នៅមានកម្រិតទាបធ្វើឱ្យកម្ពុជា បាត់បង់តម្លៃបន្ថែមរាប់រយលានដុល្លារពីការនាំចេញគ្រាប់ឆៅទៅទីផ្សារវៀតណាមក្នុង១ឆ្នាំៗ។ សម្រាប់អ្នកជំនាញរូបនេះ មានតែការពង្រីកការកែច្នៃក្នុងស្រុកឱ្យបានច្រើនប៉ុណ្ណោះទើបអាចបង្កើនតម្លៃបន្ថែមបាន ដ្បិតគ្រាប់ស្វាយចន្ទីកម្ពុជា មិនមែនអត់ទីផ្សារនោះទេ ប៉ុន្តែបញ្ហាចម្បងនោះ គឺកម្ពុជា គ្មានគ្រាប់ចន្ទីកែច្នៃគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ ដោយសារបញ្ហាកង្វះខាតដើមទុន។

ដោយឡែកនៅក្នុងវិស័យស្រូវអង្ករឯណោះវិញ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ បានរំលេចថា យុទ្ធសាស្ត្របង្កើតតម្លៃបន្ថែមក្នុងវិស័យស្រូវអង្ករ គឺការស្រាវជ្រាវ និងអភិវឌ្ឍពូជស្រូវស្រង៉ែក្រអូប ដើម្បីជំនួសឱ្យពូជនាំចូល ដែលជួយឱ្យកសិករទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការប្រើប្រាស់ជីគីមី និងមានប្រៀបប្រកួតប្រជែងខ្ពស់ជាមួយអង្ករប្រទេសជិតខាង។ បន្ថែមលើនេះ ការតភ្ជាប់ខ្លួនទៅនឹងទីផ្សារសកល និងរក្សាបានគុណភាពស្របតាមស្តង់ដា ក៏ជាកត្តាសំខាន់ ដើម្បីជំរុញឱ្យអង្ករកម្ពុជា អាចលក់បានក្នុងតម្លៃខ្ពស់ផងដែរ។

យ៉ាងណាមិញ លោក ងន វាសនា អគ្គនាយកក្រុមហ៊ុន កុល វាសនា អ៊ិនវេសមេន បានគូសបញ្ជាក់ថា កម្ពុជា គួរផ្ដោតសំខាន់លើការផលិតទំនិញ ដែលជាតម្រូវការសកល ជាក់ស្តែងដូចជាផលិតផលកៅស៊ូជាដើម ដែលគ្មានបុគ្គលណាម្នាក់ ឬប្រទេសណាមួយអាចគាបសង្កត់តម្លៃបាននោះទេ។ សម្រាប់អ្នកជំនាញរូបនេះ ការចាប់យករបត់ថ្មីនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ឧស្សាហកម្មផលិតកង់ឡានបានជំរុញឱ្យទីផ្សារកៅស៊ូកម្ពុជា កាន់តែរីកចម្រើន ខណៈកម្ពុជា ក៏អាចចាប់យកឱកាសបន្ថែមពីការការផលិតទំនិញប្រើប្រាស់សកល និងគ្រឿងបន្លាស់នានាធ្វើពីកៅស៊ូបន្ថែមទៀតផងដែរ។

បើក្រឡេកទៅមើលដំណាំដំឡូងមីឯណោះវិញ លោក នីន ចរិយា អនុប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានបង្ហាញទស្សនៈថា អាទិភាព៥ឆ្នាំខាងមុខ មិនមែនជាការពង្រីកផ្ទៃដីដាំដុះនោះឡើយ ប៉ុន្តែជាការចម្រាញ់យកតម្លៃបន្ថែមឱ្យអស់លទ្ធភាពពីទិន្នផលដែលមានស្រាប់។ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា គួរតែបង្កើតក្រុមផលិតពូជស្អាត ការគ្រប់គ្រងបច្ចេកទេសដាំដុះ រៀបចំទីលានហាល និងឃ្លាំងស្តុកទុកយុទ្ធសាស្ត្រ ដើម្បីទប់ទល់ពេលតម្លៃធ្លាក់ចុះ ព្រមទាំងភ្ជាប់កសិករផ្ទាល់ទៅកាន់អ្នកទិញ ដើម្បីចៀសវាងការជ្រើសរើសពូជខុសលក្ខខណ្ឌដី ការចំណាយលើជីថ្នាំខ្ជះខ្ជាយ និងការទម្លាក់ថ្លៃពីសំណាក់ឈ្មួញកណ្តាល។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាក្រសួងកសិកម្មកម្ពុជា បានទទួលស្គាល់ថា សមត្ថភាពប្រកួតប្រជែងរបស់វិស័យកសិកម្មកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក្រសួងកសិកម្ម កំពុងរៀបចំការប្រមូលផ្តុំកសិករចាប់តាំងពីដើមខ្សែផលិតកម្មតាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត ជួយសម្រួលការទទួលបានប្រភពទុន ការតភ្ជាប់ទីផ្សារតាមកិច្ចសន្យាកសិកម្ម និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចអាទិភាព ដោយមានទិសដៅច្បាស់លាស់ក្នុងការផ្លាស់ប្តូរពីកសិកម្មប្រពៃណីទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាពខ្ពស់ ប្រាក់ចំណេញរឹងមាំ ទីផ្សារច្បាស់លាស់ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់ ដោយឈរលើសសរស្តម្ភគន្លឹះចំនួន៤ គឺផលិតភាព ការធ្វើពិពិធកម្មផលិតផល និងទីផ្សារ ភាពប្រកួតប្រជែង និងពាណិជ្ជូបនីយកម្មពេញលេញ៕




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារកែទម្រង់លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជាមួយដៃគូភាគីពាក់ព័ន្ធ

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រ…

ថៃ ត្រៀមសាងសង់លេណដ្ឋាន១,៦៦៩កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា ខណៈអ្នកជំនាញមើលឃើញពីហានិភ័យនៃការធ្វើឱ្យតំបន់ព្រំដែនក្លាយជាតំបន់យោធា

កម្ពុជា បានចេញកំណត់ទូត និងដាក់ពាក្យតវ៉ាផ្លូវការទៅកាន់ភាគីថៃ យ៉ាងហោចណាស់ចំនួន៦០លើក គិតត្រឹមខែសីហា នេះ ដើម្បីប្រឆាំងដាច់ខាតចំពោះសកម្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ