កាណាដា បានចាយលុយយ៉ាងសម្បើមរហូតដល់ទៅជិត២៣ពាន់លានដុល្លារទិញនាវាមុជទឹករហូតដល់ទៅ១២គ្រឿងពីអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប។ នាវាមុជទឹកទាំង១២គ្រឿងនេះ នឹងត្រូវសាងសង់នៅប្រទេសអាល្លឺម៉ង់ ហើយគ្រោងដាក់ឱ្យកងទ័ពជើងទឹកកាណាដា ប្រើប្រាស់ចាប់ពីឆ្នាំ២០៣៥ ដើម្បីជំនួសនាវាមុជទឹក វីកតូរៀ ក្លាស ដែលចាស់ទ្រុឌទ្រោម និងបានប្រើប្រាស់តាំងពីឆ្នាំ១៩៩៨។
នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានថ្លែងថា ស្របពេលពិភពលោកកាន់តែគ្រោះថ្នាក់ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែតានតឹង ហើយហានិភ័យសន្តិសុខកាន់តែកើនឡើង កាណាដា ត្រូវតែពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោក ក៏បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិ ពី២% នៃផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់៥% នៅឆ្នាំ២០៣៥ ស្របតាមទិសដៅរបស់អង្គការបក្សសម្ព័ន្ធយោធា NATO ផងដែរ។
អធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រិច មឺស (Friedrich Merz) បានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជា សញ្ញាដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសម្ពន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បានអះអាងថា កងនាវាមុជទឹករួមរវាងកាណាដា អាល្លឺម៉ង់ និងន័រវែស នឹងក្លាយជាសសរស្តម្ភដ៏សំខាន់របស់បក្សសម្ព័ន្ធយោធា NATO ក្នុងការការពារមហាសមុទ្រអាត្លង់ទិក និងតំបន់អាកទិក។
ក្រុមអ្នកវិភាគមើលឃើញថា កិច្ចព្រមព្រៀងដ៏ធំនេះមិនត្រឹមតែជាការធ្វើទំនើបកម្មកងទ័ពជើងទឹកកាណាដា ប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីការពន្លឿនការប្រកួតប្រជែងផ្នែកយោធារវាងមហាអំណាច និងការពង្រឹងសមត្ថភាពការពាររបស់បណ្តាប្រទេសលោកខាងលិច ខណៈបរិយាកាសសន្តិសុខសកលកាន់តែតានតឹងជាបន្តបន្ទាប់៕
ដោយ: តែម សុខុម