សម្រាប់មហាសេដ្ឋីកសិកម្មដ៏ល្បីល្បាញរូបនេះ ការវិនិយោគលើវិស័យកសិកម្មប្រៀបបាននឹងការវិនិយោគលើអនាគតប្រទេសជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងរក្សាសន្តិសុខស្បៀងរបស់កម្ពុជា ជាច្រើនទស្សវត្សរ៍កន្លងមកនេះ។
លើសពីនេះ វិស័យនេះ បានបង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់លានកន្លែងតាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ កែច្នៃ និងដឹកជញ្ជូនកសិផលយកទៅផ្គត់ផ្គង់ឱ្យទីផ្សារក្នុងប្រទេស និងនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ។ កត្តានេះ បានជំរុញឱ្យអ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចាត់ទុកការវិនិយោគលើវិស័យកសិកម្ម គឺជាការវិនិយោគលើអនាគតប្រទេសជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ការចាត់ទុកបែបនេះរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្វើឡើងក្នុងពិធីសំណេះសំណាលមហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជាកាលពីថ្ងៃទី១៣ ខែមិថុនា នៅតំបន់កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅខេត្តកំពង់ស្ពឺ។
មហាសេដ្ឋីកសិកម្មរូបនេះ បានចាត់ទុកផងដែរថា វិស័យកសិកម្ម និងការចិញ្ចឹមសត្វ មិនត្រឹមតែជាវិស័យផលិតស្បៀងអាហារ និងធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់បំផុត នៃសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចជនបទ។ វិស័យនេះបានជួយបង្កើតប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្ថិរភាពសង្គមជាតិ។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានសង្កត់ធ្ងន់ថា នៅពេលកសិកររឹងមាំ សេដ្ឋកិច្ចជនបទក៏រឹងមាំ ហើយសង្គមជាតិ ក៏មានស្ថិរភាពស្បៀង។
នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង គ្រុប បានចាត់ទុកការគាំទ្រកសិកម្មខ្មែរមិនត្រឹមតែជាការគាំទ្រផលិតផលខ្មែរប៉ុណ្ណោះទេ តែជាការគាំទ្រដល់ជីវភាពរបស់ពលរដ្ឋខ្មែរ បង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងជាការវិនិយោគលើអនាគតប្រទេសជាតិ។ ដោយមើលឃើញពីសារប្រយោជន៍នេះបានជំរុញឱ្យធនាគារ ជីប ម៉ុង ដាក់ចេញកញ្ចប់ឥណទាន៥០០លានដុល្លារសម្រាប់គាំទ្រដល់វិស័យស្រូវ អង្គរ ស្វាយចន្ទី ជាពិសេសយុទ្ធសាស្ត្រក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
អ្នកជំនួញរូបនេះសង្ឃឹមថា កញ្ចប់ថវិកានេះនឹងរួមចំណែកជួយដល់កសិករ ម្ចាស់កសិដ្ឋាន និងម្ចាស់ចម្ការដាំដុះទូទាំងប្រទេសមានលទ្ធភាពក្នុងការពង្រីកការផលិត ពង្រឹងគុណភាព និងបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់បន្ថែមទៀត។
យ៉ាងណាមិញ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចាត់ទុកធនាគារ និងស្ថាប័នហិរញ្ញវត្ថុមិនគ្រាន់តែជាអ្នកផ្តល់ឥណទានប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍កសិកម្ម កសិ-ឧស្សាហកម្ម ពោលគឺហិរញ្ញប្បទានកសិកម្ម គឺជាសរសៃឈាមរត់ ដែលធ្វើឱ្យវិស័យនេះរីកចម្រើន។ មហាសេដ្ឋីកសិកម្មរូបនេះបានគូសបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យរូបលោកខិតខំប្រឹងប្រែងជួយជំរុញការចិញ្ចឹមសត្វ ដាំដំណាំ និងការផលិតជីកសិកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ទូទាំងប្រទេស ដើម្បីកាត់បន្ថយការនាំចូលជាបន្ដបន្ទាប់រហូតដល់បញ្ឈប់ការនាំចូលពីបរទេសទាំងស្រុង។
ដើម្បីឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់ប្រមុខរាជរដ្ឋាភិបាល អ្នកឧកញ៉ា ម៉ុង ឫទ្ធី កំពុងសាងសង់រោងចក្រផលិតជីធម្មជាតិ ដែលមានកម្លាំងផលិត១០០តោនក្នុងមួយថ្ងៃ នឹងចាប់ផ្ដើមដំណើរការសាកល្បងផលិតនៅមុនបំណាច់ឆ្នាំ២០២៦។ ជាមួយគ្នានេះអ្នកជំនាញក្នុងវិស័យកសិកម្មរូបនេះ ជំរុញឱ្យកសិករ និងអ្នកផលិតត្រូវផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណីទៅជាកសិកម្មទំនើបដោយប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតភាព និងប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក៕