បញ្ហាកំពុងកើតឡើងនៅឡាវនេះ កំពុងផ្ញើសារមកកាន់ប្រទេសកម្ពុជា ឱ្យបង្កើនការត្រួតពិនិត្យ និងប្រុងប្រយ័ត្នជាអតិបរិមានៅតាមច្រកព្រំដែន ដើម្បីចៀសវាងបញ្ហាសេដ្ឋកិច្ច និងកសិកម្មដូចគ្នានេះ។
វិបត្តិខ្វះសាច់ជ្រូកបង្កឡើងដោយសារការវាយប្រហារពីជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅក្នុងប្រទេសឡាវ កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសន្តិសុខស្បៀង និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាជនឡាវ ជាពិសេសនៅរដ្ឋធានីវៀងចន្ទន៍។ ជំងឺប៉េស្តជ្រូកនេះដំបូងឡើយត្រូវបានរកឃើញ និងប្រកាសអាសន្ននៅក្នុងស្រុកចំនួនពីរស្ថិតនៅក្បែររដ្ឋធានីវៀងចន្ទន៍ ដោយបានសម្លាប់សត្វជ្រូកអស់ចំនួន១១៥ក្បាល។
ដើម្បីទប់ស្កាត់ការរាលដាល អាជ្ញាធរឡាវ បានចាត់វិធានការក្តៅដោយរឹតបន្តឹង និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើការដឹកជញ្ជូនសត្វជ្រូកឆ្លងកាត់តំបន់នានា ប៉ុន្តែវិធានការបិទខ្ទប់នេះបានបណ្តាលឱ្យទីផ្សារជួបវិបត្តិកង្វះខាតសាច់ជ្រូកផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ នៅពេលដែលសាច់ជ្រូកបាត់បង់ពីទីផ្សារ តម្រូវការបានហក់ឡើងទៅលើសាច់គោជំនួសវិញរហូតធ្វើឱ្យតម្លៃសាច់គោឡើងថ្លៃជិត១ដុល្លារក្នុងមួយគីឡូក្រាម។ អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភនោះ គឺទីផ្សារឡាវ មិនត្រឹមតែប្រឈមនឹងតម្លៃសាច់គោថ្លៃនោះទេ ប៉ុន្តែថែមទាំងជួបវិបត្តិកង្វះខាតសាច់គោផ្គត់ផ្គង់ថែមទៀតផង ដោយសារមុនពេលកើតមានជំងឺនេះប្រជាជនឡាវ និយមបរិភោគសាច់ជ្រូកច្រើនជាងសាច់គោ។
គួរបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញលើកដំបូងនៅក្នុងប្រទេសឡាវ កាលពីថ្ងៃទី៤ ខែកញ្ញា ប៉ុន្តែត្រឹមរយៈពេលខ្លី វីរុសដ៏កាចសាហាវនេះបានឆ្លងរាលដាលយ៉ាងរហ័សដល់ខេត្តចំនួន៧ ដោយសម្លាប់សត្វជ្រូកអស់ជាង១៤,០០០ក្បាល។ មកទល់ពេលនេះវិបត្តិជំងឺប៉េស្តជ្រូកអាហ្វ្រិក បានវាយប្រហារ និងធ្វើឱ្យកសិករអ្នកចិញ្ចឹមជ្រូកនៅឡាវ រហូតដល់ទៅ៧៩% ត្រូវរងគ្រោះ និងខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ។
សភាពការណ៍ដ៏អាក្រក់នៅក្នុងប្រទេសឡាវ គឺជាមេរៀន និងសារដាស់តឿនមួយមកកាន់កម្ពុជា។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងមានព្រំដែនជាប់គ្នា អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្មកម្ពុជា ត្រូវតែបង្កើនកិច្ចអន្តរាគមន៍ជាបន្ទាន់ ដោយរឹតបន្តឹងការត្រួតពិនិត្យអនាម័យបសុពេទ្យនៅតាមច្រកព្រំដែនកម្ពុជា-ឡាវ ជាពិសេសទប់ស្កាត់ការលួចនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់។ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាមុន និងការប្រុងប្រយ័ត្នខ្ពស់ទេនោះ វីរុសប៉េស្តជ្រូកអាហ្វ្រិកនេះ អាចនឹងជ្រៀតជ្រែកចូលមកបំផ្លាញវិស័យចិញ្ចឹមសត្វ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចទីផ្សារសាច់នៅក្នុងប្រទេសកម្ពុជា ដូចអ្វីដែលឡាវ កំពុងជួបប្រទះនៅពេលនេះជាក់ជាមិនខាន៕
ដោយៈ សរ សុជាតិ