អាជីវកម្មបូមខ្សាច់

តើការបូមខ្សាច់ពិតជាធ្វើឱ្យមានការបាក់ច្រាំងទន្លេ ឬយ៉ាងណា?


ថ្មីៗនេះបញ្ហាបាក់ច្រាំងទន្លេ និងប្រតិបត្តិការអាជីវកម្មបូមខ្សាច់បានក្លាយជាប្រធានបទក្ដៅគគុកដែលត្រូវបានគេជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គម ក្រោយមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងក្រុមហ៊ុនអាជីវកម្មបូមខ្សាច់មួយ។ ឆ្លើយតបនឹងបញ្ហានេះមន្ត្រីជំនាញនៃក្រសួងរ៉ែ និងថាមពល បានចេញមុខពន្យល់ថា ការបាក់ច្រាំងទន្លេអាចចបណ្តាលមកពីកត្តាធម្មជាតិផង និងកត្តាមនុស្សផង ជាពិសេសគឺការបូមខ្សាច់ខុសបច្ចេកទេស និងគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។
អាជីវកម្មបូមខ្សាច់
ដោយ

ជុំវិញរឿងរ៉ាវនេះ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកតាមដានស្ថានការណ៍សង្គមបានលើកឡើងពីទិដ្ឋភាពពីរជ្រុងទាំងគុណសម្បត្តិ និងគុណវិបត្តិ ដោយស្នើឱ្យរដ្ឋាភិបាលពង្រឹងការវាយតម្លៃ និងការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុតលើក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើការបូមខ្សាច់។

លោក ម៉ា ចិត្រា សកម្មជនបរិស្ថាន និងសិទ្ធិមនុស្សបានពន្យល់ថា ជាទ្រឹស្តីទូទៅនៅពេលមានការកាយ ឬបូមយកខ្សាច់ក្នុងបរិមាណច្រើនលើសកម្រិត វានឹងធ្វើឱ្យបាត់បង់ជើងទ្រទប់លំនឹងដី ដែលជាហេតុចម្បងបង្កឱ្យមានការបាក់ស្រុតច្រាំងទន្លេ។ ជុំវិញក្តីព្រួយបារម្ភនេះ លោកយល់ថា រដ្ឋាភិបាលគួរតែដាក់ចេញគោលនយោបាយហាមរាល់សកម្មភាពបូមខ្សាច់នៅក្បែរតំបន់ទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋ ដោយគួរងាកទៅធ្វើអាជីវកម្មនៅតំបន់ដែលគ្មានមនុស្សរស់នៅវិញ។

សកម្មជនរូបនេះ ក៏បានគូសបញ្ជាក់បន្ថែមថា ការបកស្រាយផ្នែកបច្ចេកទេសរបស់មន្ត្រីជំនាញ គឺនៅមិនទាន់អាចក្តោបក្ដាប់គ្រប់ជ្រុងជ្រោយនៅឡើយទេ ដោយអាជ្ញាធរគួរតែចុះពិភាក្សា និងស្ដាប់ពីក្ដីកង្វល់របស់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ ដែលជាអ្នករងគ្រោះជាក់ស្ដែង។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានលើកឡើងថា អាជីវកម្មបូមខ្សាច់អាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិដើរទន្ទឹមគ្នា។ សម្រាប់គុណសម្បត្តិ ការបូមខ្សាច់បានជួយស្តារលំហរផ្លូវទឹកជួយដល់ចរន្តនាវាចរណ៍ កាត់បន្ថយការនាំចូលខ្សាច់ពីបរទេស និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ថវិកាជាតិ។

ផ្ទុយទៅវិញ គុណវិបត្តិ ក៏មានទំហំធំធេងផងដែរ ប្រសិនបើការវាយតម្លៃ និងការជ្រើសរើសក្រុមហ៊ុនឯកជននៅមានចន្លោះប្រហោង គួបផ្សំនឹងការខ្វះខាតយន្តការតាមដានត្រួតពិនិត្យ ដែលនាំឱ្យកើតមានគ្រោះមហន្តរាយបាក់ច្រាំងទន្លេ។ ដូច្នេះលោកបណ្ឌិត ស្នើឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវធានានូវតម្លាភាព ដោយបើកទូលាយនូវរាល់ឯកសាររបាយការណ៍ និងព័ត៌មាននានាជាសាធារណៈ។

ពាក់ព័ន្ធបញ្ហានេះដែរឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់នៅក្នុងសន្និសីទកាលពីពេលថ្មីៗថា ការបាក់ច្រាំងមិនមែនបណ្តាលមកពីការបូមខ្សាច់ទាំងស្រុងនោះទេ ពោលគឺវាមានការរួមផ្សំពីកត្តាធម្មជាតិ និងកត្តាមនុស្ស។ កត្តាធម្មជាតិ ដោយសារទន្លេវាមានភាពបត់បែន ដូច្នេះពេលទឹកហក់ឡើងខ្ពស់វាបង្កើតឱ្យមានចរន្តទឹកហូរខ្លាំង ដែលធ្វើឱ្យមានការច្រោះដាច់ និងបាក់ស្រុតពេលស្រកចុះវិញ។ ចំណែកកត្តាមនុស្សរួមមានការបូមខ្សាច់ខុសបច្ចេកទេស និងការកសាងផ្លូវ និងផ្ទះនៅក្បែរច្រាំងពេកវាបានជួយបន្ថែមទម្ងន់ ដែលអាចធ្វើឱ្យមានការបាក់ច្រាំង។

យ៉ាងណាមិញ ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រសិនបើការបូមខ្សាច់ធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវនឹងមិនបណ្តាលឱ្យបាក់ច្រាំងទន្លេនោះទេ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រមូលចំណូលពីសួយសារអាករ និងអាករនាំចេញខ្សាច់បានជាង៤៥០លានដុល្លារ ខណៈចំណូលសរុបដែលបានពីការនាំចេញខ្សាច់ចូលថវិកាជាតិមានទំហំរហូតដល់ប្រមាណ៦០០លានដុល្លារ។

គួររំលឹកថា ការរៀបចំសន្និសីទសារព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី៥ ខែកក្កដា ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាដោយហិង្សារវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនបូមខ្សាច់មួយដែលមានអាជ្ញាបណ្ណត្រឹមត្រូវស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង រហូតឈានដល់ការគប់ដុំថ្មបណ្តាលឱ្យមានអ្នករបួសជាច្រើននាក់។ បច្ចុប្បន្នអាជ្ញាធរកំពុងដាក់ចេញយន្តការសម្របសម្រួល ដើម្បីបញ្ចៀសការយល់ច្រឡំ និងធានាថាមិនមានការប៉ះពាល់ដល់ក្រុមហ៊ុនដែលធ្វើអាជីវកម្មស្របតាមច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការបង្កើនទម្ងន់ដឹកជញ្ជូនពី៤០តោន ទៅ៥០តោន ជួយកាត់បន្ថយការចំណាយ និងធ្វើឱ្យទំនិញកម្ពុជា កាន់តែមានភាពប្រកួតប្រជែង

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជួយសម្រាលបន្ទុកការចំណាយរបស់វិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា កំពុងពន្លឿន…

ប៉ូលិសថៃ ឆ្មក់ចូលបង្ក្រាបទីតាំងផលិត-ចែកចាយស្រាក្លែងក្លាយ៨ទីតាំង ដោយរឹបអូសបានជិត៧ពាន់ដប

ខណៈដែលរាជរដ្ឋាភិបាលថៃ ខំប្រឹងប្រកាសក្តែងៗនឹងរុញច្រានវិស័យទេសចរណ៍ឱ្យក្លាយជាស្នូលសេដ្ឋកិច្ចជាតិ តែការពិតទៅបញ្ហាសន្តិសុខចំណីអាហារ និងការបណ្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ