មូលនិធិរូបិយវត្ថុអន្តរជាតិបានអះអាងថា សេដ្ឋកិច្ចពិភពលោកទប់ទល់នឹងវិបត្តិថាមពលបានល្អជាងការរំពឹងទុក ដោយប្រទេសមួយចំនួនបានប្រើប្រាស់ថាមពលបម្រុង ស្វែងរកប្រភពថាមពលជំនួស និងកាត់បន្ថយតម្រូវការ។ ប៉ុន្តែតម្លៃប្រេង និងឧស្ម័ននៅតែខ្ពស់ដែលនេះបង្ហាញថា ផលប៉ះពាល់ពីសង្គ្រាមនៅមិនទាន់ចប់នៅឡើយទេ។
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនក្នុងរង្វង់៣% ក្នុងឆ្នាំ២០២៦ ដែលទាបជាងកំណើនជាមធ្យម៣,៥% ក្នុងឆ្នាំ២០២៤ និង២០២៥។ IMF គ្រោងចេញផ្សាយការព្យាករណ៍ថ្មីអំឡុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយធនាគារពិភពលោកនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា។
ទន្ទឹមនេះបំណុលសាធារណៈសកលកំពុងកើនឡើងជិតដល់១០០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលជាកម្រិតខ្ពស់បំផុតមួយចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនក៏កំពុងប្រឈមសម្ពាធលើសន្ទនីយភាព ឬលទ្ធភាពទទួលបានសាច់ប្រាក់ងាយស្រួលយកមកប្រើប្រាស់។
ទន្ទឹមនឹងនេះ IMF ជំរុញឱ្យបណ្ដាធនាគារកណ្តាលបន្តគ្រប់គ្រងអតិផរណា និងជំរុញឱ្យរដ្ឋាភិបាលនានារៀបចំផែនការរយៈពេលមធ្យម ដើម្បីកាត់បន្ថយបំណុល និងឱនភាពថវិកា។ សម្រាប់ពេលនេះ សេដ្ឋកិច្ចពិភពលោកនៅតែបង្ហាញភាពធន់នៅឡើយ ប៉ុន្តែ IMF ព្រមានថា ភាពមិនប្រាកដប្រជា និងហានិភ័យនៅតែមានកម្រិតខ្ពស់ ដែលគួរបង្កើនការប្រុងប្រយ័ត្ន៕
ដោយ: តែម សុខុម