ប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះបំផុត ដោយសារតែកម្រិតបំណុលសាធារណៈហក់ឡើងខ្ពស់ហួសប្រមាណ ហើយក្នុងឆ្នាំ២០២៦ នេះ ពួកគេត្រូវសងបំណុលទៅម្ចាស់បំណុលបរទេសសរុប៤០០ពាន់លានដុល្លារ។ អ្វីដែលកាន់តែបារម្ភនោះ គឺកាតព្វកិច្ចបង់ការប្រាក់តែមួយមុខបានកើនឡើងរហូតដល់ទៅលើសពី១០% នៃចំណូលជាមធ្យមរបស់ប្រទេសទាំងនោះរួចស្រេចទៅហើយ។
កាលពីដំណាក់កាលដំបូង នៃវិបត្តិជំងឺកូវីដ-១៩ មេដឹកនាំក្រុមប្រទេស G20 ធ្លាប់បានប្រកាសផ្អាកការទារបំណុលជាបណ្តោះអាសន្នសម្រាប់ប្រទេសក្រីក្របំផុត។ ប៉ុន្តែនៅពេលនេះ យោងតាមប្រភពអ្នកការទូតមកពីប្រទេសសមាជិក G20 យន្តការគាំទ្រ និងការយោគយល់បែបនេះពុំមានទៀតនោះទេ។
ស្ថិតក្នុងស្ថានភាពនេះ ប្រទេសដែលមានចំណូលទាបជាច្រើន កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុសាសន៍ និងលក្ខខណ្ឌថ្មីៗរបស់ IMF សម្រាប់កម្មវិធីផ្តល់កម្ចី ដែលតម្រូវឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ជាថ្នូរនឹងការអនុម័តប្រាក់កម្ចី។ ការផ្លាស់ប្តូរគោលនយោបាយនេះ ធ្វើឱ្យគេភ័យខ្លាចថា នឹងបង្ខំឱ្យបណ្តាប្រទេសជំពាក់បំណុលទាំងនោះ ចាត់វិធានការរឹតត្បិតថវិកាយ៉ាងតឹងរ៉ឹង ដែលនាំឱ្យស្ថានភាពសេដ្ឋកិច្ច-សង្គមកាន់តែអាក្រក់ទៅៗ។
លោកស្រី អាយអូឡេនដា ហ្វ្រេស្នីឡូ (Iolanda Fresnillo) អ្នកជំនាញផ្នែកយុត្តិធម៌បំណុល នៃអង្គការ Eurodad បានលើកឡើងថា ប្រទេសជាច្រើនកំពុងបង្ខំចិត្តកាត់បន្ថយការចំណាយសាធារណៈរបស់ខ្លួនរួចទៅហើយ ដោយសារសម្ពាធ នៃការបង់សងបំណុលកើនឡើងខ្ពស់ បូករួមទាំងលក្ខខណ្ឌតឹងរ៉ឹងរបស់ IMF។
លោកស្រីបានបន្តថា៖«យើងបារម្ភថា ការពិនិត្យឡើងវិញលើគោលនយោបាយ និងលក្ខខណ្ឌទាំងនេះ នឹងរញ៉េរញ៉ៃធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចកាន់តែដុនដាបខ្លាំងឡើង។ ដរាបណាស្តង់ដារ និងរចនាសម្ព័ន្ធអភិបាលកិច្ចដែលមានស្រាប់នៅតែបន្តប្រើប្រាស់ដោយគ្មានការកែប្រែនោះ ប្រទេសទាំងនោះនឹងកាន់តែបាត់បង់ម្ចាស់ការ និងជួបវិបត្តិកាន់តែធ្ងន់ធ្ងរ»៕
ដោយៈ សរ សុជាតិ