​វិស័យ SME

​អ្នកជំនាញចាត់ទុកការប្រកាសមូរដៃអាវជួយដោះស្រាយបញ្ហារបស់ សម្តេចធិបតី ជាការចាក់ចំចំណុចស្លាប់រស់របស់ SME


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា ជាពិសេសជុំវិញបញ្ហានីតិវិធី នៃការចុះបញ្ជីដែលមានភាពស្មុគស្មាញច្រើន ដោយបញ្ជាឱ្យក្រសួងស្ថាប័នមានសេវាសាធារណៈពាក់ព័ន្ធនឹងអាជីវកម្ម SME ត្រូវភ្ជាប់ចូលថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam-DX) ឱ្យរួចរាល់នៅត្រឹមចុងកញ្ញា ខាងមុខនេះ សំដៅលុបបំបាត់ការរត់ឯកសារនៅច្រើនកន្លែង ដែលធ្វើឱ្យម្ចាស់សហគ្រាសខាតបង់ទាំងពេលវេលា និងថវិការច្រើន។
​វិស័យ SME
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានចាត់ទុកការកែទម្រង់ភាពស្មុគស្មាញ នៃនីតិវិធីចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យមរបស់រាជរដ្ឋាភិបាល គឺជាចំណាត់ការឆ្លើយតបចំគោលដៅ នៃចំណុចស្លាប់រស់របស់សហគ្រាស SME បច្ចុប្បន្ន។ សម្រាប់អ្នកជំនាញរូបនេះ យន្តការនេះវានឹងជួយកាត់បន្ថយការចំណាយថ្លៃដើម និងពេលវេលា ជំរុញឱ្យអាជីវកម្មនៅក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ និងបង្កើននូវទំនុកចិត្តដល់សហគ្រិន និងអ្នកវិនិយោគ ដែលជំរុញឱ្យវិស័យឆ្អឹងខ្នងសេដ្ឋកិច្ចមួយនេះមានភាពធន់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ តែយ៉ាងណា ដើម្បីឱ្យចំណត់ការនេះសម្រេចជោគជ័យទៅបាន លោកបណ្ឌិតយល់ថា ទាមទារឱ្យមានការពង្រឹងការអនុវត្តនៅថ្នាក់ក្រោមឱ្យបានច្បាស់លាស់ និងគួរមានកញ្ចប់លើកទឹកចិត្តផ្នែកឥណទានដល់អាជីវកម្ម ដែលបានចុះបញ្ជីតាមថ្នាល Cam-DX ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានចាត់ទុកចំណាក់ការរបស់រាជរដ្ឋាភិបាល គឺជាកែទម្រង់ដ៏មានសំខាន់សម្រាប់សហគ្រាស SME នៅកម្ពុជា ដ្បិតថា ការភ្ជាប់សេវាទៅនឹងថ្នាល Cam-DX អាចជួយធ្វើឱ្យដំណើរការចុះបញ្ជីកាន់តែងាយស្រួល និងមានទិន្នន័យច្បាស់លាស់ ដែលនឹងជួយគាំទ្រភាពរីកចម្រើននៃសេដ្ឋកិច្ច។ បើតាមអ្នកជំនាញរូបនេះ អាជ្ញាធរពាក់ព័ន្ធគួរតែកំណត់ពេលវេលាឱ្យបានច្បាស់លាស់សម្រាប់ការអនុម័ត និងអនុញ្ញាតឱ្យអាជីវកម្មអាចតាមដានស្ថានភាព នៃពាក្យស្នើសុំចុះបញ្ជីតាមប្រព័ន្ធអនឡាញ និងជំរុញការផ្សព្វផ្សាយ និងបណ្តុះបណ្តាលដល់ម្ចាស់សហគ្រាស ដើម្បីឱ្យមានសមត្ថភាពប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែមានប្រសិទ្ធភាព។

យ៉ាងណាមិញ ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសហពន្ធ័សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រឈមធំៗដែលវិស័យ SME កម្ពុជា កំពុងជួបប្រទះ រួមមានបញ្ហាហិរញ្ញវត្ថុ និងដើមទុន កង្វះខាតចំណេះដឹងរៀបចំប្រព័ន្ធ កង្វះខាតបច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ការប្រកួតប្រជែងទីផ្សារ និងបញ្ហាអនុលោមភាព និងបទប្បញ្ញត្តិ។ ដូច្នេះអ្នកជំនាញរូបនេះរំពឹងថា តាមរយៈយន្តការដោះស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ នឹងជួយសម្រួលដោះស្រាយបញ្ហាប្រឈម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស SME កម្ពុជា ឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះលោកឧកញ៉ា ក៏បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមសហការឱ្យបានហ្មត់ចត់បំផុតផងដែរ។

គួរជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស SME នៅកម្ពុជា ដោយផ្ទាល់ បន្ទាប់ពីសម្តេចមើលឃើញនូវបញ្ហាស្មុគស្មាញជាច្រើន ដែលវិស័យនេះកំពុងជួបប្រទះ ពិសេសបញ្ហានីតិវិធីនៃការចុះបញ្ជីតែម្តង។ ដើម្បីជំរុញការចុះបញ្ជីសហគ្រាស SME ឱ្យបានកាន់តែងាយស្រួល លឿនរហ័ស សម្តេច បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់សេវាឌីជីថលរបស់ខ្លួនក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam-DX) ឱ្យរួចរាល់នៅដំណាច់ខែកញ្ញា ខាងមុខ ដើម្បីឱ្យម្ចាស់សហគ្រាសអាជីវកម្មអាចដាក់ឯកសារចុះបញ្ជីនានាបាននៅកន្លែងតែមួយ និងមានពេលកំណត់ច្បាស់លាស់៕




អត្ថបទបន្ទាប់


តើការដាក់ពន្ធគយ១០%របស់អាម៉េរិក អាចជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើប្រទេសជិតខាងយ៉ាងណាដែរ?

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានសម្រេចដាក់ចេញនូវពន្ធគយថ្មីក្នុងអត្រា ១០%លើទំនិញនាំចូលពីប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ការស៊ើបអង្ក…

ប្រសិន​បើកម្ពុជា ទិញវត្ថុធាតុដើមពីអាម៉េរិក សម្រាប់ឧស្សាហកម្មកាត់ដេរ តើជាការកាត់បន្ថយការពឹងផ្អែកលើចិន ឬជាយុទ្ធសាស្ត្ររក្សាភាពប្រកួតប្រជែងក្នុងទីផ្សារអាម៉េរិក?

កម្ពុជា កំពុងបង្កើនល្បឿនក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ តាមរយៈការចរចាជាមួយសហរដ្ឋអាម៉េរិក លើប្រព័ន្ធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ