ភេសជ្ជៈ

អ្នកជំនាញស្នើឱ្យរដ្ឋពិចារណាដំឡើងពន្ធលើគ្រឿងស្រវឹង ក្រោយតម្លៃស្រាបៀរធ្លាក់ចុះខ្លាំង បន្ទាប់ពីឈប់ឱ្យដាក់រង្វាន់


តម្លៃស្រាបៀរនៅលើទីផ្សារបានធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ក្រោយរាជរដ្ឋាភិបាលតម្រូវឱ្យលុបបំបាត់ការផ្តល់រង្វាន់លើក្រវិលកំប៉ុង ដោយស្រាបៀរខ្លះដែលធ្លាប់តែមានតម្លៃរហូតដល់៦ម៉ឺនរៀលក្នុងមួយកេះបានធ្លាក់មកនៅត្រឹមជាង៣ម៉ឺនរៀលតែប៉ុណ្ណោះ។ បញ្ហានេះបានដាស់អារម្មណ៍ក្រុមអ្នកជំនាញសេដ្ឋកិច្ចសង្គម និងអ្នកតាមដានព្រឹត្តិការណ៍សង្គមឱ្យចេញមុខជំរុញជាថ្មីឱ្យរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យលើគុណភាព និងការលក់ដូរស្រាបៀរ ព្រមទាំងរឹតបន្តឹងការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
ភេសជ្ជៈ
ដោយ

បន្ថែមលើនេះ អ្នកជំនាញស្នើឱ្យរដ្ឋគួរចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការសេពគ្រឿងស្រវឹង សំដៅការពារសុខភាពសាធារណៈ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗ។លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានគូសបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលបានផ្អាកឱ្យក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈផ្អែមឈប់ផ្តល់រង្វាន់ក្រោមក្រវិលកំប៉ុងក៏ដោយ តែលោកហាក់មានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃតម្លៃស្រាបៀរស្ទើរពាក់កណ្តាលនាពេលបច្ចុប្បន្ន ដែលអាចធ្វើឱ្យមានការទម្លាក់គុណភាពផលិតផល ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទទួលទាន ដែលទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់លើបញ្ហានេះ។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ដើម្បីទប់ស្កាត់ការសេពគ្រឿងស្រវឹងហួសប្រមាណ រដ្ឋាភិបាលត្រូវរឹតបន្តឹងច្បាប់ស្តីពីអាយុអប្បបរមារបស់អ្នកទិញ និងអ្នកទទួលទាន គ្រប់គ្រងការផ្សាយពាណិជ្ជកម្មឱ្យមានដែនកំណត់ ជាពិសេសគួរដំឡើងអត្រាពន្ធលើផលិតផលគ្រឿងស្រវឹងបន្ថែមទៀត។ជាមួយគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម សង្កេតឃើញថា ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធនានា បានបង្ហាញការព្រួយបារម្ភស្រដៀងគ្នា ចំពោះការប្រើប្រាស់គ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករ និងបារី ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព និងសង្គម។

ស្របពេលដែលតម្លៃស្រាបៀរមួយចំនួនត្រូវបានបញ្ចុះតម្លៃ បន្ទាប់ពីរដ្ឋាភិបាលហាមឃាត់ការផ្តល់រង្វាន់លើការលក់ស្រាបៀរ លោកបណ្ឌិតយល់ថា រដ្ឋាភិបាលគួរពិចារណាបង្កើនពន្ធលើផលិតផលគ្រឿងស្រវឹង និងដាក់ចេញវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពជាងមុន។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករ និងបារី ដើម្បីឱ្យពួកគេយល់ដឹងពីហានិភ័យ និងអាចការពារ ឬកាត់បន្ថយការប្រើប្រាស់ផលិតផលទាំងនេះបានកាន់តែមានប្រសិទ្ធភាព។

ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការបញ្ចុះតម្លៃស្រាបៀរមួយចំនួនក្រោយរដ្ឋាភិបាលហាមឃាត់ការផ្តល់រង្វាន់អាចបង្ហាញថា តម្លៃស្រាបៀរដែលធ្លាប់លក់កន្លងមកមានការបូកបញ្ចូលថ្លៃរង្វាន់ផងដែរ។ តែយ៉ាងណា លោកជំរុញឱ្យប្រជាពលរដ្ឋដែលទទួលទានស្រាបៀរ គិតគូរឡើងវិញពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដោយមិនគួរប្រថុយយកអាយុជីវិតទៅភ្ជាប់នឹងការទទួលទានគ្រឿងស្រវឹងឡើយ។ ជាមួយគ្នានេះ លោក ស្នើឱ្យអាជ្ញាធរពិចារណាដាក់ចេញវិធានការគ្រប់គ្រងការលក់ និងការបញ្ជាទិញស្រាបៀរក្នុងកម្រិតសមស្រប ដើម្បីកាត់បន្ថយបញ្ហាដែលអាចកើតមានដូចជាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាអសន្តិសុខក្នុងសង្គម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការឱ្យក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈបញ្ឈប់រាល់ការផ្តល់រង្វាន់លើក្រវិលកំប៉ុង គម្របដប និងការវេចខ្ចប់លើផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នេះតទៅ។ ទន្ទឹមនឹងនេះ រដ្ឋក៏បានអនុញ្ញាតឱ្យមានការបញ្ចុះតម្លៃពាណិជ្ជកម្មស្របច្បាប់ ប៉ុន្តែត្រូវបានកំណត់មិនឱ្យលើសពី១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនលើសពី២៥%សម្រាប់ផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលនៅសល់មិនលើសពី ៦០ថ្ងៃមុនថ្ងៃផុតកំណត់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ចិន ទាញយកប្រេងពីជម្រៅជាង៦,០០០ម៉ែត្រដើម្បីបង្កើនការផ្គត់ផ្គង់​ចំពេលទីផ្សារប្រេងពិភពលោកកំពុងក្រឡាប់ចាក់

ក្រោមវាលខ្សាច់ដ៏ធំល្វឹងល្វើយក្នុងប្រទេសចិន កំពុងលាក់នូវ​កំណប់ថាមពលដ៏មហាសាលដែល​ត្រូវការបច្ចេកវិទ្យាខួងដ៏ទំនើបដើម្បីអាចទាញយកវាមកប្រើប្រាស់…

តើកម្ពុជា គួរដាក់ចេញយុទ្ធសាស្ត្របែបណា ដើម្បីស្តារអំណាចទិញរបស់ប្រជាពលរដ្ឋ និងជំរុញការចំណាយរបស់វិស័យឯកជន?

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ការស្រុតចុះនៃការចំណាយក្នុងវិស័យឯកជនកំពុងក្លាយជារបាំងរាំងស្ទះដល់ល្បឿនកំណើនសេដ្ឋកិច្ចកម្ពុជា ដែលអាចធ្វើឱ្យក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ