វិស័យសុខាភិបាល

អាជ្ញាធរថៃ ឆ្មក់ចូលបង្ក្រាបទីតាំងផលិត និងចែកចាយថ្នាំសម្រកទម្ងន់ បាស្គី ខុសច្បាប់ដ៏ធំមួយ ក្រោយមានអ្នកស្លាប់ដោយសារលេបថ្នាំនេះ


អ្នកដែលចង់ស្រស់ស្អាតតាមផ្លូវកាត់ដោយសារការលេបថ្នាំសម្រកទម្ងន់ ដែលផ្សព្វផ្សាយលក់តាមប្រព័ន្ធអនឡាញត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានមែនទែន! ដោយពេលនេះអាជ្ញាធរថៃ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិតថ្នាំសម្រកទម្ងន់ខុសច្បាប់ទ្រង់ទ្រាយធំទូទាំងប្រទេស ក្រោយផ្ទុះករណីមនុស្សម្នាក់ស្លាប់ ដោយសារការលេបស្តេចថ្នាំសម្រក បាស្គី (Baschi) ដែលទិញតាម TikTok និង អនឡាញ។
វិស័យសុខាភិបាល
ដោយ

មន្ត្រីជំនាញសុខាភិបាលថៃ បានឲ្យដឹងថា ថ្នាំ​នេះ វាមានផ្ទុកសារធាតុគីមីហាមឃាត់ ស៊ីប៊ុយត្រាមីន (Sibutramine) ដែលជាថ្នាំពុលបំផ្លាញបេះដូង និងអាចសម្លាប់មនុស្សបានក្នុងមួយប៉ប្រិចភ្នែក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post។

កងកម្លាំងចម្រុះ និង មន្ត្រីសុខាភិបាលថៃ បានឆ្មក់ចូលត្រួតពិនិត្យទីតាំងផលិត និងចែកចាយថ្នាំសម្រកទម្ងន់ខុសច្បាប់ចំនួន៤កន្លែងធំៗ នៅក្នុងខេត្តសាខុន ណាខន (Sakon Nakhon) និង ខេត្តនុនថៈប៊ូរី ដោយរឹបអូសបានថ្នាំសម្រកទម្ងន់សង្ស័យចំនួន ១៨កេសធំ។ ក្រុមភ្នាក់ងារស៊ើបអង្កេតបានតាមដានស្វែងរកប្រភពមេខ្លោង តាមរយៈគណនីអ្នកលក់តាមអនឡាញ រួមទាំងទីតាំងលក់នៅលើ TikTok ដែលជនរងគ្រោះបានកុម្ម៉ង់ទិញយកមកលេបធ្វើឲ្យបាត់បង់ជីវិត​។

អាជ្ញាធរថៃ បានបញ្ជាក់ថា ថ្នាំគ្រាប់ស្តេចសម្រកទម្ងន់ បាស្គី នេះ មិនបានចុះបញ្ជី ឬទទួលស្គាល់ដោយរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថថៃ នោះឡើយ។ ហើយតាមប្រវត្តិ នៃការពិនិត្យកន្លងមក ថ្នាំម៉ាកនេះតែងតែត្រូវបានរកឃើញថា មានលួចលាក់ផ្សំសារធាតុ ស៊ីប៊ុយត្រាមីន ដែលជាសារធាតុគីមីសម្រកទម្ងន់ខុសច្បាប់ និងត្រូវបានហាមឃាត់ជាដាច់ខាតនៅលើពិភពលោក។ ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ ដែលអាចនឹងរុញច្រានឱ្យអ្នកផលិត អ្នកចែកចាយ និងអ្នកឡាយលក់តាមអនឡាញត្រូវប្រឈមមុខនឹងទោសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថថៃ បានចេញការព្រមានទៅកាន់អ្នកប្រើប្រាស់ឱ្យបញ្ឈប់ការទិញថ្នាំសុខភាព ឬថ្នាំសម្រកទម្ងន់តាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់។ អ្នកជំនាញសុខាភិបាលបានសង្កត់ធ្ងន់ថា សារធាតុ ស៊ីប៊ុយត្រាមីន នេះ នឹងចូលទៅវាយប្រហាររាងកាយ បង្កើនហានិភ័យនៃជំងឺលើសឈាម ធ្វើឱ្យបេះដូងលោតខុសចង្វាក់ គាំងបេះដូង និងបង្កផលវិបាកធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតភ្លាមៗដោយមិនដឹងខ្លួន ជាពិសេសចំពោះអ្នកដែលមានជំងឺបេះដូង ឬសរសៃឈាម។

តាមរយៈហេតុការដ៏រន្ធត់នេះ វាក៏ជាកញ្ចក់ឆ្លុះបញ្ចាំង និងជាសារដាស់តឿនសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ទូទាំងប្រទេស ជាពិសេសអ្នកចូលចិត្តប្រើថ្នាំសម្រកទម្ងន់ដោយមិនឆ្លងកាត់ ការហាត់ប្រាណ និង គ្រប់គ្រងរបបអាហារឲ្យបានល្អ។ បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរមិនតិចឡើយ ដែលកំពុងចាញ់បោកការផ្សាយពាណិជ្ជកម្មភូតភរ បំផ្លើសការពិតរឿងស្រកទម្ងន់លឿនក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយសុខចិត្តចំណាយលុយទិញថ្នាំ ដែលគ្មានច្បាប់អនុញ្ញាតយកមកលេបទាំងប្រថុយប្រថាន។ ករណីស្លាប់នៅប្រទេសថៃនេះ គឺជាសក្ខីកម្មបញ្ជាក់ថា ការសម្រកទម្ងន់ដោយការលេបថ្នាំគ្មានប្រភព និងគ្មានការត្រួតពិនិត្យច្បាស់លាស់ មិនមែនជាការទិញភាពស្រស់ស្អាតនោះទេ ប៉ុន្តែវាជាការដើរទៅរកសេចក្តីស្លាប់ដោយស្ម័គ្រចិត្ត៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារ» សម្រាប់និស្សិតសាកលវិទ្យាល័យ បៀល ប្រាយ

ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ – អិលអូអិលស៊ី (ខេមបូឌា) បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់និស្សិតនៃសាកលវិទ្យាល័យ បៀល ប្រាយ ក្រោមប្រធានប…

IMF បង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីតាមដានសេដ្ឋកិច្ចឌីជីថលរបស់ចិន ខណៈចិន វ៉ាដាច់អាម៉េរិកលើបច្ចេកវិទ្យាកុំព្យូទ័រ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា ខ្លួននឹងតាមដានសម្ទុះកំណើនសេដ្ឋកិច្ចរបស់ចិន ឱ្យបានដិតដល់ ជាពិសេសសេដ្ឋកិច្ចឌីជីថល ដែលជាសមរភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ