បម្រែបម្រួល នៃវិស័យអចលនទ្រព្យតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសវៀតណាម នាពេលបច្ចុប្បន្នកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សពីការបង្កើតត្រឹមតែរមណីយដ្ឋានទេសចរណ៍មកជាបណ្តុំទីក្រុងលំនៅឋានទំនើបៗ ដែលគ្របដណ្តប់លើផ្ទៃដីរាប់ពាន់ហិកតាតាមបណ្តោយឆ្នេរសមុទ្រដ៏វែងអន្លាយរបស់ប្រទេស។ ក្នុងនោះក្រុមហ៊ុន Vinhomes ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅវៀតណាម និងជាបុត្រសម្ព័ន្ធរបស់ Vingroup កំពុងឈានមុខគេក្នុងការអភិវឌ្ឍលំនៅឋានជិត១៦ម៉ឺនយូនីត នៅក្នុងគម្រោងទីក្រុងឆ្នេរសមុទ្រធំៗចំនួនបីរួមមាននៅខេត្ត ក្វាងនិញ, ក្រុងដាណាង និងតំបន់ភាគខាងត្បូងនៃទីក្រុងហូជីមិញ។
ជាមួយគ្នានេះក្រុមហ៊ុន Sun Group ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់ Vinhomes ក៏កំពុងបង្កើនល្បឿនអភិវឌ្ឍគម្រោងចម្រុះ ដែលរួមបញ្ចូលទាំងលំនៅឋាន រមណីយដ្ឋាន និងតំបន់ពាណិជ្ជកម្មនៅជិតឆ្នេរសមុទ្រល្បីៗដូចជា ថាញ់ហាវ (Thanh Hoa), ញ៉ាត្រាង (Nha Trang) និងវង់តាវ (Vung Tau) ជាដើម។ ក្រៅពីក្រុមហ៊ុនយក្សទាំងពីរនេះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍កម្រិតមធ្យម និងតូចៗជាច្រើនទៀត កំពុងហក់មកវិនិយោគក្នុងទម្រង់ស្រដៀងគ្នានេះដែរ។
លោកស្រី ង្វៀន ហ្វាយអាន (Nguyen Hoai An) នាយកជាន់ខ្ពស់នៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Vietnam ប្រចាំសាខាទីក្រុងហាណូយ បានវាយតម្លៃថា នេះគឺជារបត់ប្តូរមុខមាត់ថ្មី នៃក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកាលពីមុនផ្តោតតែលើវិស័យបដិសណ្ឋារកិច្ចសម្រាប់អ្នកវិនិយោគរយៈពេលខ្លីទៅជាការបង្កើតទីក្រុងលំនៅធំៗសម្រាប់ការរស់នៅរយៈពេលវែងនៅក្នុងទីផ្សារតាមបណ្តាខេត្តជាប់ឆ្នេរវិញ។
លោកស្រីបានបន្ថែមថា គម្រោងទីក្រុងគំរូតាមឆ្នេរទាំងនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លើយតបទាំងតម្រូវការរបស់អ្នកទិញក្នុងស្រុកដែលរស់នៅផ្ទាល់ និងអ្នករស់នៅទីក្រុងធំៗ ដែលកំពុងស្វែងរកទិញលំនៅឋានទីពីរសម្រាប់លំហែកាយ និងវិនិយោគនាពេលអនាគត៕
ដោយៈ សរ សុជាតិ