វេទិកានេះ ប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងកសិកម្ម និងកិច្ចការអភិវឌ្ឍន៍ជនបទចិន និងមជ្ឈមណ្ឌលកាត់បន្ថយភាពក្រីក្រអន្តរជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន (IPRCC) ដោយមានកាអញ្ជើញចូលរួមពីគណៈប្រតិភូប្រទេសកំពុងអភិវឌ្ឍចំនួន ៥៤ និងអង្គការអន្តរជាតិចំនួន ៩។ កម្មវិធីបើកវេទិកាសកលនេះ ក៏មានការថ្លែងសុន្ទរកថាពីសំណាក់ឯកឧត្តម Liu Guozhong ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (តាមរយៈការអានសារដោយឯកឧត្តម Stephen Jackson អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិប្រចាំសាធារណរដ្ឋប្រជាមានិតចិន) និងឯកឧត្តម Mariano Assanami Sabino ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងអំពីភាពជោគជ័យរបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ គឺជាសមិទ្ធផលអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងសម័យទំនើប ដោយបានរំដោះប្រជាជនចិនជាង ៨០០ លាននាក់ ឱ្យចាកផុតពីភាពក្រីក្រ ក្នុងរយៈពេលបួនទសវត្សរ៍ចុងក្រោយនេះ។ ក្នុងន័យនេះ កម្ពុជាសូមស្វាគមន៍ភាពជាដៃគូសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development - GPPAD) ដែលជាវេទិកាសកលសម្រាប់ការចែករំលែកបទពិសោធ និងការរៀនសូត្រពីគ្នាទៅវិញទៅមក ក្នុងខណៈដែលការកាត់បន្ថយភាពក្រីក្រនៅតែជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពសកលឆ្នាំ២០៣០ កាន់តែខិតជិតចូលមកដល់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីបទពិសោធរបស់កម្ពុជា ជូនអង្គវេទិកាសកល ដោយបានគូសរំលេចថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាបានស្តារឡើងវិញនូវសន្តិភាព, ការបើកចំហសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មចូលក្នុងតំបន់និងសកលលោក។ សន្តិភាពនេះបានផ្តល់ទំនុកចិត្តដល់ប្រជាជនកម្ពុជាថា “ថ្ងៃស្អែកនឹងប្រសើរជាងថ្ងៃម្សិលមិញ”។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយបន្តយកប្រជាជនជាស្នូល និងជាអាទិភាពទី១ និងដើម្បីធ្វើឱ្យកំណើនកាន់តែមានអត្ថន័យសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសនៅតាមតំបន់ជនបទ តាមរយៈការលើកកម្ពស់ប្រាក់ចំណូល, ការបង្កើតការងារសមរម្យ, ការវិនិយោគលើមូលធនមនុស្ស និងការពង្រឹងប្រព័ន្ធគាំពារសង្គម ព្រមទាំងការកសាងភាពជាដៃគូដែលផ្តល់លទ្ធផលជាក់ស្តែង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ មិនមែនបង្ហាញពីគំរូដ៏ល្អឥតខ្ចោះនោះទេ ឬចម្លងតាមគំរូណាមួយនោះទេ ប៉ុន្តែគឺការចូលរួមចែករំលែកនូវបទពិសោធរបស់កម្ពុជា ពីជម្លោះឆ្ពោះទៅសន្តិភាព, ពីការស្តារឡើងវិញឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច និងពីកំណើនសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់ជាងមុន។ ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ការកាត់បន្ថយភាពក្រីក្រ គឺពិតជាអាចសម្រេចទៅបាន តាមរយៈការរក្សាឱ្យបាននូវសន្តិភាព, ការអភិវឌ្ឍដែលយកប្រជាជនជាស្នូល, ការពង្រឹងធនធានមនុស្ស ព្រមទាំងកិច្ចសហការរវាងប្រទេសនិងប្រទេស ប្រកបដោយភាពបើកចំហ និងភាពជាដៃគូដ៏ពិតប្រាកដ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ភាពជាដៃគូនៅតែជាកត្តាស្នូលសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ហើយភាពរីកចម្រើននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ មិនអាចកាត់ផ្តាច់បានឡើយពីតួនាទី កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់ប្រទេសចិន នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ កម្ពុជាមានជំនឿយ៉ាងមុតមាំថា ដំណាក់កាលថ្មីនៃភាពជាដៃគូកម្ពុជា-ចិន ក្រោមក្របខណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នឹងកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ដោយនាំមកនូវលទ្ធផលផ្លែផ្កា និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា ការកាត់បន្ថយភាពក្រីក្រទាមទារនូវបរិស្ថាននៃកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ ហើយក៏គ្មានប្រទេសណាមួយអាចសម្រេចកិច្ចការនេះតែម្នាក់ឯងដែរ។ ទន្ទឹមនេះ ប្រទេសកំពុងអភិវឌ្ឍត្រូវការស្ថិរភាពទីផ្សារ, ការវិនិយោគ, បច្ចេកវិទ្យា, ខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយភាពធន់ និងកាលានុវត្តភាពប្រកបដោយសមធម៌ ដើម្បីអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ឈរលើមូលដ្ឋាននេះ ពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្មប្រកបដោយសមធម៌និងបរិយាបន្ន ព្រមទាំងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព នៅតែជាកត្តាចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ក៏ប៉ុន្តែ កិច្ចការទាំងនេះទាមទារនូវសណ្តាប់ធ្នាប់ពិភពលោកមួយដែលមានភាពរឹងមាំ។ ក្នុងបរិបទនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ
តួនាទីដ៏សំខាន់របស់ប្រទេសចិន ក្នុងកិច្ចអភិវឌ្ឍន៍អន្តរជាតិ ជាពិសេសក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និង
«គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល» ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា នេះគឺជាមូលហេតុនៃការចូលរួមរបស់កម្ពុជានៅក្នុង GPPAD ។