​វិស័យឧស្សាហកម្ម

ប្រសិន​បើកម្ពុជា ទិញវត្ថុធាតុដើមពីអាម៉េរិក សម្រាប់ឧស្សាហកម្មកាត់ដេរ តើជាការកាត់បន្ថយការពឹងផ្អែកលើចិន ឬជាយុទ្ធសាស្ត្ររក្សាភាពប្រកួតប្រជែងក្នុងទីផ្សារអាម៉េរិក?


កម្ពុជា កំពុងបង្កើនល្បឿនក្នុងការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ តាមរយៈការចរចាជាមួយសហរដ្ឋអាម៉េរិក លើប្រព័ន្ធកូតាពិសេស ដែលអាចអនុញ្ញាតឱ្យនាំចូលវត្ថុធាតុដើមពីអាម៉េរិក មកកែច្នៃនៅកម្ពុជា ហើយនាំចេញត្រឡប់ទៅទីផ្សារអាម៉េរិកវិញ ដោយទទួលបានការលើកលែងពន្ធ និងកូតា។
​វិស័យឧស្សាហកម្ម
ដោយ

ក្រុមអ្នកជំនាញមើលឃើញថា ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះ មិនត្រឹមតែអាចកាត់បន្ថយការពឹងផ្អែកលើវត្ថុធាតុដើមពីប្រទេសចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខែលពង្រឹងអំណាចចរចាពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យវាយនភណ្ឌកម្ពុជា ក្នុងបរិបទដែលកម្ពុជា កំពុងរៀបចំខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ផងដែរ។ តើការផ្លាស់ប្តូរនេះនឹងប៉ះពាល់ដល់ថ្លៃដើមផលិតយ៉ាងណា ហើយកម្ពុជានឹងទាញយកផលប្រយោជន៍អ្វីខ្លះពីការធ្វើពិពិធកម្មនេះ?

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងកិច្ចសម្ភាសជាពិសេសជាមួយសារព័ត៌មាន Bloomberg ថា កម្ពុជាកំពុងស្ថិតក្នុងដំណើរការចរចាជាមួយសហរដ្ឋអាម៉េរិកអំពីការបង្កើតប្រព័ន្ធកូតា រួមជាមួយដៃគូពាណិជ្ជកម្មក្នុងតំបន់មួយចំនួនទៀតដូចជាបង់ក្លាដែស ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

យន្តការនេះផ្តោតសំខាន់លើការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរពីសហរដ្ឋអាម៉េរិកយកមកកែច្នៃបន្ថែមនៅកម្ពុជា ហើយបន្ទាប់មកនាំចេញត្រឡប់ទៅកាន់ទីផ្សារអាម៉េរិកវិញ ដោយទទួលបានការលើកលែងពន្ធ និងគ្មានការកម្រិតកូតា។ លោកជំទាវ បានសង្កត់ធ្ងន់ថា ការធ្វើសមាហរណកម្មខ្សែច្រវាក់ផលិតកម្មបែបនេះ នឹងជួយឱ្យកម្ពុជាមានសមត្ថភាពឆ្លើយតបកាន់តែប្រសើរចំពោះវត្ថុធាតុដើមដែលនាំចូល។

លើសពីនេះ ការទទួលបានវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ នឹងរញច្រានឱ្យផលិតផលសម្រេចចុងក្រោយមានស្តង់ដារកាន់តែល្អប្រសើរ ខណៈការមានប្រភពផ្គត់ផ្គង់ចម្រុះ គឺជាកត្តាស្នូលដែលអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវភាពប្រកួតប្រជែង និងសម្របខ្លួនបានលឿនក្នុងការកាត់បន្ថយថ្លៃដើម។

ជុំវិញបញ្ហានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ការធ្វើពិពិធកម្មប្រភពនាំចូលវត្ថុធាតុដើម គឺជាជំហានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវសម្រាប់វិស័យវាយនភណ្ឌកម្ពុជា។ កន្លងមកកម្ពុជាបានពឹងផ្អែកលើការនាំចូលក្រណាត់ពីប្រទេសចិនរហូតដល់ប្រមាណ៩៩% ដូច្នេះប្រសិនបើកម្ពុជាអាចពង្រីកប្រភពនាំចូលវត្ថុធាតុដើម ឬក្រណាត់ពីអាម៉េរិក និងបណ្តាប្រទេសផ្សេងៗមកផលិតបន្ថែម វានឹងជួយជំរុញទំហំផលិតកម្មក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន។

លោកបណ្ឌិត បានបន្តថា ទោះបីជាការនាំចូលវត្ថុធាតុដើម ឬក្រណាត់ពីអាម៉េរិកអាចមានតម្លៃខ្ពស់ជាងមុនប្រមាណ១០% ទៅ ១៥%ក៏ដោយ ប៉ុន្តែវានឹងក្លាយជាដើមទុន និងជាសញ្ញាវិជ្ជមានក្នុងការចរចាស្នើសុំឱ្យអាម៉េរិកបញ្ចុះពន្ធគយបដិការមកនៅកម្រិតទាបនាពេលខាងមុខ។ សម្រាប់អ្នកជំនាញរូបនេះ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធផលិតកម្ម និងទីផ្សារ គឺជាសញ្ញាណដ៏សំខាន់ក្នុងការរៀបចំខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC ប៉ុន្តែកម្ពុជា ក៏ត្រូវតែខិតខំពង្រឹងធនធានមនុស្ស និងបង្កើនប្រសិទ្ធភាពនៃការលុបបំបាត់អំពើពុករលួយជាចាំបាច់ផងដែរ។

ទាក់ទិននឹងតុល្យភាពទំនាក់ទំនងអន្តរជាតិលោកជំទាវ ចម និម្មល បានបញ្ជាក់ថា នៅក្នុងដំណើរការផលិតកម្មប្រចាំថ្ងៃ កម្ពុជាតែងតែទាញយកផលប្រយោជន៍ និងការចូលរួមពីភាគីទាំងពីរ គឺទាំងអាម៉េរិក និងចិន ដែលជាទីផ្សារនាំចូល-នាំចេញធំបំផុតរបស់កម្ពុជា ដោយទំនាក់ទំនងនេះមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយផលប្រយោជន៍របស់ភាគីមួយនឹងមិនរំលោភលើផលប្រយោជន៍របស់ភាគីមួយទៀតឡើយ។ ជាក់ស្តែងកម្ពុជាកំពុងដើរតួនាទីជាវេទិកាតភ្ជាប់ ដែលអនុញ្ញាតឱ្យមានការកែច្នៃ និងការរំកិលសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យកាត់ដេរ ស្បែកជើង និងវាយនភណ្ឌ ឱ្យហូរចូល និងចេញទៅវិញទៅមកយ៉ាងរលូន។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងពិភាក្សាលើការតភ្ជាប់ប្រព័ន្ធអេឡិចត្រូនិក និងការធ្វើទំនើបកម្មប្រព័ន្ធគយ ដើម្បីសម្រួលដល់ភាពខុសគ្នា នៃនីតិវិធី រួមទាំងការដោះស្រាយបញ្ហាស្តង់ដារូបនីយកម្ម ការផ្តល់អាជ្ញាបណ្ណ និងនីតិវិធីផលិតកម្មផ្សេងៗ។ សម្រាប់កម្ពុជា កិច្ចពិភាក្សាទាំងនេះមានសារៈសំខាន់បំផុត ព្រោះវាបានឆ្លើយតបដោយផ្ទាល់ទៅនឹងរបៀបវារៈជាតិក្នុងការត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឱ្យបានជោគជ័យនៅឆ្នាំ២០២៩ ខាងមុខ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


​អ្នកជំនាញចាត់ទុកការប្រកាសមូរដៃអាវជួយដោះស្រាយបញ្ហារបស់ សម្តេចធិបតី ជាការចាក់ចំចំណុចស្លាប់រស់របស់ SME

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា ជាពិសេសជុំវិញបញ្ហានីតិវិ…

តើវិស័យធានារ៉ាប់រងនៅកម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះ និងបានរួមសំខាន់យ៉ាងណាក្នុងការជួយគាំទ្រសេដ្ឋកិច្ចជាតិ?

វិស័យធានារ៉ាប់រងត្រូវបានចាត់ទុកជាសំណាញ់សុវត្ថិភាព និងជាខែលការពារភាពធន់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ