ម្ចាស់សហគ្រាសផលិតសាប៊ូស្ពៃ បានចាត់ទុកការក្លែងបន្លំនេះថា ជាការបំបាក់ទឹកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម (SME) ក្នុងស្រុក ដែលទាមទារឱ្យអាជ្ញាធរបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពរីកចម្រើន នៃខ្សែច្រវាក់ផលិតកម្មក្នុងស្រុក។
លោកស្រី នុត សម្ផស្ស ម្ចាស់ក្រុមហ៊ុន LSV Industry ដែលជាសហគ្រាសផលិតសាប៊ូស្ពៃ ក្នុងស្រុក បានបង្ហាញក្តីក្តុកក្តួល និងឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីរងគ្រោះដោយសារការរំលោភបំពានម៉ាកយីហោយ៉ាងធ្ងន់ធ្ងរ ក្រោយមានជនខិលខូចបានលួចនាំចូលសាប៊ូមានប្រភពមកពីប្រទេសចិន មកវេចខ្ចប់បន្លំធ្វើជាផលិតផលរបស់ខ្លួន។ ម្ចាស់សហគ្រាសរូបនេះ បានចាត់ទុកទង្វើបំពានម៉ាកសញ្ញាអាជីវកម្មនេះថា ជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនក្នុងស្រុក ដែលកំពុងប្រឹងប្រែងជំរុញវិស័យ SME កម្ពុជា ឱ្យរីកចម្រើន។
ជុំវិញការក្លែងបន្លំម៉ាកយីហោនេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឱ្យដឹងថា បន្ទាប់ពីទទួលបណ្តឹងពីម្ចាស់ផលិតផលសាប៊ូម៉ាកស្ពៃខាងលើ មន្រ្តី ក.ប.ប. ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញា សហការជាមួយម្ចាស់ផលិតផល បានចុះត្រួតពិនិត្យឆែកឆេរនៅទីតាំងមួយកន្លែងនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានម្ចាស់ជាជនជាតិចិន បានរកឃើញផលិតផលសាប៊ូម៉ាកស្ពៃ សង្ស័យក្លែងក្លាយសរុបចំនួន៧០២កេស ឬស្មើនឹងជិត៧តោន និងរកឃើញសាប៊ូក្លែងក្លាយម៉ាក EMPRESS ៣ប្រភេទ ចំនួន៤១ដបផងដែរក្នុងការចុះត្រួតពិនិត្យនៅផ្សារអូរឬស្សី។
បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា បច្ចុប្បន្នអគ្គនាយកដ្ឋាន ក.ប.ប. កំពុងបន្តនីតិវិធីស៊ើបសង្កេត ស្រាវជ្រាវកសាងរកភស្តុតាង និងយកចម្លើយជនពាក់ព័ន្ធ ដើម្បីអនុវត្តនីតិវិធីបន្ត។ យ៉ាងណាមិញចំពោះផលិតផលក្លែងក្លាយ និងបន្លំម៉ាកសញ្ញាទាំងនោះ ក.ប.ប សហការជាមួយតំណាងក្រុមហ៊ុនបានប្រមូលត្រឡប់ពីទីផ្សារ ដើម្បីចាត់ការតាមនីតិវិធីបច្ចេកទេស ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន៕