ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាកម្ពុជា ស្ថិតក្នុងសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកក៏ពិតមែន ប៉ុន្តែការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា ជាមួយបណ្តាប្រទេសដទៃ ហាក់គ្មានតម្លាភាពនោះទេ ពោលគឺទំនិញនាំចូលពីក្រៅមកកម្ពុជា មានលក្ខណៈងាយស្រួល ខណៈការនាំចេញពីកម្ពុជាទៅវិញហាក់មានការលំបាក។ ជុំវិញបញ្ហានេះ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា គឺដោយសារភាពធូរលុងរបស់មន្រ្តីនៅតាមច្រកព្រំដែនមួយចំនួន ដែលអនុញ្ញាតឱ្យទំនិញហូរចូលមកបានយ៉ាងរលូនដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។ សម្រាប់អ្នកជំនាញរូបនេះ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធគួរតែមានវិធានការរឹតបន្តឹងលើការនាំចូលទំនិញមួយចំនួន ពិសេសទំនិញដែលផលិតបានច្រើននៅក្នុងស្រុក ដើម្បីលើកកម្ពស់ និងការពារអ្នកផលិតក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញទំនិញពីកម្ពុជា មានការលំបាក គឺអាស្រ័យលើប្រទេស និងមុខទំនិញដែលត្រូវនាំចេញ ដ្បិតត្រូវត្រួតពិនិត្យពាក់ព័ន្ធនឹងស្តង់ដាភូតគាមអនាម័យ និងកម្រិតគុណភាពជាដើម។ យ៉ាងណាមិញ ពាក់ព័ន្ធការនាំចូលទំនិញមកកម្ពុជាមានលក្ខណៈងាយស្រួល អ្នកជំនាញរូបនេះបានអះអាងថា គឺដោយសារទំនិញមួយចំនួននាំចូលមកជាលក្ខណៈឡាំសាំ ឬការនាំចូលមិនត្រឹមត្រូវនៅតាមព្រំដែន។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលគួរតែដាក់កំហិតទៅលើការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវ និងចៀសវាងការបង់ពន្ធលក្ខណៈឡាំសាំកន្លងមក ដើម្បីចៀសវាងការរត់គេចពន្ធ និងការនាំចូលទំនិញក្លែងក្លាយ។ អ្នកឧកញ៉ា បានបន្ថែមថា រដ្ឋាភិបាល ក៏គួររឹតបន្តឹងលើការបង់ពន្ធនាំចូលផលិតផលសម្រេចមួយចំនួនដែរ ប៉ុន្តែគួរពិចារណាបន្ធូរបន្ថយ ឬលែងពន្ធនាំចូលវត្ថុធាតុដើម ដើម្បីជំរុញការផលិតក្នុងស្រុក។
សូមជម្រាបថា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង៦៣ពាន់លានដុល្លារ កើនឡើងជិត២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញមានទឹកប្រាក់ជិត៣០ពាន់លានដុល្លារ កើនឡើងជាង២០% ខណៈការនាំចូលមកវិញមានទឹកប្រាក់ជាង៣៣ពាន់លានដុល្លារ កើនឡើងជាង២១%។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕