យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times នៅថ្ងៃទី១៧ ខែសីហា បានឱ្យដឹងថា ប៊ិច១ដើមនេះមានចារឹកអក្សរយ៉ាងច្បាស់ថា SM Lee Kuan Yew ត្រូវបានដាក់លក់ដេញថ្លៃតាមប្រព័ន្ធអនឡាញតាំងពីថ្ងៃទី៤ ខែសីហា មកម៉្លេះ។ តម្លៃចុងក្រោយដែលដេញថ្លៃបាននេះបានស្ទុះហក់ឡើងដល់ជិត១០ដងលើសពីការរំពឹងទុកដំបូងរបស់ Hotlotz ដែលដើមឡើយព្យាករណ៍ថា នឹងលក់បានត្រឹមតែចន្លោះពី៣០,០០០ ដល់ ៥០,០០០ ដុល្លារប៉ុណ្ណោះ។ ប៊ិចនេះត្រូវបានលោក លី ក្វាន់យូ ប្រើប្រាស់ជាប្រចាំក្នុងអំឡុងពេលដែលលោកកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៤ ដែលជាដំណាក់កាលចុងក្រោយ នៃមគ្គទេសក៍ដឹកនាំរដ្ឋរបស់លោក បន្ទាប់ពីបានកាន់តំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣១ឆ្នាំ។
ប៊ិចនេះត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ពីប្រាក់សុទ្ធលម្អដោយចំណុចពណ៌មាសភ្លឺចាំង និងមានក្បាលប៊ិចធ្វើពីមាសសុទ្ធ។ គួររំឭកថា ប៊ិចនេះត្រូវបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥២,០០០ដុល្លារនៅក្នុងព្រឹត្តិការណ៍ដេញថ្លៃមួយកាលពីខែកក្កដា ឆ្នាំ២០០៣។ នៅក្នុងព្រឹត្តិការណ៍ដេញថ្លៃជាប្រវត្តិសាស្ត្រនោះរៃអង្គាសថវិកាបានជាង២លានដុល្លារសម្រាប់មូលនិធិមនុស្សធម៌ ក៏មានប៊ិចម៉ាក Waterman ពណ៌ខ្មៅមួយដើមទៀត ដែលលោក លី ក្វាន់យូ ធ្លាប់ប្រើក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរដ្ឋធម្មនុញ្ញសិង្ហបុរីឆ្នាំ១៩៥៧ នៅទីក្រុងឡុងដ៍ ត្រូវបានពាណិជ្ជករមិនបញ្ចេញឈ្មោះម្នាក់ទិញយកក្នុងតម្លៃ៣៥០,០00ដុល្លារផងដែរ។
កិច្ចព្រមព្រៀងដែលលោក លី ក្វាន់យូ ប្រើប្រាស់ប៊ិច Waterman ចុះហត្ថលេខាកាលណោះ គឺជាឯកសារគ្រឹះប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលបានបើកផ្លូវឱ្យសិង្ហបុរីទទួលបានអធិបតេយ្យភាព និងការគ្រប់គ្រងវាសនាខ្លួនឯងពេញលេញពីចក្រភពអង់គ្លេស៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស