អំពើឆបោកតាមអនឡាញ

ត្រឹម១សប្ដាហ៍ ថៃ ទទួល​បានពាក្យបណ្តឹងឆបោកតាមអនឡាញជាង៦,០០០ករណី


ប្រទេសថៃ កំពុងប្រឈមការកើនឡើងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដោយទីក្រុង​បាងកក កត់ត្រាចំនួនករណីឆបោក និងការខាតបង់ប្រាក់ខ្ពស់បំផុតទូទាំងប្រទេសក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។ ប៉ូលិសថៃ បានបញ្ជាក់ថា ស្ត្រី និងយុវវ័យអាយុពី២១ដល់៣០ឆ្នាំនៅតែជាក្រុមដែលរងគ្រោះញឹកញាប់បំផុត ខណៈការឆបោកក្រោមរូបភាពវិនិយោគកំពុងបង្កការខាតបង់ប្រាក់ធ្ងន់ធ្ងរជាងគេ។
អំពើឆបោកតាមអនឡាញ
ដោយ

យោងតាមមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ថៃ បានឱ្យដឹងថា អាជ្ញាធរថៃ ទទួលបានពាក្យបណ្តឹងរហូតដល់ទៅ៦,០៦០ករណីទូទាំងប្រទេស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែសីហា ដែលបណ្តាលឱ្យជនរងគ្រោះខាតបង់ប្រាក់សរុបប្រមាណ២៦០លានបាត ឬជិត៨លានដុល្លារ។ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់លេខ១ ដោយមាន១៣៨ករណី និងការខាតបង់ប្រាក់រហូតដល់ទៅជិត២លានដុល្លារ បន្ទាប់មកគឺខេត្តណុនថាប៊ូរី មាន៣៦ករណី និងខេត្តឈៀងម៉ៃ មាន២៧ករណី។
ការឆបោកពាក់ព័ន្ធនឹងការទិញទំនិញ និងសេវាកម្មតាមអនឡាញកើតឡើងច្រើនជាងគេបំផុត ដោយមានរហូតដល់ជាង៧៧% នៃពាក្យបណ្តឹងទាំងអស់។ ប៉ុន្តែការឆបោកក្រោមរូបភាពវិនិយោគបង្កការខាតបង់ប្រាក់ច្រើនជាងគេរហូតដល់ជាង២លានដុល្លារ ដែលស្មើនឹងប្រមាណ៣១% នៃការខាតបង់សរុប។ ប៉ូលិសថៃ បានបញ្ជាក់ថា ស្ត្រីរងគ្រោះញឹកញាប់ជាងបុរស ខណៈក្រុមអាយុ២១ដល់៣០ឆ្នាំនៅតែជាក្រុម ដែលប្រឈមហានិភ័យខ្ពស់បំផុតជាប់ៗគ្នាអស់រយៈពេលជាច្រើនខែ។ ករណីដែលកើតមានញឹកញាប់ក្នុងចំណោមយុវវ័យរួមមានការឆបោកតាមរយៈការទិញទំនិញ ការក្លែងបន្លំអត្តសញ្ញាណ និងការផ្តល់ជូនអត្ថប្រយោជន៍ហិរញ្ញវត្ថុក្លែងក្លាយ។
ទន្ទឹមនឹងអំពាវនាវឱ្យប្រជាជនប្រុងប្រយ័ត្ន ជាពិសេសចំពោះការវិនិយោគតាមអនឡាញ ប៉ូលិសថៃ ក៏បានព្រមានដែរថា ជនឆបោកកំពុងបង្កើត App ក្លែងក្លាយដែលចម្លងឈ្មោះ ឡូហ្គោ និងទ្រង់ទ្រាយរបស់ក្រុមហ៊ុនស្របច្បាប់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិអាម៉េរិកនឹងមកបំពេញទស្សនកិច្ចនៅថៃ ចំពេលមានការលេចលឺថា ភាគីទាំងពីរអាចបង្កើតរោងចក្រផលិតដ្រូនយោធារួមគ្នា

ទីក្រុងបាងកក កំពុងរៀបចំផែនការការទូតយោធាយ៉ាងប្រុងប្រយ័ត្ន ដើម្បីស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ភីត ហេកសេត (Pete Hegseth) រដ្ឋមន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ