 
      សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការប្រមូលប្រាក់ចំណូលពីពន្ធដារ និង ពន្ធគយនៅតែបន្តរក្សាបានកំណើនបានដដែល ហើយសម្ដេចបានលើកឡើងបែបនេះ គឺឆ្លើយតបទៅនឹងការចោទប្រកាន់រដ្ឋាភិបាលថា ការដែលតម្រូវឲ្យមន្ត្រីរាជការដាច់ខាតត្រូវតែចាក់វ៉ាក់សាំង បើពុំដូច្នោះទេនឹងត្រូវលុបចោលពីក្របខណ្ឌដើម្បីសន្សំការចំណាយនោះ គឺជារឿងមិនពិតទេ។
លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ដែលជាធនាគារឈានមុនគេមួយនៅកម្ពុជា និងត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាធនាគារ ដែលបានបង់ពន្ធចូលរដ្ឋបានច្រើន និង ទៀងទាត់ នៅក្នុងចំណោម ១០ក្រុមហ៊ុនកាលពីឆ្នាំ ២០២០មុននេះ បានមានប្រសាសន៍ថា ជុំវិញការលើកឡើងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល អំពីការប្រមូលចំណូលពន្ធ ដែលនៅតែបន្តមានកំណើននេះដែរ គឺជាសញ្ញាណល្អមួយ ដែលបង្ហាញថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈលំបាកមែន តែម្ចាស់អាជីវកម្មនីមួយៗ អាចរឹងមាំ រក្សាលំនឹងអាជីវកម្មរបស់ខ្លួនបានល្អនៅឡើយ។
បើទោះបីជាការប្រមូលចំណូលពន្ធនៅដើមឆ្នាំនេះ នៅតែល្អប្រសើរក្តី តែលោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនដែរថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២១នេះ ទំនងជានឹងមានការថមថយ បើសិនជាស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តបែបនេះ។
គួរបញ្ជាក់ថា ឯកឧត្តម គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានបង្ហាញក្តីបារម្ភចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈថា អាចធ្វើឲ្យប៉ះពាល់ដល់ផែនការប្រមូលចំណូលពន្ធក្នុងឆ្នាំ ២០២១នេះ ខណៈដែលព្រឹត្តិការណ៍ឆ្លងកូវីដ-១៩កំពុងបន្ដរីករាលដាលខ្លាំងនៅកម្ពុជាឡើយ៕
ចុច Like Facebook Page  របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              