ទោះបីជាបច្ចុប្បន្នកងទ័ពថៃ នៅតែបន្តឈរជើង និងគ្រប់គ្រងទឹកដីកម្ពុជា ផ្នែកខ្លះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនតាមរយៈសកម្មភាពខុសច្បាប់ដូចជាការរាយបន្លាលួស ការដាក់ទូកុងតឺន័រ ការធ្វើសកម្មភាពសាសនា ព្រមទាំងការបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងណាក៏ដោយ ក៏លោក ស៊ីហាសាក់ ភួងកេតកែវ ប្រមុខការទូតថៃ នៅតែព្យាយាមបដិសេធពីតថភាពពិតទាំងនេះ បើទោះបីជាឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលាតត្រដាងបញ្ហានេះចំៗនៅកណ្តាលអង្គប្រជុំក៏ដោយ។
នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ដោយធ្លាប់បានឆ្លងកាត់ការរងទុក្ខវេទនា និងជម្លោះដ៏ជូរចត់អស់ជាច្រើនទសវត្សរ៍ កម្ពុជា ផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និងជឿជាក់យ៉ាងមុតមាំថា ជម្លោះទាំងឡាយត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនា យន្តការការទូត ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។
យ៉ាងណាមិញប្រមុខការទូតកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងការជំរុញឱ្យមានបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ អនុលោមតាមច្បាប់អន្តរជាតិ និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ព្រំដែន និងអធិបតេយ្យភាពជាតិមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងយោធា ឬតាមរយៈការបង្កើតអង្គហេតុ ដែលបានសម្រេចរួចរាល់ ដើម្បីកែប្រែស្ថានការណ៍នោះឡើយ។
ឯកឧត្តម ប្រាក់ សុខុន បានថ្លែងរំលេចចំៗយ៉ាងដូច្នេះថា៖«ទោះបីជាបទឈប់បាញ់ត្រូវបានបន្តរក្សាក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅក្នុងតំបន់ដែលកំពុងរងការទន្ទ្រានកាន់កាប់ នៅក្នុងទឹកដីរបស់កម្ពុជា។ ហេតុដូច្នេះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាំបាច់ត្រូវតែអនុវត្តឱ្យបានពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ទាំងស្រុង»។
ប្រមុខការទូតកម្ពុជា ក៏បានរំលឹកផងដែរថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ក៏ដូចជាការសន្ទនាដោយភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាសំខាន់បំផុតក្នុងការស្តារទំនុកចិត្តឡើងវិញ ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានោះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីទាំងនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ទាំងមូល។
ផ្ទុយទៅវិញឆ្លើយតបនឹងការឡើងឡើងរបស់ភាគីកម្ពុជា លោក ស៊ីហាសាក់ ភួងកេតកែវ ប្រមុខការទូតថៃ បែរជាបានលើកឡើងត្រឹមតែថា ថៃ នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះបទឈប់បាញ់រវាងប្រទេសទាំងពីរ និងចង់បោះជំហានឈានទៅមុខហួសពីបទឈប់បាញ់ ឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព។ លើសពីនេះ លោក ថែមទាំងបានអះអាងយ៉ាងរំភើយ ដោយផ្ទុយពីតថភាពជាក់ស្តែងនៅលើដីថា ប្រទេសថៃ មិនដែលស្វែងរកការទាមទារ ឬរំលោភបំពានណាមួយលើទឹកដីរបស់ប្រទេសជិតខាងនោះឡើយ៕
ដោយៈ សរ សុជាតិ