លោក អាឡិចហ្សេឌ័រ ឌឺ គ្រូ (Alexander De Croo) ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីនេះកាលពីថ្ងៃទី១៣ ខែតុលា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកនៅទីក្រុងបាងកក ប្រទេសថៃ។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងកែលម្អគោលនយោបាយ និងបទប្បញ្ញត្តិវិនិយោគ ជំរុញគម្រោងអាជីវកម្ម ទាក់ទាញវិនិយោគិនឯកជន និងផ្គូរផ្គងជំនាញកម្លាំងពលកម្មជាមួយតម្រូវការរបស់និយោជក។ UNDP កំពុងអនុវត្តគម្រោងសាកល្បងរួចហើយនៅប្រទេសមួយចំនួនរួមមាននេប៉ាល់ យេម៉ែន ហៃទី លីបង់ និងហ្គាណា។
យ៉ាងណាក៏ដោយ លោកបានព្រមានថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងរងសម្ពាធពីតម្លៃថាមពលខ្ពស់ អត្រាការប្រាក់កើនឡើង និងហានិភ័យនៃបាតុភូតអាកាសធាតុ អែលនីញ៉ូ ដ៏ខ្លាំងក្លា។ រដ្ឋាភិបាល
ជាច្រើនបានចំណាយប្រាក់យ៉ាងសម្បើមលើការឧបត្ថម្ភធនប្រេងឥន្ធនៈ ដើម្បីកាត់បន្ថយបន្ទុកលើប្រជាជន ប៉ុន្តែទុនបម្រុងហិរញ្ញវត្ថុរបស់ប្រទេសទាំងនោះកំពុងរួមតូចទៅៗ។ លោកបញ្ជាក់ថា ប្រទេសទាំងនេះត្រូវការជំនួយបន្ទាន់ដើម្បីដោះស្រាយបញ្ហាកង្វះសាច់ប្រាក់ មុននឹងឈានទៅពិភាក្សាអំពីការបន្ធូរបន្ថយបំណុល។
បញ្ហាការងារក៏ជាក្តីបារម្ភធំមួយដែរ ដោយនៅក្នុងរយៈពេល១០ឆ្នាំខាងមុខយុវជនរហូតដល់ទៅប្រមាណ១,២ពាន់លាននាក់ត្រូវបានរំពឹងថា នឹងចូលក្នុងទីផ្សារការងារនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការងារដែលរំពឹងថា នឹងមានគឺត្រឹមតែប្រមាណ៤០០លានកន្លែងតែប៉ុណ្ណោះ។ ជាមួយគ្នានេះ UNDP ក៏កំពុងស្វែងរកមធ្យោបាយពង្រីកវិសាលភាពធានារ៉ាប់រងផងដែរ។ នៅអាស៊ី គ្រោះមហន្តរាយធម្មជាតិបានបង្កការខាតបង់សេដ្ឋកិច្ចប្រមាណ៦៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ប៉ុន្តែមានតែ៥ពាន់លានដុល្លារប៉ុណ្ណោះ ដែលត្រូវបានធានារ៉ាប់រង៕
ដោយ: តែម សុខុម