មន្រ្តីរាជការ

លោក អានុទីន ព្រមានដកតំណែងរដ្ឋមន្ត្រីអសកម្ម និងចំអកចំៗថា ជារដ្ឋមន្ត្រីដែលប្រជាជនភ្លេចមុខ


សម្ពាធនយោបាយ និងការធ្លាក់ចុះប្រជាប្រិយភាពកំពុងអង្រួនផ្ទៃក្នុងរដ្ឋាភិបាលថៃ យ៉ាងខ្លាំងរហូតធ្វើឱ្យថ្នាក់ដឹកនាំកំពូលអង្គុយលើកៅអីលែងចង់ជាប់។ យោងតាមលទ្ធផលស្ទង់មតិរបស់ស្ថាប័ន NIDA Poll កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅនេះ បានបង្ហាញតួលេខដ៏គួរឱ្យបារម្ភថា សំឡេងគាំទ្រគណបក្សភូមិចៃថៃ រួមទាំងប្រជាប្រិយភាពបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក អានុទីន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយធ្លាក់ទៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយគណបក្សប្រជាជន។
មន្រ្តីរាជការ
ដោយ

ការធ្លាក់ចុះនេះបានរុញច្រានឱ្យលោក អានុទីន ភ័យស្លន់ស្លោ និងប្រញាប់កោះប្រជុំគណៈរដ្ឋមន្ត្រីភ្លាមៗកាលពីថ្ងៃទី៦ ខែកក្កដា ដើម្បីបកស្បែកមុខ និងដុសក្អែលរដ្ឋមន្ត្រីអសកម្មមួយចំនួន។
សារព័ត៌មាន Khaosod បានរាយការណ៍កាលពីថ្ងៃទី៧ ខែកក្កដា ថា លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានព្រមានធ្ងន់ៗ និងចំៗទៅកាន់បណ្តារដ្ឋមន្ត្រីទាំងឡាយណា ដែលអសមត្ថភាព ខកខានមិនបានបង្ហាញលទ្ធផលការងារ ឬគ្មានស្នាដៃអ្វីសោះឱ្យប្រជាពលរដ្ឋបានឃើញ។ លោកបានគូសបញ្ជាក់ចំៗថា រដ្ឋមន្ត្រីដែលខ្សោយខាងការប្រាស្រ័យទាក់ទងជាមួយមហាជន គឺកំពុងបង្កើតចំណុចអវិជ្ជមានដ៏ធំធេងសម្រាប់រដ្ឋាភិបាល ហើយពួកគេអាចនឹងត្រូវបាត់បង់កៅអី និងដេញចេញពីជួរគណៈរដ្ឋមន្ត្រី។
លោក អានុទីន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានដាក់បទបញ្ជា និងព្រមានទៅកាន់រដ្ឋមន្ត្រីទាំងអស់រួចរាល់ហើយថា អ្នកដែលធ្វើការក្នុងលក្ខណៈលាក់មុខ បិទភ្នែកបិទត្រចៀក ឬមិនហ៊ានបង្ហាញខ្លួនឱ្យសាធារណជនបានឃើញ គឺកំពុងតែឈរនៅលើគែម នៃការដកឈ្មោះចេញពីជួររដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់បែបឌឺដង និងចាក់ដោតថា ប្រសិនបើពួកអ្នក ក្លាយជារដ្ឋមន្ត្រី ដែលសាធារណជនភ្លេចមុខទៅហើយ នោះនាយករដ្ឋមន្ត្រី ក៏អាចនឹងភ្លេចមុខពួកអ្នកដូចគ្នាដែរ ដូច្នេះវាក៏គ្មានអ្វីចាំបាច់ ដែលពួកអ្នកត្រូវបន្តក្រាញននៀលនៅក្នុងជួរគណៈរដ្ឋមន្ត្រីនេះទៀតដែរ។
ការផ្ទុះកំហឹង និងការព្រមានរបស់លោក អានុទីន នាពេលនេះ គឺដោយសារនៅក្នុងរយៈពេល២ខែចុងក្រោយនេះ មានរដ្ឋមន្ត្រីមួយចំនួនបានបង្ហាញភាពអសកម្មយ៉ាងខ្លាំង ព្រមទាំងបាត់មុខស្ងាត់ឈឹងពីលើបណ្តាញផ្សព្វផ្សាយ ដោយគ្មានសមិទ្ធផលអ្វីយកមកបង្ហាញជាដុំកំភួនទាល់តែសោះ។ លោក អានុទីន បានបន្ថែមថា តាមពិតទៅ លោកបានចាប់ផ្តើមព្រមានរដ្ឋមន្ត្រីមួយចំនួនអំពីបញ្ហាកេរ្តិ៍ឈ្មោះ និងការបង្ហាញមុខជាសាធារណៈនេះតាំងពី២សប្តាហ៍មុនម្ល៉េះ ប៉ុន្តែនៅថ្ងៃនេះ លោកត្រូវតែលើកយកបញ្ហាដដែលនេះមកនិយាយគ្នាម្តងទៀត ដោយផ្អែកលើលទ្ធផលនៃការស្ទង់មតិជាក់ស្តែងរបស់ស្ថាប័ន NIDA ដែលជារំពាត់សេដ្ឋកិច្ចចុងក្រោយបង្ខំឱ្យមានការកែទម្រង់។
លោកបានស្តីបន្ទោស និងរិះគន់ចំៗទៅលើស្មារតីធ្វើការងាររបស់រដ្ឋមន្ត្រីទាំងនោះថា ទោះបីជាពួកអ្នកកំពុងខំប្រឹងធ្វើការងារយ៉ាងខ្លាំងក្លា និងគ្មានពេលទំនេរសម្រាកយ៉ាងណាក៏ដោយ ក៏ពួកអ្នកត្រូវតែមានកាតព្វកិច្ចពន្យល់ និងបង្ហាញពីលទ្ធផលការងារទាំងនោះដល់សាធារណជនដែរ។ អ្នកមិនអាចគ្រាន់តែធ្វើការងងុលៗ ដោយគ្មានការប្រាស្រ័យទាក់ទង និងមិនខ្វល់ខ្វាយពីប្រជាពលរដ្ឋនោះទេ រដ្ឋមន្ត្រីត្រូវតែបង្ហាញលទ្ធផលការងាររបស់ខ្លួន និងពន្យល់ប្រាប់ប្រជាជនឱ្យបានដឹងឮជាដាច់ខាត៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កាណាដា ចាយលុយជិត២៣ពាន់លានដុល្លារ ​ទិញនាវាមុជទឹកអាល្លឺម៉ង់ ១២គ្រឿង ដែលធ្វើឱ្យពិភពលោកកាន់តែគ្រោះថ្នាក់

ប្រទេសកាណាដា បានប្រកាសកិច្ចព្រមព្រៀងទិញនាវាមុជទឹកថ្មីរហូតដល់១២គ្រឿងពីក្រុមហ៊ុនអាល្លឺម៉ង់មួយក្នុងតម្លៃជិត២៣ពាន់លានដុល្លារអាម៉េរិក ដែលជាកិ…

ពិភពលោកបារម្ភខ្លាចច្រកសមុទ្រម៉ាឡាកា ក្លាយជាសមរភូមិនយោបាយសេដ្ឋកិច្ចថ្មី

ការប្រកួតប្រជែងអំណាចលើផ្លូវដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោកកំពុងឈានចូលដំណាក់កាលដ៏រសើប។ ក្រោយអ៊ីរ៉ង់ បែកគំនិតដណ្ដើមគ្រប់គ្រង និងយកថ្លៃសេវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ