ក្រុមព្រះរាជអាជ្ញា បានលាតត្រដាងថា សកម្មភាពដ៏គ្រោះថ្នាក់នេះ ធ្វើឡើងក្នុងគោលបំណងបង្កាត់ភ្លើងសង្គ្រាម និងបង្កើតស្ថានការណ៍ក្លែងក្លាយ ដើម្បីធ្វើជាលេសប្រកាសច្បាប់អាជ្ញាសឹក ក្តោបក្តាប់អំណាចផ្ដាច់ការ កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ប៉ុន្តែត្រូវបរាជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian, AFP និងទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃសុក្រ ទី១២ ខែមិថុនា នេះ។
យោងតាមការសម្រេចសាលក្រមពីតុលាការកណ្តាលក្រុងសេអ៊ូល បានរកឃើញថា អតីតប្រធានាធិបតីលោក យូន ស៊ុកយ៉ុល ពិតជាមានទោសទណ្ឌកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរពីបទរំលោភអំណាចប្រាកដមែន។ តុលាការបានបញ្ជាក់ថា លោកបានសមគំនិតលាក់កំបាំង ក្នុងការរៀបចំប្រឌិតប្រតិបត្តិការឈ្លានពានក្លែងក្លាយ ដោយប្រើយន្តហោះដ្រូនហោះចូលទឹកដីកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៤។ បើតាមក្រុមព្រះរាជអាជ្ញាពិសេសបានសង្កត់ធ្ងន់ថា ការប៉ុនប៉ងបង្កើតព្រឹត្តិការណ៍ឱ្យដូចជាមានសង្គ្រាមផ្ទុះឡើងនេះ បានរុញច្រានសន្តិសុខជាតិកូរ៉េខាងត្បូង ឱ្យធ្លាក់ចូលក្នុងហានិភ័យដ៏គ្រោះថ្នាក់បំផុត។
ទោះជាយ៉ាងណាក៏ដោយ លោក យូន ស៊ុកយ៉ុល ដែលបច្ចុប្បន្នកំពុងតែជាប់ឃុំឃាំងនៅក្នុងពន្ធនាគារស្រាប់ពីបទល្មើសផ្សេងនោះ បានចេញមុខបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនេះ។ ក្រុមមេធាវីការពារក្តីរបស់លោក បានព្យាយាមជួយដោះសារថា លោក យូន មិនបានបញ្ជា ឬដឹងឮលើប្រតិបត្តិការដ្រូននោះឡើយ ហើយរឿងរ៉ាវនេះ ក៏មិនមានការពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនោះដែរ។ ផ្ទុយទៅវិញ ក្រុមមេធាវីបានបង្វែរដានថា វាគ្រាន់តែជាវិធានការវាយបក និងឆ្លើយតបទៅនឹងទង្វើរបស់កូរ៉េខាងជើង ដែលបានបង្ហោះប៉េងប៉ោងផ្ទុកកាកសំណល់ និងសំរាមកខ្វក់ ឆ្លងកាត់ព្រំដែនចូលមកយាយីបំពុលកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនខែតែប៉ុណ្ណោះ។
គួររំឮកផងដែរថា កាលពីខែតុលា ឆ្នាំ២០២៤ កន្លងទៅរបបដឹកនាំក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន បានចោទប្រកាន់ចំៗថា ក្រុងសេអ៊ូល បានលបបង្ហោះយន្តហោះដ្រូនចូលទៅក្នុងដែនអាកាសក្រុងព្យុងយ៉ាង រហូតដល់ទៅ៣លើក ដើម្បីទម្លាក់ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង។ កាលណោះ លោក គីម យ៉ុងហ៊ុន (Kim Yong-hyun) ដែលជារដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងបានចេញមុខបដិសេធបែបស្រពេចស្រពិល និងមិនច្បាស់លាស់ មុនពេលក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍បិទបាំងថា ខ្លួនមិនអាចបញ្ជាក់ ឬបដិសេធការចោទប្រកាន់ទាំងនេះបានឡើយ ដែលវាបានធ្វើឱ្យភាពតានតឹងរវាងបងប្អូនសត្រូវកូរ៉េទាំងពីរហក់ឡើងកម្តៅដល់ចំណុចកំពូល ប៉ុន្តែសំណាងល្អដែលមិនទាន់ឈានដល់ការផ្ទុះអាវុធដាក់គ្នា៕
អត្ថបទៈ សួន ឡង់ទី